គម្ពីរសញ្ញាថ្មី

កិច្ចការ 7:17-33 Khmer Christian Bible (KCB)

17. នៅពេល​ដែល​សេចក្ដី​សន្យា​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ជាមួយ​លោក​អ័ប្រាហាំ​ជិត​បាន​សម្រេច​ នោះ​ប្រជាជន​របស់​យើង​ក៏​មាន​ចំនួន​ច្រើន​ឡើងៗ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​

18. រហូត​ដល់​មាន​ស្ដេច​មួយ​អង្គ​ទៀត​ដែល​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ ឡើង​គ្រងរាជ្យ​លើ​ស្រុក​អេស៊ីព្ទ។​

19. ស្ដេច​នោះ​បាន​ប្រើ​ល្បិច​អាក្រក់​មក​លើ​ជនជាតិ​របស់​យើង​ ព្រមទាំង​បាន​ធ្វើបាប​ដូនតា​របស់​យើង​ ដោយ​ឲ្យ​បំបរបង់​កូនៗ​របស់​ពួកគេ​ចោល​ដើម្បី​កុំ​ឲ្យ​មាន​ជីវិត​រស់​

20. គឺ​ពេល​នោះ​ហើយ​ ដែល​លោក​ម៉ូសេ​បាន​កើត​មក​ ហើយ​មាន​រូបរាង​ស្រស់​ស្អាត​នៅ​ចំពោះ​ព្រះជាម្ចាស់​ គាត់​ត្រូវ​បាន​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ​ឪពុក​របស់​គាត់​អស់​រយៈ​ពេល​បី​ខែ​

21. រួច​ក៏​ត្រូវ​បំបរបង់​ចោល​ ប៉ុន្ដែ​បុត្រី​របស់​ស្ដេច​ស្រុក​អេស៊ីព្ទ​បាន​យក​គាត់​មក​ចិញ្ចឹម​ធ្វើ​ជា​បុត្រ​របស់​ព្រះនាង។​

22. លោក​ម៉ូសេ​បាន​ទទួល​ការ​អប់រំ​គ្រប់​មុខ​វិជ្ជា​ទាំង​អស់​របស់​ជនជាតិ​អេស៊ីព្ទ​ ហើយ​គាត់​ពូកែ​ទាំង​នៅ​ក្នុង​ការ​និយាយ​ស្ដី​ និង​ការ​ប្រព្រឹត្ដិ។​

23. នៅពេល​គាត់​មាន​អាយុ​សែសិប​ឆ្នាំ​ គាត់​មាន​ចិត្ដ​ចង់​ទៅ​សួរ​សុខទុក្ខ​ពួក​កូនចៅ​អ៊ីស្រាអែល​ជា​បងប្អូន​របស់​គាត់។​

24. ពេល​គាត់​ឃើញ​គេ​ធ្វើបាប​បងប្អូន​របស់​គាត់​ម្នាក់​ គាត់​ក៏​ការពារ​ ហើយ​បាន​សង​សឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​ធ្វើបាប​ ដោយ​វាយ​សម្លាប់​ជនជាតិ​អេស៊ីព្ទ​នោះ​

25. ដ្បិត​គាត់​ស្មាន​ថា​ បងប្អូន​របស់​គាត់​មុខជា​យល់​ថា​ ព្រះជាម្ចាស់​ប្រទាន​សេចក្ដី​សង្គ្រោះ​ដល់​ពួកគេ​តាមរយៈ​ដៃ​របស់​គាត់​ ប៉ុន្ដែ​ពួកគេ​មិន​បាន​យល់​ដូច្នោះ​ឡើយ។​

26. នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​ប្រទះ​ឃើញ​ពួកគេ​កំពុង​វាយតប់​គ្នា​ ហើយ​គាត់​បាន​ព្យាយាម​ផ្សះផ្សា​ពួកគេ​ឲ្យ​ត្រូវ​គ្នា​វិញ​ ដោយ​និយាយ​ថា​ បងប្អូន​អើយ!​ ពួកអ្នក​ជា​បងប្អូន​នឹង​គ្នា​ ហេតុអ្វី​ក៏​បង្ក​របួស​ស្នាម​ដល់​គ្នា​ដូច្នេះ?​

27. ប៉ុន្ដែ​អ្នក​ដែល​កំពុង​បង្ក​របួស​ស្នាម​ដល់​ម្នាក់​ទៀត​បាន​ច្រាន​គាត់​ ទាំង​និយាយ​ថា​ តើ​អ្នកណា​តែងតាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹកនាំ​ និង​ជា​ចៅក្រម​សម្រាប់​យើង?​

28. តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ​ដូចជា​អ្នក​បាន​សម្លាប់​ជនជាតិ​អេស៊ីព្ទ​ម្នាក់​កាល​ពី​ម្សិលមិញ​ដែរ​ឬ?​

29. ពេល​ឮ​សំដី​ដូច្នេះ​ លោក​ម៉ូសេ​ក៏​ភៀសខ្លួន​ទៅ​ស្រុក​ម៉ាឌាន​ ហើយ​រស់នៅ​ជា​ជន​បរទេស​នៅ​ស្រុក​នោះ​ គាត់​បង្កើត​បាន​កូនប្រុស​ពីរ​នាក់។​

30. សែសិប​ឆ្នាំ​ក្រោយ​មក​ មាន​ទេវតា​មួយ​រូប​បាន​បង្ហាញ​ខ្លួន​ឲ្យ​គាត់​ឃើញ​នៅ​ទីរហោឋាន​ភ្នំ​ស៊ីណាយ​ គឺ​នៅ​ក្នុង​អណ្ដាត​ភ្លើង​ដែល​កំពុង​ឆេះ​គុម្ព​បន្លា។​

31. ពេល​លោក​ម៉ូសេ​បាន​ឃើញ​ទិដ្ឋភាព​ដូច្នេះ​ គាត់​ក៏​ឆ្ងល់​ ហើយ​នៅ​ពេល​គាត់​ចូល​ទៅ​ជិត​ដើម្បី​ពិនិត្យ​មើល​ឲ្យ​ច្បាស់​ ស្រាប់តែ​មាន​សំឡេង​របស់​ព្រះអម្ចាស់​មាន​បន្ទូល​ថា​

32. យើង​ជា​ព្រះ​នៃ​ដូនតា​របស់​អ្នក​ ជា​ព្រះ​របស់​អ័ប្រាហាំ​ អ៊ីសាក​ និង​យ៉ាកុប​ ពេល​នោះ​លោក​ម៉ូសេ​ភ័យញ័រ​មិន​ហ៊ាន​មើល​ទេ​

33. ព្រះអម្ចាស់​មាន​បន្ទូល​មក​គាត់​ទៀត​ថា​ ចូរ​ដោះ​ស្បែកជើង​របស់​អ្នក​ចេញ​ ដ្បិត​កន្លែង​ដែល​អ្នក​កំពុង​ឈរ​នេះ​ជា​ដី​បរិសុទ្ធ​

សូមអានជំពូកពេញលេញ កិច្ចការ 7