9. ហើយបុព្វបុរសទាំងនោះបានលក់លោកយ៉ូសែបទៅស្រុកអេស៊ីព្ទ ដោយព្រោះតែសេចក្ដីច្រណែន ប៉ុន្ដែព្រះជាម្ចាស់បានគង់នៅជាមួយលោកយ៉ូសែប
10. ហើយបានរំដោះគាត់ឲ្យរួចពីសេចក្ដីវេទនាទាំងឡាយ ព្រមទាំងបានប្រទានឲ្យគាត់មានប្រាជ្ញា និងជាទីគាប់ចិត្ដនៅចំពោះស្ដេចស្រុកអេស៊ីព្ទ។ ដូច្នេះស្ដេចក៏តែងតាំងគាត់ឲ្យធ្វើជាអ្នកគ្រប់គ្រងលើស្រុកអេស៊ីព្ទ និងលើដំណាក់ទាំងមូលរបស់ស្ដេច។
11. គ្រានោះកើតមានគ្រោះអត់ឃ្លានពាសពេញស្រុកអេស៊ីព្ទ និងស្រុកកាណានបណ្ដាលឲ្យមានសេចក្ដីវេទនាជាខ្លាំង រីឯដូនតារបស់យើងរកអាហារមិនបានសោះ
12. ពេលលោកយ៉ាកុបបានឮថានៅស្រុកអេស៊ីព្ទមានស្រូវ គាត់ក៏ចាត់ដូនតារបស់យើងឲ្យទៅជាលើកទីមួយ
13. នៅលើកទីពីរ លោកយ៉ូសែបបានបង្ហាញខ្លួនឲ្យបងៗរបស់គាត់ស្គាល់ ហើយស្ដេចស្រុកអេស៊ីព្ទក៏បានដឹងអំពីគ្រួសាររបស់លោកយ៉ូសែប
14. លោកយ៉ូសែបបានចាត់គេឲ្យទៅអញ្ជើញលោកយ៉ាកុបជាឪពុករបស់គាត់ និងសាច់ញាតិទាំងចិតសិបប្រាំនាក់របស់គាត់ឲ្យមក