គម្ពីរសញ្ញាថ្មី

កិច្ចការ 3:21-26 Khmer Christian Bible (KCB)

21. ប៉ុន្ដែ​ព្រះយេស៊ូ​នេះ​ត្រូវ​គង់​នៅ​ឯ​ស្ថានសួគ៌​រហូត​ដល់​ពេល​ដែល​ព្រះជាម្ចាស់​ស្ដារ​អ្វីៗ​ទាំងអស់​ឡើង​វិញ​ ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​មក​តាមរយៈ​មាត់​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​តាំងពី​ជំនាន់​ដើម។​

22. លោក​ម៉ូសេ​បាន​ថ្លែង​ទុក​ថា​ ព្រះអម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក​រាល់គ្នា​នឹង​តាំង​អ្នក​​នាំ​​ព្រះបន្ទូល​​ម្នាក់​ដែល​ដូចជា​ខ្ញុំ​ដែរ​ ពី​ក្នុង​ចំណោម​បងប្អូន​របស់​អ្នក​រាល់គ្នា​ សម្រាប់​អ្នក​រាល់គ្នា​ ចូរ​អ្នក​រាល់គ្នា​ស្ដាប់​តាម​លោក​គ្រប់​សេចក្ដី​ទាំង​អស់​ ដែល​លោក​និយាយ​ប្រាប់​អ្នក​រាល់គ្នា​ចុះ​

23. រីឯ​អ្នកណា​ដែល​មិន​ព្រម​ស្ដាប់​តាម​អ្នក​នាំ​ព្រះបន្ទូល​ នោះ​គេ​នឹង​វិនាស​បាត់​ពី​ក្នុង​ចំណោម​ប្រជារាស្ដ្រ​របស់​ព្រះជាម្ចាស់​

24. ហើយ​អ្នក​នាំ​ព្រះបន្ទូល​ទាំងឡាយ​ចាប់​ពី​លោក​សាំយូអែល​ ព្រមទាំង​អ្នក​ក្រោយៗ​ទៀត​ សុទ្ធតែ​បាន​ប្រកាស​ប្រាប់​ជាមុន​អំពី​គ្រា​នេះ។​

25. អ្នក​រាល់គ្នា​នេះ​ហើយ​ជា​កូនចៅ​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​ជា​កូនចៅ​នៃ​កិច្ច​ព្រមព្រៀង​ ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ជាមួយ​ដូនតា​របស់​អ្នក​រាល់គ្នា​ ដោយ​បាន​មាន​បន្ទូល​ទៅ​លោក​អ័ប្រាហាំ​ថា​ គ្រួសារ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ទទួល​ពរ​តាមរយៈ​ពូជពង្ស​របស់​អ្នក។​

26. ព្រះជាម្ចាស់​បាន​ជ្រើសរើស​អ្នកបម្រើ​របស់​ព្រះអង្គ​ ហើយ​បាន​ចាត់​លោក​ឲ្យ​មក​ឯ​អ្នក​រាល់គ្នា​មុន​គេ​ដើម្បី​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់គ្នា​ ដោយ​បង្វែរ​អ្នក​រាល់គ្នា​ចេញ​ពី​សេចក្ដី​អាក្រក់​របស់​អ្នក​រាល់គ្នា​រៀងៗ​ខ្លួន»។​

សូមអានជំពូកពេញលេញ កិច្ចការ 3