10. នោះចូរអស់លោក ព្រមទាំងប្រជាជនអ៊ីស្រាអែលទាំងអស់ដឹងចុះថា គឺដោយសារព្រះនាមព្រះយេស៊ូគ្រិស្ដជាអ្នកក្រុងណាសារ៉ែត ដែលពួកលោកបានឆ្កាង ហើយព្រះជាម្ចាស់បានប្រោសឲ្យរស់ពីការសោយទិវង្គតឡើងវិញនោះហើយ ទើបបុរសនេះបានឈរនៅចំពោះមុខពួកលោក ទាំងមានសុខភាពល្អដូច្នេះ។
11. ព្រះអង្គហ្នឹងហើយជាថ្មដែលពួកលោកជាជាងសំណង់បោះបង់ចោល ប៉ុន្ដែថ្មនេះបានត្រលប់ជាថ្មដ៏សំខាន់នៅតាមជ្រុង។
12. ហើយគ្មានសេចក្ដីសង្គ្រោះតាមរយៈអ្នកណាទៀតឡើយ ដ្បិតនៅក្រោមមេឃគ្មានឈ្មោះណាទៀត ដែលព្រះជាម្ចាស់បានប្រទានមកក្នុងចំណោមមនុស្ស ដើម្បីឲ្យយើងទទួលបានសេចក្ដីសង្គ្រោះនោះឡើយ»។
13. ដូច្នេះពេលពួកគេសង្កេតឃើញសេចក្ដីក្លាហានរបស់លោកពេត្រុស និងលោកយ៉ូហាន ហើយក្រោយពីបានយល់ថា គាត់ទាំងពីរជាមនុស្សមិនបានរៀនសូត្រ និងមិនសូវចេះដឹង ពួកគេក៏ស្ញប់ស្ញែង ហើយទទួលស្គាល់ថា គាត់ទាំងពីរនេះធ្លាប់នៅជាមួយព្រះយេស៊ូ
14. ព្រមទាំងឃើញបុរសដែលបានជានោះកំពុងឈរជាមួយគាត់ទាំងពីរនាក់ទៀត នោះពួកគេគ្មានអ្វីឆ្លើយតបបានឡើយ។
15. ពេលនោះពួកគេបានបង្គាប់គាត់ទាំងពីរឲ្យចេញពីក្រុមប្រឹក្សាកំពូលទៅក្រៅ ហើយពួកគេក៏ពិគ្រោះគ្នាថា៖
16. «តើយើងត្រូវធ្វើដូចម្ដេចចំពោះមនុស្សទាំងនេះ? ដ្បិតតាមរយៈអ្នកទាំងនេះ ទីសំគាល់ជាក់ស្ដែងបានកើតឡើងចំពោះមនុស្សទាំងអស់ ដែលរស់នៅក្នុងក្រុងយេរូសាឡិម ហើយយើងក៏មិនអាចប្រកែកបានដែរ។
17. ដូច្នេះដើម្បីកុំឲ្យដំណឹងនេះលេចឮដល់ប្រជាជនតទៅទៀត យើងត្រូវគំរាមពួកគេកុំឲ្យនិយាយប្រាប់អ្នកណាទៀតដោយនូវឈ្មោះនេះ»។
18. បន្ទាប់មក ពួកគេក៏ហៅគាត់ទាំងពីរនាក់នោះចូលមកវិញ ហើយបានបង្គាប់មិនឲ្យនិយាយ ឬបង្រៀនដោយនូវឈ្មោះព្រះយេស៊ូនេះជាដាច់ខាត
19. ប៉ុន្ដែលោកពេត្រុស និងលោកយ៉ូហានបានឆ្លើយទៅពួកគេថា៖ «ចូរពួកលោកពិចារណាមើលចុះ តើជាការត្រឹមត្រូវនៅចំពោះព្រះជាម្ចាស់ដែរឬទេ ដែលឲ្យយើងស្ដាប់តាមពួកលោកជាជាងស្ដាប់តាមព្រះជាម្ចាស់នោះ
20. ដ្បិតយើងមិនអាចឈប់និយាយអំពីអ្វីដែលយើងបានឃើញ និងបានឮនោះទេ»។
21. ក្រោយពីបានគំរាមអ្នកទាំងពីរនោះថែមទៀតមក ពួកគេក៏ដោះលែងពួកគាត់ឲ្យទៅ ដោយរកហេតុដាក់ទោសពួកគាត់មិនបាន ព្រោះប្រជាជន ដ្បិតប្រជាជនទាំងអស់កំពុងសរសើរតម្កើងព្រះជាម្ចាស់ចំពោះអ្វីដែលបានកើតឡើង
22. រីឯបុរសដែលបានទទួលការអស្ចារ្យនៃការប្រោសឲ្យជានេះ គាត់មានអាយុសែសិបឆ្នាំជាង។
23. ក្រោយពេលគេដោះលែងរួចហើយ គាត់ទាំងពីរនាក់ក៏ទៅឯគ្នីគ្នារបស់ខ្លួន ហើយរៀបរាប់សព្វគ្រប់អំពីអ្វីដែលពួកសម្ដេចសង្ឃ និងពួកចាស់ទុំបាននិយាយមកកាន់ពួកគាត់។
24. កាលពួកគេបានឮដូច្នោះ ពួកគេក៏បន្លឺសំឡេងព្រមៗគ្នាទូលទៅព្រះជាម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ! គឺព្រះអង្គហើយដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើដែលនៅក្នុងនោះផង
25. ហើយព្រះអង្គបានមានបន្ទូលដោយព្រះវិញ្ញាណបរិសុទ្ធ តាមរយៈមាត់របស់ស្ដេចដាវីឌជាអ្នកបម្រើរបស់ព្រះអង្គ ដែលជាដូនតារបស់យើងថា ហេតុអ្វីបានជាជនជាតិទាំងឡាយបង្កចលាចល ហើយប្រជាជនស្រមៃពីរឿងឥតប្រយោជន៍ដូច្នេះ?
26. ពួកស្ដេចនៅលើផែនដីបានត្រៀមប្រយុទ្ធ ពួកមេដឹកនាំបានប្រមូលគ្នាទាស់នឹងព្រះអម្ចាស់ ព្រមទាំងព្រះគ្រិស្ដ។
27. ហើយនេះជាការពិត ដ្បិតនៅក្នុងក្រុងនេះ ស្ដេចហេរ៉ូឌ លោកប៉ុនទាសពីឡាត់ សាសន៍ដទៃ ព្រមទាំងប្រជាជនអ៊ីស្រាអែលបានរួមគ្នាទាស់នឹងព្រះយេស៊ូជាអ្នកបម្រើដ៏បរិសុទ្ធរបស់ព្រះអង្គដែលព្រះអង្គបានជ្រើសតាំង