គម្ពីរសញ្ញាថ្មី

កិច្ចការ 4:25-35 Khmer Christian Bible (KCB)

25. ហើយ​ព្រះអង្គ​បាន​មាន​បន្ទូល​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ តាមរយៈ​មាត់​របស់​ស្ដេច​ដាវីឌ​ជា​អ្នកបម្រើ​របស់​ព្រះអង្គ​ ដែល​ជា​ដូនតា​របស់​យើង​ថា​ ហេតុអ្វី​បាន​ជា​ជនជាតិ​ទាំងឡាយ​បង្ក​ចលាចល​ ហើយ​ប្រជាជន​ស្រមៃ​ពី​រឿង​ឥត​ប្រយោជន៍​ដូច្នេះ?​

26. ពួក​ស្ដេច​នៅលើ​ផែនដី​បាន​ត្រៀម​ប្រយុទ្ធ​ ពួក​មេ​ដឹកនាំ​បាន​ប្រមូល​គ្នា​ទាស់​នឹង​ព្រះអម្ចាស់​ ព្រមទាំង​ព្រះគ្រិស្ដ។​

27. ហើយ​នេះ​ជា​ការ​ពិត​ ដ្បិត​នៅក្នុង​ក្រុង​នេះ​ ស្ដេច​ហេរ៉ូឌ​ លោក​ប៉ុនទាស​ពីឡាត់​ សាសន៍​ដទៃ​ ព្រមទាំង​ប្រជាជន​អ៊ីស្រាអែល​បាន​រួម​គ្នា​ទាស់​នឹង​ព្រះយេស៊ូ​ជា​អ្នកបម្រើ​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ជ្រើសតាំង​

28. ឲ្យ​ធ្វើ​អ្វីៗ​ដែល​ព្រះហស្ដ​ និង​បំណង​របស់​ព្រះអង្គ​បាន​កំណត់​ទុក​ឲ្យ​កើតឡើង។​

29. ដូច្នេះ​ ព្រះអម្ចាស់​អើយ!​ ឥឡូវ​នេះ​ សូម​មើល​សេចក្ដី​គំរាម​របស់​ពួកគេ​ចុះ​ ហើយ​សូម​ប្រទាន​ឲ្យ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​បាន​ពេញ​ដោយ​សេចក្ដី​ក្លាហាន​ ដើម្បី​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអង្គ​

30. ដោយ​ព្រះអង្គ​លូក​ព្រះហស្ដ​មក​ប្រោស​ឲ្យ​ជា​ ព្រមទាំង​ធ្វើ​ឲ្យ​មាន​ទីសំគាល់​ និង​ការ​អស្ចារ្យ​កើតឡើង​តាមរយៈ​ព្រះនាម​របស់​ព្រះយេស៊ូ​ជា​អ្នកបម្រើ​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ»។​

31. ពេល​ពួកគេ​បាន​អធិស្ឋាន​រួច​ហើយ​ កន្លែង​ដែល​ពួកគេ​កំពុង​ជួប​ប្រជុំ​គ្នា​នោះ​ក៏​ញ័រ​រញ្ជួយ​ រីឯ​ពួកគេ​ក៏​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាំង​អស់​គ្នា​ ហើយ​ចាប់ផ្ដើម​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដោយ​ក្លាហាន។​

32. ពេលនោះ​ អស់​អ្នក​ដែល​បាន​ជឿ​មាន​ចិត្ដ​គំនិត​តែ​មួយ​ ហើយ​គ្មាន​អ្នកណា​ម្នាក់​និយាយ​ថា​ ទ្រព្យ​សម្បត្ដិ​ដែល​ខ្លួន​មាន​ជា​របស់​ខ្លួន​ឡើយ​ គឺ​អ្វីៗ​ទាំងអស់​របស់​ពួកគេ​ជា​របស់​រួម។​

33. ពួក​សាវក​បាន​ធ្វើ​ទីបន្ទាល់​យ៉ាង​មាន​អំណាច​អស្ចារ្យ​ អំពី​ការ​រស់​ឡើង​វិញ​របស់​ព្រះអម្ចាស់​យេស៊ូ​ ហើយ​ពួកគេ​ទាំង​អស់​គ្នា​ ក៏​ទទួល​បាន​ព្រះគុណ​ដ៏​លើស​លុប។​

34. នៅ​ក្នុង​ចំណោម​ពួកគេ​ គ្មាន​អ្នកណា​ម្នាក់​ខ្វះខាត​ឡើយ​ ដ្បិត​អស់​អ្នក​ដែល​មាន​ដី​ ឬ​មាន​ផ្ទះ​ គេ​បាន​លក់​ ហើយ​យក​ប្រាក់​ដែល​បាន​ពី​ការ​លក់​របស់​ទាំង​នោះ​

35. មក​ដាក់​នៅ​ទៀប​ជើង​របស់​ពួក​សាវក​ ហើយ​គេ​ក៏​ចែក​ឲ្យ​គ្រប់​គ្នា​តាម​ដែល​ម្នាក់ៗ​ត្រូវការ។​

សូមអានជំពូកពេញលេញ កិច្ចការ 4