គម្ពីរសញ្ញាថ្មី

កិច្ចការ 5:5-23 Khmer Christian Bible (KCB)

5. កាល​លោក​អាណានាស​ឮ​ពាក្យ​ទាំង​នេះ​ហើយ​ គាត់​ក៏​ដួល​ដាច់​ខ្យល់​ស្លាប់​ទៅ​ ហើយ​អស់​អ្នក​ដែល​បាន​ឮ​អំពី​ហេតុការណ៍​នេះ​ ក៏​មាន​សេចក្ដី​កោតខ្លាច​ជា​ខ្លាំង។​

6. ពេលនោះ​ ពួក​យុវជន​ក៏​ក្រោក​ឡើង​រុំ​សព​គាត់​ ហើយ​សែង​យក​ទៅ​បញ្ចុះ។​

7. ប្រហែល​ជា​បី​ម៉ោង​ក្រោយ​មក​ ប្រពន្ធ​របស់​លោក​អាណានាស​ក៏​ចូល​មក​ដែរ​ ដោយ​មិន​ដឹង​អំពី​ហេតុការណ៍​ដែល​បាន​កើតឡើង​នោះ​ទេ។​

8. លោក​ពេត្រុស​ក៏​សួរ​នាង​ថា៖​ «សូម​ប្រាប់​ខ្ញុំ​មើល៍​ តើ​អ្នក​លក់​ដី​បាន​ប្រាក់​ប៉ុណ្ណឹង​មែន​ឬ?»​ នាង​ឆ្លើយ​ថា​ «ចា៎ស!​ ប៉ុណ្ណឹង​មែន»។​

9. ពេល​នោះ​លោក​ពេត្រុស​ក៏​និយាយ​ទៅ​នាង​ថា៖​ «ហេតុអ្វី​បាន​ជា​អ្នក​ព្រមព្រៀង​គ្នា​ល្បងល​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ដូច្នេះ?​ មើល៍​ ជើង​របស់​ពួក​អ្នក​ដែល​បញ្ចុះ​សព​ប្ដី​របស់​នាង​នៅ​មាត់​ទ្វារ​ហើយ​ ពួកគេ​នឹង​សែង​នាង​យកទៅ​ដែរ»។​

10. ភ្លាមនោះ​ នាង​ក៏​ដួល​នៅ​ទៀប​ជើង​របស់​លោក​ពេត្រុស​ ហើយ​ដាច់​ខ្យល់​ស្លាប់​ទៅ។​ ពេល​ពួក​យុវជន​ចូល​មក​ ហើយ​ឃើញ​នាង​ស្លាប់​ដូច្នេះ​ ពួកគេ​ក៏​សែង​នាង​យក​ទៅ​បញ្ចុះ​ក្បែរ​ប្ដី​របស់​នាង។​

11. ក្រុម​ជំនុំ​ទាំង​មូល​ ព្រមទាំង​អស់​អ្នក​ដែល​បាន​ឮ​អំពី​ហេតុការណ៍​នេះ​ មាន​សេចក្ដី​កោតខ្លាច​ជា​ខ្លាំង។​

12. មាន​ទីសំគាល់​ និង​ការ​អស្ចារ្យ​ជាច្រើន​បាន​កើតឡីង​នៅ​ក្នុង​ចំណោម​ប្រជាជន​ តាមរយៈ​ដៃ​របស់​ពួក​សាវក​ ហើយ​ពួកគេ​ទាំង​អស់​គ្នា​មាន​ចិត្ដ​គំនិត​តែ​មួយ​នៅ​ក្នុង​សាលា​សំណាក់​សាឡូម៉ូន​

13. រីឯ​អ្នក​ផ្សេង​ទៀត​ គ្មាន​អ្នកណា​ហ៊ាន​ចូល​រួម​ជាមួយ​ពួកគេ​ទេ​ ប៉ុន្ដែ​ទោះជា​យ៉ាងណា​ក្ដី​ ប្រជាជន​គោរព​ពួកគេ​

14. ហើយ​អស់​អ្នក​ដែល​បាន​ជឿ​ព្រះអម្ចាស់​ ទាំង​ប្រុស​ទាំង​ស្រី​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់​

15. ដូច្នេះ​ហើយ​បាន​ជា​មាន​គេ​សែង​ពួក​អ្នក​ជំងឺ​មក​ដាក់​នៅ​តាម​ផ្លូវ​ ហើយ​ផ្ដេក​អ្នក​ជំងឺ​ទាំង​នោះ​នៅ​លើ​គ្រែ​ស្នែង​ និង​កន្ទេល​ ដើម្បី​ពេល​លោក​ពេត្រុស​ដើរ​កាត់​ យ៉ាង​ហោច​ណាស់​ក៏​ស្រមោល​របស់​គាត់​បាំង​លើ​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​

16. ហើយ​មនុស្ស​ជាច្រើន​ដែល​នៅ​ក្នុង​ក្រុង​ទាំងឡាយ​ជុំវិញ​ក្រុងយេរូសាឡិម​បាន​នាំ​គ្នា​មក​ដែរ​ ដោយ​នាំ​យក​ពួក​អ្នក​ជំងឺ​ និង​អស់​អ្នក​ដែល​ត្រូវ​ពួក​វិញ្ញាណ​អាក្រក់​ធ្វើ​ទុក្ខ​មក​ជាមួយ​ ហើយ​អ្នក​ទាំង​នោះ​ក៏​ត្រូវ​បាន​ប្រោស​ឲ្យ​ជា​ទាំង​អស់​គ្នា។​

17. រីឯ​សម្ដេច​សង្ឃ​ និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​ ដែល​ជា​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​បាន​រួម​គ្នា​ប្រឆាំង​ ព្រោះ​ពួកគេ​ពេញ​ដោយ​សេចក្ដី​ច្រណែន​

18. ពួកគេ​បាន​ចាប់​ពួក​សាវក​ ហើយ​យក​ទៅ​ឃុំ​ទុក​នៅ​ក្នុង​គុក​សាធារណៈ។​

19. ប៉ុន្ដែ​នៅពេល​យប់​ ទេវតា​របស់​ព្រះអម្ចាស់​បាន​បើក​ទ្វារ​គុក​ ហើយ​នាំ​ពួកគេ​ចេញ​ ទាំង​និយាយ​ថា៖​

20. «ចូរ​ទៅ​ ហើយ​ឈរ​ប្រកាស​ប្រាប់​ប្រជាជន​នៅ​ក្នុង​ព្រះ​វិហារ​អំពី​អស់​ទាំង​ព្រះបន្ទូល​នៃ​ជីវិត​នេះ​ចុះ»។​

21. ពេល​ឮ​ដូច្នេះ​ហើយ​ ពួកគេ​ក៏​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ពី​ព្រលឹម​ ហើយ​ចាប់ផ្ដើម​បង្រៀន។​ កាល​សម្ដេច​សង្ឃ​ និង​ពួក​អ្នក​នៅ​ជាមួយ​បាន​មក​ដល់​ហើយ​ ពួកគេ​ក៏​កោះហៅ​ក្រុម​ប្រឹក្សា​កំពូល​ រួម​ទាំង​ក្រុម​ប្រឹក្សា​របស់​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​មក​ និង​បាន​ចាត់​គេ​ឲ្យ​ទៅ​គុក​ដើម្បី​នាំ​ពួក​សាវក​មក​

22. ប៉ុន្ដែ​កាល​ពួក​ឆ្មាំ​ព្រះ​វិហារ​បាន​ទៅ​ដល់​គុក​ ពួកគេ​មិន​បាន​ឃើញ​ពួក​សាវក​នៅ​ក្នុង​នោះ​ទេ​ ដូច្នេះ​ពួកគេ​ក៏​ត្រលប់​មក​រាយការណ៍​វិញ​

23. ថា៖​ «យើង​បាន​ឃើញ​គុក​ចាក់​សោ​ជាប់​យ៉ាង​មាំ​ ទាំង​មាន​អ្នកយាម​ឈរ​នៅ​មាត់​ទ្វារ​ ប៉ុន្ដែ​ពេល​យើង​បើក​ទ្វារ​ទៅ​ នោះ​គ្មាន​ឃើញ​អ្នកណា​ម្នាក់​នៅ​ក្នុង​នោះ​សោះ»។​

សូមអានជំពូកពេញលេញ កិច្ចការ 5