5. គាត់ក៏ស្ដាប់តាមអ្នកទាំងពីរ ដោយសង្ឃឹមថានឹងទទួលបានអ្វីមួយពីពួកគេ។
6. ពេលនោះលោកពេត្រុសប្រាប់ថា៖ «មាសប្រាក់ ខ្ញុំគ្មានទេ ប៉ុន្ដែអ្វីដែលខ្ញុំមាន ខ្ញុំនឹងឲ្យអ្នក គឺក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដជាអ្នកក្រុងណាសារ៉ែត ចូរក្រោកឡើង ហើយដើរទៅ!»
7. រួចលោកពេត្រុសក៏ចាប់ដៃស្ដាំគាត់ ហើយលើកគាត់ឡើង។ ភ្លាមនោះ ប្រអប់ជើង និងកជើងរបស់គាត់ក៏រឹងមាំ
8. គាត់ក៏ស្ទុះក្រោកឈរឡើងដើរទៅមក ហើយបានចូលទៅក្នុងព្រះវិហារជាមួយអ្នកទាំងពីរ ដោយដើរផងលោតផង ទាំងសរសើរតម្កើងព្រះជាម្ចាស់។
9. ពេលបណ្ដាជនទាំងអស់គ្នាឃើញគាត់ដើរ ទាំងសរសើរតម្កើងព្រះជាម្ចាស់ដូច្នេះ
10. ពួកគេចំណាំបានថា គាត់ជាអ្នកដែលបានអង្គុយសុំទាននៅខ្លោងទ្វារលំអនៃព្រះវិហារ នោះពួកគេក៏នឹកអស្ចារ្យ ហើយស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលកើតឡើងដល់គាត់។
11. កាលគាត់កំពុងកៀកដៃជាមួយលោកពេត្រុស និងលោកយ៉ូហាន នោះបណ្ដាជនទាំងអស់ក៏រត់មកឯពួកគេនៅត្រង់សាលាសំណាក់មួយដែលហៅថា សាលាសំណាក់សាឡូម៉ូន ទាំងស្ញប់ស្ញែងយ៉ាងខ្លាំង។
12. ពេលលោកពេត្រុសឃើញដូច្នេះ គាត់ក៏និយាយទៅបណ្ដាជនទាំងនោះថា៖ «ឱបងប្អូនអ៊ីស្រាអែលអើយ! ហេតុអ្វីបានជាអ្នករាល់គ្នានឹកអស្ចារ្យចំពោះហេតុការណ៍នេះដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាសម្លឹងមើលយើង ហាក់បីដូចជាយើងបានធ្វើឲ្យបុរសនេះដើរបានដោយសារអំណាចរបស់យើងផ្ទាល់ ឬដោយសារយើងគោរពកោតខ្លាចព្រះជាម្ចាស់ដូច្នេះ?
13. ព្រះរបស់លោកអ័ប្រាហាំ លោកអ៊ីសាក លោកយ៉ាកុបជាព្រះនៃដូនតារបស់យើងបានលើកតម្កើងព្រះយេស៊ូជាអ្នកបម្រើព្រះអង្គ ដែលអ្នករាល់គ្នាបានចាប់បញ្ជូនព្រះអង្គ និងបានបដិសេធនៅចំពោះមុខលោកពីឡាត់ កាលដែលគាត់សម្រេចថាដោះលែងព្រះអង្គនោះ។
14. អ្នករាល់គ្នាបានបដិសេធព្រះដ៏បរិសុទ្ធ និងសុចរិត ហើយបែរជាសុំឲ្យគេដោះលែងឃាតករឲ្យអ្នករាល់គ្នាវិញ
15. អ្នករាល់គ្នាបានសម្លាប់ម្ចាស់នៃជីវិត ប៉ុន្ដែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ពីការសោយទិវង្គតឡើងវិញ រីឯយើងជាបន្ទាល់អំពីការនេះ
16. ហើយដោយសារជំនឿលើព្រះនាមរបស់ព្រះអង្គនេះហើយ ដែលបានធ្វើឲ្យបុរសដែលអ្នករាល់គ្នាឃើញ និងស្គាល់នេះរឹងមាំ គឺដោយសារជំនឿតាមរយៈព្រះអង្គនេះហើយ ដែលបានធ្វើឲ្យគាត់ជាទាំងស្រុងនៅចំពោះមុខអ្នកទាំងអស់គ្នា។