គម្ពីរសញ្ញាថ្មី

កិច្ចការ 7:12-24 Khmer Christian Bible (KCB)

12. ពេល​លោក​យ៉ាកុប​បាន​ឮ​ថា​នៅ​ស្រុក​អេស៊ីព្ទ​មាន​ស្រូវ​ គាត់​ក៏​ចាត់​ដូនតា​របស់​យើង​ឲ្យ​ទៅ​ជា​លើក​ទី​មួយ​

13. នៅ​លើក​ទីពីរ​ លោក​យ៉ូសែប​បាន​បង្ហាញ​ខ្លួន​ឲ្យ​បងៗ​របស់​គាត់​ស្គាល់​ ហើយ​ស្ដេច​ស្រុក​អេស៊ីព្ទ​ក៏​បាន​ដឹង​អំពី​គ្រួសារ​របស់​លោក​យ៉ូសែប​

14. លោក​យ៉ូសែប​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប​ជា​ឪពុក​របស់​គាត់​ និង​សាច់ញាតិ​ទាំង​ចិតសិប​ប្រាំ​នាក់​របស់​គាត់​ឲ្យ​មក​

15. ដូច្នេះ​លោក​យ៉ាកុប​បាន​ចុះ​ទៅ‍​ឯ​ស្រុក​អេស៊ីព្ទ​ ហើយ​គាត់​ និង​ដូនតា​របស់​យើង​បាន​ស្លាប់​នៅ​ទីនោះ។​

16. ពួកគេ​បាន​យក​សព​អ្នក​ទាំង​នោះ​ត្រលប់​មក​ក្រុង​ស៊ីគែម​វិញ​ ហើយ​បាន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​ដែល​លោក​អ័ប្រាហាំ​បាន​យក​ប្រាក់​មួយ​ចំនួន​ទិញ​ពី​កូនចៅ​របស់​លោក​ហេម័រ​នៅ​ក្រុង​ស៊ីគែម​

17. នៅពេល​ដែល​សេចក្ដី​សន្យា​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ជាមួយ​លោក​អ័ប្រាហាំ​ជិត​បាន​សម្រេច​ នោះ​ប្រជាជន​របស់​យើង​ក៏​មាន​ចំនួន​ច្រើន​ឡើងៗ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​

18. រហូត​ដល់​មាន​ស្ដេច​មួយ​អង្គ​ទៀត​ដែល​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ ឡើង​គ្រងរាជ្យ​លើ​ស្រុក​អេស៊ីព្ទ។​

19. ស្ដេច​នោះ​បាន​ប្រើ​ល្បិច​អាក្រក់​មក​លើ​ជនជាតិ​របស់​យើង​ ព្រមទាំង​បាន​ធ្វើបាប​ដូនតា​របស់​យើង​ ដោយ​ឲ្យ​បំបរបង់​កូនៗ​របស់​ពួកគេ​ចោល​ដើម្បី​កុំ​ឲ្យ​មាន​ជីវិត​រស់​

20. គឺ​ពេល​នោះ​ហើយ​ ដែល​លោក​ម៉ូសេ​បាន​កើត​មក​ ហើយ​មាន​រូបរាង​ស្រស់​ស្អាត​នៅ​ចំពោះ​ព្រះជាម្ចាស់​ គាត់​ត្រូវ​បាន​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ​ឪពុក​របស់​គាត់​អស់​រយៈ​ពេល​បី​ខែ​

21. រួច​ក៏​ត្រូវ​បំបរបង់​ចោល​ ប៉ុន្ដែ​បុត្រី​របស់​ស្ដេច​ស្រុក​អេស៊ីព្ទ​បាន​យក​គាត់​មក​ចិញ្ចឹម​ធ្វើ​ជា​បុត្រ​របស់​ព្រះនាង។​

22. លោក​ម៉ូសេ​បាន​ទទួល​ការ​អប់រំ​គ្រប់​មុខ​វិជ្ជា​ទាំង​អស់​របស់​ជនជាតិ​អេស៊ីព្ទ​ ហើយ​គាត់​ពូកែ​ទាំង​នៅ​ក្នុង​ការ​និយាយ​ស្ដី​ និង​ការ​ប្រព្រឹត្ដិ។​

23. នៅពេល​គាត់​មាន​អាយុ​សែសិប​ឆ្នាំ​ គាត់​មាន​ចិត្ដ​ចង់​ទៅ​សួរ​សុខទុក្ខ​ពួក​កូនចៅ​អ៊ីស្រាអែល​ជា​បងប្អូន​របស់​គាត់។​

24. ពេល​គាត់​ឃើញ​គេ​ធ្វើបាប​បងប្អូន​របស់​គាត់​ម្នាក់​ គាត់​ក៏​ការពារ​ ហើយ​បាន​សង​សឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​ធ្វើបាប​ ដោយ​វាយ​សម្លាប់​ជនជាតិ​អេស៊ីព្ទ​នោះ​

សូមអានជំពូកពេញលេញ កិច្ចការ 7