គម្ពីរសញ្ញាថ្មី

កិច្ចការ 4:22-32 Khmer Christian Bible (KCB)

22. រីឯ​បុរស​ដែល​បាន​ទទួល​ការ​អស្ចារ្យ​នៃ​ការ​ប្រោស​ឲ្យ​ជា​នេះ​ គាត់​មាន​អាយុ​សែសិប​ឆ្នាំ​ជាង។​

23. ក្រោយពេល​គេ​ដោះលែង​រួច​ហើយ​ គាត់​ទាំង​ពីរ​នាក់​ក៏​ទៅ​ឯ​គ្នីគ្នា​របស់​ខ្លួន​ ហើយ​រៀបរាប់​សព្វគ្រប់​អំពី​អ្វី​ដែល​ពួក​សម្ដេច​សង្ឃ និង​ពួក​ចាស់ទុំ​បាន​និយាយ​មក​កាន់​ពួកគាត់។​

24. កាល​ពួកគេ​បាន​ឮ​ដូច្នោះ​ ពួកគេ​ក៏​បន្លឺ​សំឡេង​ព្រមៗ​គ្នា​ទូល​ទៅ​ព្រះជាម្ចាស់​ថា៖​ «ឱ​ព្រះអម្ចាស់​អើយ!​ គឺ​ព្រះអង្គ​ហើយ​ដែល​បាន​បង្កើត​ផ្ទៃមេឃ​ ផែនដី​ សមុទ្រ​ និង​អ្វីៗ​សព្វ​សារពើ​ដែល​នៅក្នុង​នោះ​ផង​

25. ហើយ​ព្រះអង្គ​បាន​មាន​បន្ទូល​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ តាមរយៈ​មាត់​របស់​ស្ដេច​ដាវីឌ​ជា​អ្នកបម្រើ​របស់​ព្រះអង្គ​ ដែល​ជា​ដូនតា​របស់​យើង​ថា​ ហេតុអ្វី​បាន​ជា​ជនជាតិ​ទាំងឡាយ​បង្ក​ចលាចល​ ហើយ​ប្រជាជន​ស្រមៃ​ពី​រឿង​ឥត​ប្រយោជន៍​ដូច្នេះ?​

26. ពួក​ស្ដេច​នៅលើ​ផែនដី​បាន​ត្រៀម​ប្រយុទ្ធ​ ពួក​មេ​ដឹកនាំ​បាន​ប្រមូល​គ្នា​ទាស់​នឹង​ព្រះអម្ចាស់​ ព្រមទាំង​ព្រះគ្រិស្ដ។​

27. ហើយ​នេះ​ជា​ការ​ពិត​ ដ្បិត​នៅក្នុង​ក្រុង​នេះ​ ស្ដេច​ហេរ៉ូឌ​ លោក​ប៉ុនទាស​ពីឡាត់​ សាសន៍​ដទៃ​ ព្រមទាំង​ប្រជាជន​អ៊ីស្រាអែល​បាន​រួម​គ្នា​ទាស់​នឹង​ព្រះយេស៊ូ​ជា​អ្នកបម្រើ​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ជ្រើសតាំង​

28. ឲ្យ​ធ្វើ​អ្វីៗ​ដែល​ព្រះហស្ដ​ និង​បំណង​របស់​ព្រះអង្គ​បាន​កំណត់​ទុក​ឲ្យ​កើតឡើង។​

29. ដូច្នេះ​ ព្រះអម្ចាស់​អើយ!​ ឥឡូវ​នេះ​ សូម​មើល​សេចក្ដី​គំរាម​របស់​ពួកគេ​ចុះ​ ហើយ​សូម​ប្រទាន​ឲ្យ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​បាន​ពេញ​ដោយ​សេចក្ដី​ក្លាហាន​ ដើម្បី​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអង្គ​

30. ដោយ​ព្រះអង្គ​លូក​ព្រះហស្ដ​មក​ប្រោស​ឲ្យ​ជា​ ព្រមទាំង​ធ្វើ​ឲ្យ​មាន​ទីសំគាល់​ និង​ការ​អស្ចារ្យ​កើតឡើង​តាមរយៈ​ព្រះនាម​របស់​ព្រះយេស៊ូ​ជា​អ្នកបម្រើ​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ»។​

31. ពេល​ពួកគេ​បាន​អធិស្ឋាន​រួច​ហើយ​ កន្លែង​ដែល​ពួកគេ​កំពុង​ជួប​ប្រជុំ​គ្នា​នោះ​ក៏​ញ័រ​រញ្ជួយ​ រីឯ​ពួកគេ​ក៏​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាំង​អស់​គ្នា​ ហើយ​ចាប់ផ្ដើម​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដោយ​ក្លាហាន។​

32. ពេលនោះ​ អស់​អ្នក​ដែល​បាន​ជឿ​មាន​ចិត្ដ​គំនិត​តែ​មួយ​ ហើយ​គ្មាន​អ្នកណា​ម្នាក់​និយាយ​ថា​ ទ្រព្យ​សម្បត្ដិ​ដែល​ខ្លួន​មាន​ជា​របស់​ខ្លួន​ឡើយ​ គឺ​អ្វីៗ​ទាំងអស់​របស់​ពួកគេ​ជា​របស់​រួម។​

សូមអានជំពូកពេញលេញ កិច្ចការ 4