1. កាលលោកពេត្រុស និងលោកយ៉ូហានកំពុងនិយាយទៅបណ្ដាជននៅឡើយ នោះពួកសង្ឃ ប្រធានឆ្មាំព្រះវិហារ និងពួកអ្នកខាងគណៈសាឌូស៊ីបានមកដល់
2. ទាំងទាស់ចិត្ដជាខ្លាំង ព្រោះអ្នកទាំងពីរបង្រៀនបណ្ដាជន និងប្រកាសអំពីការរស់ពីស្លាប់ឡើងវិញតាមរយៈព្រះយេស៊ូ។
3. ពួកគេក៏ចាប់អ្នកទាំងពីរ ហើយយកទៅឃុំទុកក្នុងគុករហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះល្ងាចណាស់ហើយ
4. ប៉ុន្ដែក្នុងចំណោមពួកអ្នកដែលបានឮព្រះបន្ទូល មានមនុស្សជាច្រើនបានជឿ គឺមានគ្នាចំនួនប្រហែលប្រាំពាន់នាក់។
5. លុះថ្ងៃបន្ទាប់ពួកមេដឹកនាំ ពួកចាស់ទុំ និងពួកគ្រូវិន័យ ក៏ជួបជុំគ្នានៅក្នុងក្រុងយេរូសាឡិម
6. ជាមួយលោកអាណ ជាសម្ដេចសង្ឃ លោកកៃផា លោកយ៉ូហាន និងលោកអ័លេក្សានត្រុស ព្រមទាំងពូជពង្សរបស់សម្ដេចសង្ឃទាំងអស់។
7. ពេលគេយកអ្នកទាំងពីរមកដាក់នៅកណ្ដាលចំណោម ហើយក៏សួរថា៖ «តើអ្នកទាំងពីរធ្វើការនេះដោយអំណាចអ្វី ឬដោយឈ្មោះរបស់អ្នកណា?»
8. ពេលនោះ លោកពេត្រុសបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ក៏និយាយទៅពួកគេថា៖ «ឱពួកអ្នកដឹកនាំ និងពួកចាស់ទុំរបស់ប្រជាជនអើយ!
9. បើអស់លោកសាកសួរយើងនៅថ្ងៃនេះអំពីការល្អដែលបានកើតឡើងចំពោះមនុស្សពិការម្នាក់ថា គាត់បានជាដោយសារអ្វី
10. នោះចូរអស់លោក ព្រមទាំងប្រជាជនអ៊ីស្រាអែលទាំងអស់ដឹងចុះថា គឺដោយសារព្រះនាមព្រះយេស៊ូគ្រិស្ដជាអ្នកក្រុងណាសារ៉ែត ដែលពួកលោកបានឆ្កាង ហើយព្រះជាម្ចាស់បានប្រោសឲ្យរស់ពីការសោយទិវង្គតឡើងវិញនោះហើយ ទើបបុរសនេះបានឈរនៅចំពោះមុខពួកលោក ទាំងមានសុខភាពល្អដូច្នេះ។
11. ព្រះអង្គហ្នឹងហើយជាថ្មដែលពួកលោកជាជាងសំណង់បោះបង់ចោល ប៉ុន្ដែថ្មនេះបានត្រលប់ជាថ្មដ៏សំខាន់នៅតាមជ្រុង។
12. ហើយគ្មានសេចក្ដីសង្គ្រោះតាមរយៈអ្នកណាទៀតឡើយ ដ្បិតនៅក្រោមមេឃគ្មានឈ្មោះណាទៀត ដែលព្រះជាម្ចាស់បានប្រទានមកក្នុងចំណោមមនុស្ស ដើម្បីឲ្យយើងទទួលបានសេចក្ដីសង្គ្រោះនោះឡើយ»។
13. ដូច្នេះពេលពួកគេសង្កេតឃើញសេចក្ដីក្លាហានរបស់លោកពេត្រុស និងលោកយ៉ូហាន ហើយក្រោយពីបានយល់ថា គាត់ទាំងពីរជាមនុស្សមិនបានរៀនសូត្រ និងមិនសូវចេះដឹង ពួកគេក៏ស្ញប់ស្ញែង ហើយទទួលស្គាល់ថា គាត់ទាំងពីរនេះធ្លាប់នៅជាមួយព្រះយេស៊ូ
14. ព្រមទាំងឃើញបុរសដែលបានជានោះកំពុងឈរជាមួយគាត់ទាំងពីរនាក់ទៀត នោះពួកគេគ្មានអ្វីឆ្លើយតបបានឡើយ។