គម្ពីរសញ្ញាថ្មី

កិច្ចការ 7:40-48 Khmer Christian Bible (KCB)

40. ដោយ​និយាយ​ទៅ​លោក​អើរ៉ុន​ថា​ ចូរ​ឆ្លាក់​រូប​ព្រះ​ឲ្យ​យើង​ ជា​ព្រះ​ដែល​នាំ​មុខ​យើង​ ដ្បិត​លោក​ម៉ូសេ​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ យើង​មិន​ដឹង​ថា​មាន​អ្វី​កើតឡើង​ដល់​គាត់​ទេ​

41. នៅ​ពេល​នោះ​ គេ​ក៏​ធ្វើ​រូប​កូនគោ​មួយ​ ហើយ​ថ្វាយ​យញ្ញបូជា​ដល់​រូប​នោះ​ទាំង​នាំ​គ្នា​អរ​សប្បាយ​នឹង​ស្នាដៃ​របស់​ពួកគេ​

42. ដូច្នេះ​ព្រះជាម្ចាស់​ក៏​បែរ​ព្រះភក្ដ្រ​ចេញ​ពី​ពួកគេ​ ហើយ​បាន​ប្រគល់​ពួកគេ​ឲ្យ​ទៅ​បម្រើ​ពល​បរិវារ​នៅ​លើ​មេឃ​ ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​អ្នក​នាំ​ព្រះបន្ទូល​ថា​ ឱ​ពូជពង្ស​អ៊ីស្រាអែល​អើយ!​ រយៈ​ពេល​សែសិប​ឆ្នាំ​នៅ​ទីរហោឋាន​នោះ​ តើ​អ្នក​រាល់គ្នា​បាន​យក​សត្វ​តង្វាយ​ និង​យញ្ញបូជា​មក​ថ្វាយ​ដល់​យើង​ដែរ​ឬ​ទេ?​

43. អ្នក​រាល់គ្នា​បែរជា​សែន​រោង​ម៉ូឡុក​ និង​ផ្កាយ​រេមផាន់​ជា​ព្រះ​របស់​អ្នក​រាល់គ្នា​ គឺ​ជា​រូបព្រះ​ដែល​អ្នក​រាល់គ្នា​បាន​ធ្វើ​សម្រាប់​ថ្វាយបង្គំ​ ដូច្នេះ​យើង​នឹង​បញ្ជូន​អ្នក​រាល់គ្នា​ទៅ​ឯ​នាយ​ស្រុក​បាប៊ីឡូន។​

44. ដូនតា​របស់​យើង​មាន​រោង​នៃ​សេចក្ដី​បន្ទាល់​នៅ​ទីរហោឋាន​ គឺ​ដូច​ដែល​ព្រះអង្គ​បាន​បង្គាប់​លោក​ម៉ូសេ​ឲ្យ​ធ្វើ​តាម​គំរូ​ដែល​គាត់​បាន​ឃើញ​

45. ដូនតា​របស់​យើង​ក៏​ទទួល​រោង​នោះ​តៗ​គ្នា​តាម​ជំនាន់​ ព្រមទាំង​បាន​នាំ​យក​ទៅ​ជាមួយ​លោក​យ៉ូស្វេ​នៅ​គ្រា​កាន់កាប់​ទឹកដី​របស់​សាសន៍​ដទៃ​ ដែល​ព្រះជាម្ចាស់​បាន​បណ្ដេញ​ពួកគេ​ចេញ​ពី​មុខ​ដូនតា​របស់​យើង​រហូត​ដល់​ជំនាន់​ស្ដេច​ដាវីឌ​

46. ដែល​បាន​ជា​ទី​គាប់​ព្រះ​ហឫទ័យ​នៅ​ចំពោះ​ព្រះភក្ដ្រ​របស់​ព្រះជាម្ចាស់​ ហើយ​ស្ដេច​បាន​សុំ​សង់​ដំណាក់​សម្រាប់​ព្រះ​នៃ​ពូជពង្ស​របស់​លោក​យ៉ាកុប​

47. ប៉ុន្ដែ​ជា​ស្ដេច​សាឡូម៉ូន​ទេ​តើ​ ដែល​បាន​សង់​ដំណាក់​ថ្វាយ​ព្រះជាម្ចាស់​

48. ទោះជា​យ៉ាង​ណា​ក៏​ដោយ​ ព្រះ​ដ៏​ខ្ពស់​បំផុត​មិន​គង់​នៅ​ក្នុង​កន្លែង​ដែល​សង់​ឡើង​ដោយ​ដៃ​មនុស្ស​ទេ​ ដូច​ដែល​អ្នក​នាំ​ព្រះបន្ទូល​បាន​ថ្លែង​ទុក​ថា​

សូមអានជំពូកពេញលេញ កិច្ចការ 7