គម្ពីរសញ្ញាថ្មី

កិច្ចការ 7:26-40 Khmer Christian Bible (KCB)

26. នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​ប្រទះ​ឃើញ​ពួកគេ​កំពុង​វាយតប់​គ្នា​ ហើយ​គាត់​បាន​ព្យាយាម​ផ្សះផ្សា​ពួកគេ​ឲ្យ​ត្រូវ​គ្នា​វិញ​ ដោយ​និយាយ​ថា​ បងប្អូន​អើយ!​ ពួកអ្នក​ជា​បងប្អូន​នឹង​គ្នា​ ហេតុអ្វី​ក៏​បង្ក​របួស​ស្នាម​ដល់​គ្នា​ដូច្នេះ?​

27. ប៉ុន្ដែ​អ្នក​ដែល​កំពុង​បង្ក​របួស​ស្នាម​ដល់​ម្នាក់​ទៀត​បាន​ច្រាន​គាត់​ ទាំង​និយាយ​ថា​ តើ​អ្នកណា​តែងតាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹកនាំ​ និង​ជា​ចៅក្រម​សម្រាប់​យើង?​

28. តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ​ដូចជា​អ្នក​បាន​សម្លាប់​ជនជាតិ​អេស៊ីព្ទ​ម្នាក់​កាល​ពី​ម្សិលមិញ​ដែរ​ឬ?​

29. ពេល​ឮ​សំដី​ដូច្នេះ​ លោក​ម៉ូសេ​ក៏​ភៀសខ្លួន​ទៅ​ស្រុក​ម៉ាឌាន​ ហើយ​រស់នៅ​ជា​ជន​បរទេស​នៅ​ស្រុក​នោះ​ គាត់​បង្កើត​បាន​កូនប្រុស​ពីរ​នាក់។​

30. សែសិប​ឆ្នាំ​ក្រោយ​មក​ មាន​ទេវតា​មួយ​រូប​បាន​បង្ហាញ​ខ្លួន​ឲ្យ​គាត់​ឃើញ​នៅ​ទីរហោឋាន​ភ្នំ​ស៊ីណាយ​ គឺ​នៅ​ក្នុង​អណ្ដាត​ភ្លើង​ដែល​កំពុង​ឆេះ​គុម្ព​បន្លា។​

31. ពេល​លោក​ម៉ូសេ​បាន​ឃើញ​ទិដ្ឋភាព​ដូច្នេះ​ គាត់​ក៏​ឆ្ងល់​ ហើយ​នៅ​ពេល​គាត់​ចូល​ទៅ​ជិត​ដើម្បី​ពិនិត្យ​មើល​ឲ្យ​ច្បាស់​ ស្រាប់តែ​មាន​សំឡេង​របស់​ព្រះអម្ចាស់​មាន​បន្ទូល​ថា​

32. យើង​ជា​ព្រះ​នៃ​ដូនតា​របស់​អ្នក​ ជា​ព្រះ​របស់​អ័ប្រាហាំ​ អ៊ីសាក​ និង​យ៉ាកុប​ ពេល​នោះ​លោក​ម៉ូសេ​ភ័យញ័រ​មិន​ហ៊ាន​មើល​ទេ​

33. ព្រះអម្ចាស់​មាន​បន្ទូល​មក​គាត់​ទៀត​ថា​ ចូរ​ដោះ​ស្បែកជើង​របស់​អ្នក​ចេញ​ ដ្បិត​កន្លែង​ដែល​អ្នក​កំពុង​ឈរ​នេះ​ជា​ដី​បរិសុទ្ធ​

34. យើង​បាន​ឃើញ​បាន​យល់​ពី​ទុក្ខ​វេទនា​របស់​ប្រជារាស្ដ្រ​យើង​នៅ​ស្រុក​អេស៊ីព្ទ​ និង​បាន​ឮ​ពី​ការ​ស្រែកថ្ងូរ​របស់​ពួកគេ​ហើយ​ ដូច្នេះ​ហើយ​បានជា​យើង​ចុះ​មក​ដើម្បី​រំដោះ​ពួកគេ​ ចូរ​មក​ឥឡូវ​នេះ​ យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ស្រុក​អេស៊ីព្ទ។​

35. លោក​ម៉ូសេ​នេះ​ហើយ​ ដែល​គេ​បាន​បដិសេធ​គាត់​ដោយ​និយាយ​ថា​ តើ​អ្នកណា​តែងតាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹកនាំ​ និង​ជា​ចៅក្រម?​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ចាត់​លោក​ម៉ូសេ​ដដែល​នេះ​ឲ្យ​ទៅ​ធ្វើ​ជា​មេ​ដឹកនាំ​ និង​ជា​អ្នក​ជួយ​រំដោះ​តាម​រយៈ​ដៃ​របស់​ទេវតា​ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យ​គាត់​ឃើញ​នៅ​ក្នុង​គុម្ព​បន្លា​នោះ។​

36. លោក​ម្នាក់​នេះ​ហើយ​ ដែល​បាន​នាំ​ពួកគេ​ចេញ​ដោយ​បាន​ធ្វើ​ការ​អស្ចារ្យ​ និង​ទីសំគាល់​នានា​នៅ​ស្រុក​អេស៊ីព្ទ​ នៅ​សមុទ្រ​ក្រហម​ និង​នៅ​ទីរហោឋាន​អស់​រយៈ​ពេល​សែសិប​ឆ្នាំ។​

37. លោក​ម៉ូសេ​នេះ​ហើយ​ ដែល​បាន​និយាយ​ទៅ​កូនចៅ​អ៊ីស្រាអែល​ថា​ ព្រះជាម្ចាស់​នឹង​តាំង​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់​ដូចជា​ខ្ញុំ​ដែរ​ពី​ក្នុង​ចំណោម​បងប្អូន​របស់​អ្នក​រាល់គ្នា​ សម្រាប់​អ្នក​រាល់​គ្នា។​

38. លោក​ម៉ូសេ​នេះ​ហើយ​ដែល​បាន​នៅ​ក្នុង​ចំណោម​ពួក​អ្នក​នៅ​ទីរហោឋាន​ជាមួយ​ដូនតា​របស់​យើង​ និង​ទេវតា​ដែល​បាន​ថ្លែង​ព្រះបន្ទូល​ដល់​គាត់​នៅ​លើ​ភ្នំ​ស៊ីណាយ​ ហើយ​គាត់​បាន​ទទួល​ព្រះបន្ទូល​ដ៏​មាន​ជីវិត​មក​ប្រគល់​ឲ្យ​យើង​រាល់គ្នា។​

39. ដូនតា​របស់​យើង​មិន​ព្រម​ស្ដាប់​បង្គាប់​គាត់​ទេ​ ផ្ទុយ​ទៅ​វិញ​ពួកគេ​បាន​ច្រាន​គាត់​ចោល​ ហើយ​ក្នុង​ចិត្ដ​របស់​ពួកគេ​នឹក​ចង់​ត្រលប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ​

40. ដោយ​និយាយ​ទៅ​លោក​អើរ៉ុន​ថា​ ចូរ​ឆ្លាក់​រូប​ព្រះ​ឲ្យ​យើង​ ជា​ព្រះ​ដែល​នាំ​មុខ​យើង​ ដ្បិត​លោក​ម៉ូសេ​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ យើង​មិន​ដឹង​ថា​មាន​អ្វី​កើតឡើង​ដល់​គាត់​ទេ​

សូមអានជំពូកពេញលេញ កិច្ចការ 7