គម្ពីរសញ្ញាថ្មី

កិច្ចការ 8:1-14 Khmer Christian Bible (KCB)

1. រីឯ​លោក​សុល​ក៏​បាន​យល់ស្រប​សម្លាប់​លោក​ស្ទេផាន​ដែរ។​ នៅ​ថ្ងៃ​នោះ​មាន​ការ​បៀតបៀន​ជា​ខ្លាំង​មក​លើ​ក្រុម​ជំនុំ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ ហើយ​អ្នកជឿ​ទាំង​អស់​បាន​ខ្ចាត់ខ្ចាយ​ទៅ​ពាសពេញ​តំបន់​នានា​ក្នុង​ស្រុក​យូដា​ និង​ស្រុក​សាម៉ារី​ លើកលែង​តែ​ពួក​សាវក។​

2. ពេល​នោះ​ពួក​ប្រុសៗ​ដែល​កោតខ្លាច​ព្រះជាម្ចាស់​ បាន​យក​សព​លោក​ស្ទេផាន​ទៅ​បញ្ចុះ​ ហើយ​យំ​ស្រណោះ​គាត់​យ៉ាង​ខ្លាំង​

3. រីឯ​លោក​សុល​បាន​បំផ្លាញ​ក្រុម​ជំនុំ​ ដោយ​ចូល​ទៅ​ចាប់​អូស​ពួក​អ្នកជឿ​ទាំង​ប្រុស​ទាំង​ស្រី​នៅ​តាម​ផ្ទះ​យក​ទៅ​ដាក់​គុក។​

4. រីឯ​ពួក​អ្នក​ដែល​បាន​ខ្ចាត់ខ្ចាយ​ទៅ​នោះ​បាន​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ ទាំង​ប្រកាស​ព្រះបន្ទូល​ផង។​

5. ពេល​នោះ​លោក​ភីលីព​បាន​ចុះ​ទៅ​ក្រុង​មួយ​ក្នុង​ស្រុក​សាម៉ារី​ ហើយ​ប្រកាស​ប្រាប់​ពួកគេ​អំពី​ព្រះគ្រិស្ដ​

6. ពេល​បណ្ដាជន​បាន​ស្ដាប់​ និង​បាន​ឃើញ​ទីសំគាល់​អស្ចារ្យ​នានា​ដែល​គាត់​បាន​ធ្វើ​ ពួកគេ​ទាំង​អស់​គ្នា​ក៏​យក​ចិត្ដ​ទុក​ដាក់​ស្ដាប់​អ្វី​ដែល​គាត់​បាន​និយាយ​

7. ដ្បិត​ពួក​វិញ្ញាណ​អាក្រក់​ដែល​បាន​ចូល​មនុស្ស​ជាច្រើន​ ពួកវា​បាន​ចេញ​មក​ ទាំង​ស្រែក​ខ្លាំងៗ​ ហើយ​មនុស្ស​ស្លាប់​ដៃ​ជើង​ និង​មនុស្ស​ខ្វិន​ជាច្រើន​ត្រូវ​បាន​ប្រោស​ឲ្យ​ជា​

8. ដូច្នេះ​ហើយ​ក៏​មាន​អំណរ​ជា​ខ្លាំង​នៅ​ក្នុង​ក្រុង​នោះ។​

9. នៅ​ក្នុង​ក្រុង​នោះ​ មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ដែល​កាល​ពី​មុន​ធ្លាប់​ប្រើ​មន្ដ​អាគម​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ក្នុង​ស្រុក​សាម៉ារី​ស្ញប់ស្ញែង ​ព្រមទាំង​បាន​អះអាង​ថា​ខ្លួន​ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់​

10. មនុស្ស​ទាំងអស់​ចាប់​ពី​អ្នក​តូច​ដល់​អ្នក​ធំ​បាន​យកចិត្ដ​ទុកដាក់​ស្ដាប់​គាត់​ ទាំង​និយាយ​ថា៖​ «មនុស្ស​នេះ​ហើយ​ដែល​គេ​ហៅ​ថា អំណាច​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់»​

11. ដោយ​គាត់​បាន​ធ្វើ​ឲ្យ​ពួកគេ​ស្ញប់ស្ញែង​ចំពោះ​មន្ដ​អាគម​របស់​គាត់​យូរ​មក​ហើយ​ បានជា​ពួកគេ​យក​ចិត្ដ​ទុកដាក់​ស្ដាប់​គាត់​ដូច្នេះ​

12. ប៉ុន្ដែ​ពេល​ពួកគេ​ជឿ​ដំណឹង​ល្អ​ ដែល​លោក​ភីលីព​បាន​ប្រកាស​អំពី​នគរ​ព្រះជាម្ចាស់​ និង​អំពី​ព្រះនាម​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ពួកគេ​ក៏​ទទួល​ពិធី​ជ្រមុជទឹក​ទាំង​ប្រុស​ ទាំង​ស្រី​

13. សូម្បីតែ​លោក​ស៊ីម៉ូន​ផ្ទាល់​ក៏​បាន​ជឿ​ដែរ​ ហើយ​ក្រោយ​ពី​ទទួល​ពិធី​ជ្រមុជទឹក​រួច​ គាត់​ក៏​នៅ​ជាមួយ​លោក​ភីលីព​តទៅ​ទៀត​ ហើយ​គាត់​បាន​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង​ ពេល​គាត់​បាន​ឃើញ​ទីសំគាល់​ និង​ការ​អស្ចារ្យ​ធំៗ​ដែល​កំពុង​កើតឡើង។​

14. បន្ទាប់មក​ពេល​ពួក​សាវក​នៅ​ក្នុង​ក្រុង​យេរូសាឡិម​បាន​ឮ​ថា​ ស្រុក​សាម៉ារី​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ពួកគេ​ក៏​ចាត់​លោក​ពេត្រុស​ និង​លោក​យ៉ូហាន​ឲ្យ​ទៅ​ឯ​អ្នក​ទាំង​នោះ​

សូមអានជំពូកពេញលេញ កិច្ចការ 8