គម្ពីរសញ្ញាថ្មី

កិច្ចការ 27:27-36 Khmer Christian Bible (KCB)

27. លុះ​ដល់​យប់​ទី​ដប់បួន​ ពេល​យើង​កំពុង​រសាត់​នៅ​កណ្ដាល​សមុទ្រ​អាឌ្រា​ នៅ​ពាក់​កណ្ដាល​អធ្រាត្រ​ ពួក​អ្នក​ដើរ​សំពៅ​ក៏​សនិ្នដ្ឋាន​ថា​ ពួកគេ​ចូល​ជិត​ដី​គោក​ណា​មួយ​ហើយ​

28. ដូច្នេះ​ ពេល​ពួកគេ​ស្ទង់​ជម្រៅ​ទឹក​មើល​ក៏​ឃើញ​ថា​ មាន​ជម្រៅ​ប្រហែល​សាមសិប​ប្រាំមួយ​ម៉ែត្រ​ លុះ​ទៅ​មុខ​បន្ដិច​ ពេល​ពួកគេ​ស្ទង់​ជម្រៅ​ទឹក​មើល​ម្ដង​ទៀត​ក៏​ឃើញ​ថា​មាន​ជម្រៅ​ប្រហែល​ម្ភៃ​ប្រាំពីរ​ម៉ែត្រ​

29. ហើយ​ដោយ​ខ្លាច​ក្រែង​សំពៅ​កឿង​នៅ​កន្លែង​ណា​មួយ​ ពួកគេ​ក៏​ទម្លាក់​យុថ្កា​ទាំង​បួន​ចុះ​ពី​កន្សៃ​សំពៅ​ ហើយ​ពួកគេ​ក៏​បន់​ឲ្យ​មាន​ថ្ងៃ​វិញ​

30. ប៉ុន្ដែ​ពេល​ពួក​អ្នក​ដើរ​សំពៅ​រក​រត់​ចេញ​ពី​សំពៅ​ ហើយ​សម្រូត​សំប៉ាន​ទៅ​ក្នុង​សមុទ្រ​ ដោយ​ធ្វើពុត​ហាក់​ដូចជា​ទម្លាក់​យុថ្កា​ពី​ក្បាល​សំពៅ​

31. លោក​ប៉ូល​ក៏​ប្រាប់​លោក​នាយ​ទាហាន​ និង​ពួក​ទាហាន​ថា៖​ «បើ​អ្នក​ទាំង​នេះ​មិន​នៅ​ក្នុង​សំពៅ​ទេ​ នោះ​អ្នក​រាល់គ្នា​មិន​អាច​រួច​ជីវិត​បាន​ឡើយ»​

32. ពេល​នោះ​ ពួក​ទាហាន​ក៏​កាត់​ផ្ដាច់​ខ្សែ​ចង​សំប៉ាន​ចោល​ ហើយ​បណ្ដោយ​ឲ្យ​វា​អណ្ដែត​ទៅ។​

33. លុះ​ដល់​ទៀប​ភ្លឺ​ លោក​ប៉ូល​បាន​លើក​ទឹកចិត្ដ​ពួកគេ​ទាំង​អស់​គ្នា​ឲ្យ​បរិភោគ​អាហារ​ដោយ​និយាយ​ថា៖​ «ថ្ងៃ​នេះ​ ជា​ថ្ងៃ​ទី​ដប់បួន​ហើយ​ដែល​បងប្អូន​បន្ដ​រង់ចាំ​ដោយ​មិន​បាន​បរិភោគ​អ្វី​សោះ​

34. ដូច្នេះ​ហើយ​ ខ្ញុំ​សូម​លើក​ទឹកចិត្ដ​អ្នក​រាល់គ្នា​ឲ្យ​បរិភោគ​អាហារ​ចុះ​សម្រាប់​សុខភាព​របស់​អ្នក​រាល់គ្នា​ ដ្បិត​គ្មាន​សក់​មួយ​សរសៃ​ណា​នឹង​ជ្រុះ​ពី​ក្បាល​របស់​អ្នក​រាល់គ្នា​ឡើយ»​

35. ពេល​និយាយ​ដូច្នេះ​រួច​ គាត់​ក៏​យក​នំប៉័ង​មក​អរព្រះគុណ​ដល់​ព្រះជាម្ចាស់​នៅ​មុខ​មនុស្ស​ទាំង​អស់​គ្នា​ ហើយ​ចាប់ផ្ដើម​កាច់​បរិភោគ។​

36. ពួកគេ​មាន​ចិត្ដ​រីករាយ​គ្រប់​គ្នា​ ហើយ​ក៏​បរិភោគ​អាហារ​ដែរ​

សូមអានជំពូកពេញលេញ កិច្ចការ 27