31. លោកប៉ូលក៏ប្រាប់លោកនាយទាហាន និងពួកទាហានថា៖ «បើអ្នកទាំងនេះមិននៅក្នុងសំពៅទេ នោះអ្នករាល់គ្នាមិនអាចរួចជីវិតបានឡើយ»
32. ពេលនោះ ពួកទាហានក៏កាត់ផ្ដាច់ខ្សែចងសំប៉ានចោល ហើយបណ្ដោយឲ្យវាអណ្ដែតទៅ។
33. លុះដល់ទៀបភ្លឺ លោកប៉ូលបានលើកទឹកចិត្ដពួកគេទាំងអស់គ្នាឲ្យបរិភោគអាហារដោយនិយាយថា៖ «ថ្ងៃនេះ ជាថ្ងៃទីដប់បួនហើយដែលបងប្អូនបន្ដរង់ចាំដោយមិនបានបរិភោគអ្វីសោះ
34. ដូច្នេះហើយ ខ្ញុំសូមលើកទឹកចិត្ដអ្នករាល់គ្នាឲ្យបរិភោគអាហារចុះសម្រាប់សុខភាពរបស់អ្នករាល់គ្នា ដ្បិតគ្មានសក់មួយសរសៃណានឹងជ្រុះពីក្បាលរបស់អ្នករាល់គ្នាឡើយ»
35. ពេលនិយាយដូច្នេះរួច គាត់ក៏យកនំប៉័ងមកអរព្រះគុណដល់ព្រះជាម្ចាស់នៅមុខមនុស្សទាំងអស់គ្នា ហើយចាប់ផ្ដើមកាច់បរិភោគ។
36. ពួកគេមានចិត្ដរីករាយគ្រប់គ្នា ហើយក៏បរិភោគអាហារដែរ
37. នៅក្នុងសំពៅនោះ មានមនុស្សទាំងអស់ចំនួនពីររយចិតសិបប្រាំមួយនាក់។
38. ពេលពួកគេបានបរិភោគអាហារឆ្អែតហើយ ពួកគេក៏សម្រាលសំពៅដោយទម្លាក់ស្រូវទៅក្នុងសមុទ្រ
39. លុះភ្លឺឡើង ក៏ឃើញដីគោកដែលពួកគេមិនបានស្គាល់ ប៉ុន្ដែមានឆកសមុទ្រ និងឆ្នេរខ្សាច់មួយ ដូច្នេះ ពួកគេក៏សម្រេចចិត្ដឲ្យសំពៅកឿងនៅទីនោះ ប្រសិនបើអាចបាន
40. ដូច្នេះ ពួកគេក៏កាត់ខ្សែទុកយុថ្កាចោលនៅក្នុងសមុទ្រ ទាំងស្រាយខ្សែពីចង្កូត ហើយលើកក្ដោងខាងមុខឡើងឲ្យខ្យល់បក់តម្រង់ទៅរកឆ្នេរ
41. ប៉ុន្ដែពេលមកដល់កន្លែងសមុទ្រពីរប្រសព្វគ្នា សំពៅក៏កឿង ហើយពេលដែលក្បាលសំពៅគាំងនៅជាប់ទ្រឹង កន្សៃសំពៅក៏ត្រូវកម្លាំងរលកបំផ្លាញខ្ទេច។
42. ពេលនោះ ពួកទាហានមានផែនការថា ពួកគេត្រូវសម្លាប់អ្នកទោសចោល ក្រែងលោអ្នកណាម្នាក់ហែលគេចខ្លួន
43. ប៉ុន្ដែលោកនាយទាហានចង់ជួយលោកប៉ូល ក៏រារាំងពួកគេពីផែនការនេះ គាត់ក៏បានបញ្ជាពួកអ្នកដែលអាចហែលទឹកបានឲ្យលោតចុះពីសំពៅ ហើយឡើងទៅដីគោកមុន
44. រីឯអ្នកផ្សេងទៀត អ្នកខ្លះបណ្ដែតខ្លួនលើបន្ទះក្ដារ អ្នកខ្លះទៀតលើបំណែកផ្សេងៗពីសំពៅ ដូច្នេះ យើងបានទៅដល់ដីគោកដោយសុវត្ថិភាពគ្រប់គ្នា។