គម្ពីរសញ្ញាថ្មី

កិច្ចការ 5:29-38 Khmer Christian Bible (KCB)

29. ពេល​នោះ​លោក​ពេត្រុស​ និង​ពួក​សាវក​បាន​ឆ្លើយ​ថា៖​ «យើង​ត្រូវ​ស្ដាប់បង្គាប់​តាម​ព្រះជាម្ចាស់​ ជាជាង​ស្ដាប់​តាម​មនុស្ស​

30. ព្រះ​នៃ​ដូនតា​របស់​យើង​បាន​ប្រោស​ព្រះយេស៊ូ​ ដែល​ពួក​លោក​បាន​សម្លាប់​ដោយ​ព្យួរ​នៅ​លើ​ឈើឆ្កាង​ឲ្យ​រស់​ឡើង​វិញ។​

31. ព្រះយេស៊ូ​នេះ​ហើយ​ ដែល​ព្រះជាម្ចាស់​បាន​លើក​តម្កើង​ឲ្យ​នៅ​ខាង​ស្ដាំ​ព្រះអង្គ​ ធ្វើ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​ ដើម្បី​ប្រទាន​ការ​ប្រែចិត្ដ​ ព្រមទាំង​ការ​លើកលែង​ទោស​បាប​ដល់​ជនជាតិ​អ៊ីស្រាអែល​

32. រីឯ​យើង​ជា​សាក្សី​អំពី​ហេតុការណ៍​នេះ​ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ដល់​ពួក​អ្នក​ដែល​ស្ដាប់បង្គាប់​តាម​ព្រះអង្គ​ក៏​ជា​សាក្សី​ដែរ»។​

33. ពេល​ពួកគេ​ឮ​ដូច្នេះ​ ក៏​ខឹង​ជា​ខ្លាំង​ ហើយ​ចង់​សម្លាប់​ពួក​សាវក​ចោល​

34. ប៉ុន្ដែ​មាន​អ្នក​ខាង​គណៈ​ផារិស៊ី​ម្នាក់​ឈ្មោះ​កាម៉ាលាល​ ជា​គ្រូ​វិន័យ​ និង​ជា​អ្នក​ដែល​ប្រជាជន​គ្រប់​គ្នា​គោរព​ គាត់​បាន​ងើប​ឈរ​ឡើង​នៅ​ក្នុង​ក្រុម​ប្រឹក្សា​កំពូល​នោះ​ ហើយ​បាន​បង្គាប់​គេ​ឲ្យ​យក​ពួក​សាវក​ទាំង​នោះ​ទៅ​ខាង​ក្រៅ​បន្ដិច​សិន។​

35. បន្ទាប់​មក​ គាត់​ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «បងប្អូន​អ៊ីស្រាអែល​អើយ!​ ចូរ​ប្រយ័ត្ន​ខ្លួន​ពី​ការ​ដែល​បងប្អូន​ប៉ុនប៉ង​ធ្វើ​ចំពោះ​អ្នក​ទាំង​នេះ​

36. ដ្បិត​ពេល​ថ្មីៗ​កន្លង​មក​នេះ​ មាន​ម្នាក់​ឈ្មោះ​ធើដាស​បាន​អះអាង​ធ្វើ​ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់​ ហើយ​មនុស្ស​មួយ​ក្រុម​ដែល​មាន​គ្នា​ប្រហែល​បួនរយ​នាក់​បាន​ចូល​រួម​ជាមួយ​អ្នក​នោះ​ ប៉ុន្ដែ​អ្នក​នោះ​ក៏​ត្រូវ​គេ​សម្លាប់​ ហើយ​ពួក​អ្នក​ទាំងឡាយ​ដែល​ដើរ​តាម​គាត់​បាន​ខ្ចាត់ខ្ចាយ​អស់​

37. បន្ទាប់​ពី​ម្នាក់​នោះ​មក​ មាន​ម្នាក់​ទៀត​ឈ្មោះ​យូដាស​ជា​អ្នក​ស្រុក​កាលីឡេ​ បាន​ក្រោក​ឡើង​បះបោរ​នៅ​គ្រា​ធ្វើ​ជំរឿន​ប្រជាជន​ គាត់​បាន​អូសទាញ​មនុស្ស​មួយ​ចំនួន​ឲ្យ​ដើរ​តាម​គាត់។​ អ្នក​នេះ​ក៏​វិនាស​ដែរ​ ហើយ​ពួក​អ្នក​ដែល​ដើរ​តាម​គាត់​ទាំង​ឡាយ​ ក៏​ខ្ចាត់ខ្ចាយ​អស់​ដែរ​

38. ដូច្នេះ​ក្នុង​ករណី​នេះ​ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ទាំង​នេះ​ ហើយ​បណ្ដោយ​តាម​ពួកគេ​ចុះ​ ព្រោះ​បើ​គម្រោងការ​ ឬ​សកម្មភាព​នេះ​ជា​របស់​មនុស្ស​ នោះ​នឹង​ត្រូវ​វិនាស​មិន​ខាន​

សូមអានជំពូកពេញលេញ កិច្ចការ 5