គម្ពីរសញ្ញាថ្មី

កិច្ចការ 4:2-13 Khmer Christian Bible (KCB)

2. ទាំង​ទាស់​ចិត្ដ​ជា​ខ្លាំង​ ព្រោះ​អ្នក​ទាំង​ពីរ​បង្រៀន​បណ្ដាជន​ និង​ប្រកាស​អំពី​ការ​រស់​ពី​ស្លាប់​ឡើង​វិញ​តាមរយៈ​ព្រះយេស៊ូ។​

3. ពួកគេ​ក៏​ចាប់​អ្នក​ទាំង​ពីរ​ ហើយ​យក​ទៅ​ឃុំ​ទុក​ក្នុង​គុក​រហូត​ដល់​ថ្ងៃ​បន្ទាប់​ ដ្បិត​ពេល​នោះ​ល្ងាច​ណាស់​ហើយ​

4. ប៉ុន្ដែ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ មាន​មនុស្ស​ជាច្រើន​បាន​ជឿ​ គឺ​មាន​គ្នា​ចំនួន​ប្រហែល​ប្រាំ​ពាន់​នាក់។​

5. លុះ​ថ្ងៃ​បន្ទាប់​ពួក​មេ​ដឹកនាំ​ ពួក​ចាស់ទុំ​ និង​ពួក​គ្រូ​វិន័យ​ ក៏​ជួបជុំ​គ្នា​នៅក្នុង​ក្រុង​យេរូសាឡិម​

6. ជាមួយ​លោក​អាណ​ ជា​សម្ដេច​សង្ឃ​ លោក​កៃផា​ លោក​យ៉ូហាន​ និង​លោក​អ័លេក្សានត្រុស​ ព្រមទាំង​ពូជពង្ស​របស់​សម្ដេច​សង្ឃ​ទាំងអស់។​

7. ពេល​គេ​យក​អ្នក​ទាំង​ពីរ​មក​ដាក់​នៅ​កណ្ដាល​ចំណោម​ ហើយ​ក៏​សួរ​ថា៖​ «តើ​អ្នក​ទាំង​ពីរ​ធ្វើ​ការ​នេះ​ដោយ​អំណាច​អ្វី​ ឬ​ដោយ​ឈ្មោះ​របស់​អ្នកណា?»​

8. ពេលនោះ​ លោក​ពេត្រុស​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «ឱ​ពួក​អ្នក​ដឹកនាំ​ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​អើយ!​

9. បើ​អស់​លោក​សាក​សួរ​យើង​នៅ​ថ្ងៃ​នេះ​អំពី​ការ​ល្អ​ដែល​បាន​កើតឡើង​ចំពោះ​មនុស្ស​ពិការ​ម្នាក់​ថា​ គាត់​បាន​ជា​ដោយសារ​អ្វី​

10. នោះ​ចូរ​អស់​លោក​ ព្រមទាំង​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ចុះ​ថា​ គឺ​ដោយសារ​ព្រះនាម​ព្រះយេស៊ូ​គ្រិស្ដ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ ដែល​ពួក​លោក​បាន​ឆ្កាង​ ហើយ​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​នោះ​ហើយ​ ទើប​បុរស​នេះ​បាន​ឈរ​នៅ​ចំពោះ​មុខ​ពួក​លោក​ ទាំង​មាន​សុខភាព​ល្អ​ដូច្នេះ។​

11. ព្រះអង្គ​ហ្នឹង​ហើយ​ជា​ថ្ម​ដែល​ពួក​លោក​ជា​ជាង​សំណង់​បោះបង់​ចោល​ ប៉ុន្ដែ​ថ្ម​នេះ​បាន​ត្រលប់​ជា​ថ្ម​ដ៏​សំខាន់​នៅ​តាម​ជ្រុង។​

12. ហើយ​គ្មាន​សេចក្ដី​សង្គ្រោះ​តាមរយៈ​អ្នកណា​ទៀត​ឡើយ​ ដ្បិត​នៅ​ក្រោម​មេឃ​គ្មាន​ឈ្មោះ​ណា​ទៀត​ ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​មក​ក្នុង​ចំណោម​មនុស្ស​ ដើម្បី​ឲ្យ​យើង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​នោះ​ឡើយ»។​

13. ដូច្នេះ​ពេល​ពួកគេ​សង្កេត​ឃើញ​សេចក្ដី​ក្លាហាន​របស់​លោក​ពេត្រុស​ និង​លោក​យ៉ូហាន​ ហើយ​ក្រោយពី​បាន​យល់​ថា​ គាត់​ទាំង​ពីរ​ជា​មនុស្ស​មិន​បាន​រៀន​សូត្រ​ និង​មិន​សូវ​ចេះដឹង​ ពួកគេ​ក៏​ស្ញប់ស្ញែង​ ហើយ​ទទួល​ស្គាល់​ថា​ គាត់​ទាំង​ពីរ​នេះ​ធ្លាប់​នៅ​ជាមួយ​ព្រះយេស៊ូ​

សូមអានជំពូកពេញលេញ កិច្ចការ 4