គម្ពីរសញ្ញាថ្មី

កិច្ចការ 27:4-19 Khmer Christian Bible (KCB)

4. បន្ទាប់​មក​យើង​បាន​ចេញ​សំពៅ​ពី​ទី​នោះ​សរសៀរ​តាម​កោះ​គីប្រុស​ ព្រោះ​បញ្ច្រាស​ខ្យល់។​

5. ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​លំហ​សមុទ្រ​តាម​បណ្ដោយ​ឆ្នេរ​ស្រុក​គីលីគា​ និង​ស្រុក​ប៉ាមភីលា​ យើង​ក៏​មក​ដល់​ក្រុង​មីរ៉ា​ក្នុង​ស្រុក​លូគា។​

6. នៅ​ទី​នោះ​ លោក​នាយ​ទាហាន​រក​បាន​សំពៅ​មួយ​មក​ពី​ក្រុង​អ័លេក្សានទ្រា​ ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ស្រុក​អ៊ីតាលី​ ដូច្នេះ​គាត់​ក៏​នាំ​យើង​ចុះ​ក្នុង​សំពៅ​នោះ។​

7. ពេល​ធ្វើ​ដំណើរ​សន្សឹមៗ​យ៉ាង​ពិបាក​អស់​រយៈ​ពេល​ជាច្រើន​ថ្ងៃ​ យើង​ក៏​មក​ដល់​តាម​បណ្ដោយ​ឆ្នេរ​ក្រុង​គ្នីដូស​ ដោយ​ខ្យល់​មិន​អនុគ្រោះ​ឲ្យ​យើង​ទៅ​មុខ​ទៀត​ យើង​ក៏​ជិះ​សរសៀរ​តាម​កោះ​ក្រេត​ដោយ​ឆ្លង​កាត់​ជ្រោយ​សាលម៉ូន។​

8. បន្ទាប់ពី​ធ្វើ​ដំណើរ​តាម​បណ្ដោយ​កោះ​នោះ​យ៉ាង​ពិបាក​មក​ យើង​ក៏​មក​ដល់​កន្លែង​មួយ​ឈ្មោះ​ កំពង់ផែ​លំអ​ នៅ​ជិត​ក្រុង​ឡាសេ។​

9. កាល​បាន​កន្លង​ផុត​ទៅ​ជា​ច្រើន​ថ្ងៃ​ ហើយ​ការ​ធ្វើ​ដំណើរ​តាម​សំពៅ​ក៏​លែង​មាន​សុវត្ថិភាព​ដែរ​ ព្រោះ​ថ្ងៃ​បុណ្យ​តម​អាហារ​បាន​កន្លង​ផុត​ហើយ​ ដូច្នេះ​លោក​ប៉ូល​ក៏​ដាស់តឿន​

10. ពួកគេ​ថា៖​ «បងប្អូន​អើយ!​ ខ្ញុំ​យល់​ឃើញ​ថា​ ការ​ធ្វើ​ដំណើរ​តាម​សំពៅ​នឹង​មាន​អន្ដរាយ​ ព្រមទាំង​មាន​ការ​ខាត​បង់​ច្រើន​ គឺ​មិន​ត្រឹមតែ​សំពៅ​ និង​ទំនិញ​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ជីវិត​របស់​យើង​ទៀត​ផង»​

11. ប៉ុន្ដែ​លោក​នាយ​ទាហាន​ជឿ​អ្នក​បើក​សំពៅ​ និង​ម្ចាស់​សំពៅ​ច្រើន​ជាង​ពាក្យ​សំដី​ដែល​លោក​ប៉ូល​និយាយ។​

12. ដោយ​កំពង់ផែ​នោះ​មិន​អំណោយ​ផល​សម្រាប់​ការ​ស្នាក់នៅ​ក្នុង​រដូវ​រងា​ មនុស្ស​ភាគ​ច្រើន​បាន​សម្រេចចិត្ដ​ចេញ​ដំណើរ​ពី​ទី​នោះ​ បើ​យ៉ាង​ណាៗ​នឹង​ទៅ​ដល់​ស្រុក​ភេនីស​ជា​កំពង់ផែ​មួយ​នៃ​កោះ​ក្រេត​ ដែល​បែរ​មុខ​ទៅ​ទិស​និរតី​ និង​ទិស​ពាយ័ព្យ​ ដើម្បី​ស្នាក់នៅ​ក្នុង​រដូវ​រងា។​

13. ពេល​ខ្យល់​ទិស​ខាង​ត្បូង​បក់​រំភើយៗ​ ពួកគេ​គិត​ថា​បាន​សម្រេច​បំណង​ក៏​ទាញ​យុថ្កា​ ហើយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​កោះ​ក្រេត​

14. ប៉ុន្ដែ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​ ខ្យល់​ព្យុះ​មួយ​ឈ្មោះ​ អ៊ើរ៉ាគ្លីដូន​បាន​បោកបក់​ប៉ះ​សំពៅ​

15. នាំ​យក​ទៅ​ ហើយ​ដោយ​យើង​មិន​អាច​បើក​បញ្ច្រាស​ខ្យល់​បាន​ យើង​ក៏​បណ្ដោយ​សំពៅ​ឲ្យ​រសាត់​តាម​ខ្យល់។​

16. កាល​បាន​មក​ដល់​ក្បែរ​កោះ​តូច​មួយ​ ឈ្មោះ​ក្លូដេ​ យើង​អាច​លើក​សំប៉ាន​ឡើង​បាន​យ៉ាង​ពិបាក។​

17. បន្ទាប់​ពី​លើក​សំប៉ាន​រួច​ហើយ​ ពួកគេ​ក៏​ប្រើ​ខ្សែពួរ​ចង​ជុំវិញ​សំពៅ​ ហើយ​ដោយ​ខ្លាច​ក្រែងលោ​សំពៅ​កឿង​នៅ​ទឹក​រាក់​ក្នុង​ឈូង​សមុទ្រ​សៀរទីស​ ពួកគេ​ក៏​ទម្លាក់​ក្ដោង​ចុះ​ឲ្យ​សំពៅ​រសាត់​តាម​ខ្យល់​

18. ហើយ​នៅ​ថ្ងៃ​បន្ទាប់​ ខ្យល់​ព្យុះ​នៅតែ​រុញ​ច្រាន​យើង​យ៉ាង​ខ្លាំង​ ពួកគេ​ក៏​ទម្លាក់​ទំនិញ​ចោល​

19. រួច​នៅ​ថ្ងៃ​ទី​បី​ ពួកគេ​ក៏​គ្រវែង​ឧបករណ៍​សម្រាប់​សំពៅ​ចោល​ទៀត​ ដោយ​ដៃ​របស់​ពួកគេ​ផ្ទាល់។​

សូមអានជំពូកពេញលេញ កិច្ចការ 27