គម្ពីរសញ្ញាថ្មី

កិច្ចការ 27:26-44 Khmer Christian Bible (KCB)

26. គឺ​យើង​ត្រូវ​កឿង​លើ​កោះ​ណា​មួយ​មិន​ខាន»។​

27. លុះ​ដល់​យប់​ទី​ដប់បួន​ ពេល​យើង​កំពុង​រសាត់​នៅ​កណ្ដាល​សមុទ្រ​អាឌ្រា​ នៅ​ពាក់​កណ្ដាល​អធ្រាត្រ​ ពួក​អ្នក​ដើរ​សំពៅ​ក៏​សនិ្នដ្ឋាន​ថា​ ពួកគេ​ចូល​ជិត​ដី​គោក​ណា​មួយ​ហើយ​

28. ដូច្នេះ​ ពេល​ពួកគេ​ស្ទង់​ជម្រៅ​ទឹក​មើល​ក៏​ឃើញ​ថា​ មាន​ជម្រៅ​ប្រហែល​សាមសិប​ប្រាំមួយ​ម៉ែត្រ​ លុះ​ទៅ​មុខ​បន្ដិច​ ពេល​ពួកគេ​ស្ទង់​ជម្រៅ​ទឹក​មើល​ម្ដង​ទៀត​ក៏​ឃើញ​ថា​មាន​ជម្រៅ​ប្រហែល​ម្ភៃ​ប្រាំពីរ​ម៉ែត្រ​

29. ហើយ​ដោយ​ខ្លាច​ក្រែង​សំពៅ​កឿង​នៅ​កន្លែង​ណា​មួយ​ ពួកគេ​ក៏​ទម្លាក់​យុថ្កា​ទាំង​បួន​ចុះ​ពី​កន្សៃ​សំពៅ​ ហើយ​ពួកគេ​ក៏​បន់​ឲ្យ​មាន​ថ្ងៃ​វិញ​

30. ប៉ុន្ដែ​ពេល​ពួក​អ្នក​ដើរ​សំពៅ​រក​រត់​ចេញ​ពី​សំពៅ​ ហើយ​សម្រូត​សំប៉ាន​ទៅ​ក្នុង​សមុទ្រ​ ដោយ​ធ្វើពុត​ហាក់​ដូចជា​ទម្លាក់​យុថ្កា​ពី​ក្បាល​សំពៅ​

31. លោក​ប៉ូល​ក៏​ប្រាប់​លោក​នាយ​ទាហាន​ និង​ពួក​ទាហាន​ថា៖​ «បើ​អ្នក​ទាំង​នេះ​មិន​នៅ​ក្នុង​សំពៅ​ទេ​ នោះ​អ្នក​រាល់គ្នា​មិន​អាច​រួច​ជីវិត​បាន​ឡើយ»​

32. ពេល​នោះ​ ពួក​ទាហាន​ក៏​កាត់​ផ្ដាច់​ខ្សែ​ចង​សំប៉ាន​ចោល​ ហើយ​បណ្ដោយ​ឲ្យ​វា​អណ្ដែត​ទៅ។​

33. លុះ​ដល់​ទៀប​ភ្លឺ​ លោក​ប៉ូល​បាន​លើក​ទឹកចិត្ដ​ពួកគេ​ទាំង​អស់​គ្នា​ឲ្យ​បរិភោគ​អាហារ​ដោយ​និយាយ​ថា៖​ «ថ្ងៃ​នេះ​ ជា​ថ្ងៃ​ទី​ដប់បួន​ហើយ​ដែល​បងប្អូន​បន្ដ​រង់ចាំ​ដោយ​មិន​បាន​បរិភោគ​អ្វី​សោះ​

34. ដូច្នេះ​ហើយ​ ខ្ញុំ​សូម​លើក​ទឹកចិត្ដ​អ្នក​រាល់គ្នា​ឲ្យ​បរិភោគ​អាហារ​ចុះ​សម្រាប់​សុខភាព​របស់​អ្នក​រាល់គ្នា​ ដ្បិត​គ្មាន​សក់​មួយ​សរសៃ​ណា​នឹង​ជ្រុះ​ពី​ក្បាល​របស់​អ្នក​រាល់គ្នា​ឡើយ»​

35. ពេល​និយាយ​ដូច្នេះ​រួច​ គាត់​ក៏​យក​នំប៉័ង​មក​អរព្រះគុណ​ដល់​ព្រះជាម្ចាស់​នៅ​មុខ​មនុស្ស​ទាំង​អស់​គ្នា​ ហើយ​ចាប់ផ្ដើម​កាច់​បរិភោគ។​

36. ពួកគេ​មាន​ចិត្ដ​រីករាយ​គ្រប់​គ្នា​ ហើយ​ក៏​បរិភោគ​អាហារ​ដែរ​

37. នៅ​ក្នុង​សំពៅ​នោះ​ មាន​មនុស្ស​ទាំង​អស់​ចំនួន​ពីររយ​ចិតសិប​ប្រាំមួយ​នាក់។​

38. ពេល​ពួកគេ​បាន​បរិភោគ​អាហារ​ឆ្អែត​ហើយ​ ពួកគេ​ក៏​សម្រាល​សំពៅ​ដោយ​ទម្លាក់​ស្រូវ​ទៅ​ក្នុង​សមុទ្រ​

39. លុះ​ភ្លឺ​ឡើង​ ក៏​ឃើញ​ដី​គោក​ដែល​ពួកគេ​មិន​បាន​ស្គាល់​ ប៉ុន្ដែ​មាន​ឆក​សមុទ្រ​ និង​ឆ្នេរ​ខ្សាច់​មួយ​ ដូច្នេះ​ ពួកគេ​ក៏​សម្រេចចិត្ដ​ឲ្យ​សំពៅ​កឿង​នៅ​ទី​នោះ​ ប្រសិន​បើ​អាច​បាន​

40. ដូច្នេះ​ ពួកគេ​ក៏​កាត់​ខ្សែ​ទុក​យុថ្កា​ចោល​នៅ​ក្នុង​សមុទ្រ​ ទាំង​ស្រាយ​ខ្សែ​ពី​ចង្កូត​ ហើយ​លើក​ក្ដោង​ខាង​មុខ​ឡើង​ឲ្យ​ខ្យល់​បក់​តម្រង់​ទៅ​រក​ឆ្នេរ​

41. ប៉ុន្ដែ​ពេល​មក​ដល់​កន្លែង​សមុទ្រ​ពីរ​ប្រសព្វ​គ្នា​ សំពៅ​ក៏​កឿង​ ហើយ​ពេល​ដែល​ក្បាល​សំពៅ​គាំង​នៅ​ជាប់​ទ្រឹង​ កន្សៃ​សំពៅ​ក៏​ត្រូវ​កម្លាំង​រលក​បំផ្លាញ​ខ្ទេច។​

42. ពេល​នោះ​ ពួក​ទាហាន​មាន​ផែនការ​ថា​ ពួកគេ​ត្រូវ​សម្លាប់​អ្នក​ទោស​ចោល​ ក្រែងលោ​អ្នកណា​ម្នាក់​ហែល​គេច​ខ្លួន​

43. ប៉ុន្ដែ​លោក​នាយ​ទាហាន​ចង់​ជួយ​លោក​ប៉ូល​ ក៏​រារាំង​ពួកគេ​ពី​ផែនការ​នេះ​ គាត់​ក៏​បាន​បញ្ជា​ពួក​អ្នក​ដែល​អាច​ហែល​ទឹក​បាន​ឲ្យ​លោត​ចុះ​ពី​សំពៅ​ ហើយ​ឡើង​ទៅ‍​ដី​គោក​មុន​

44. រីឯ​អ្នក​ផ្សេង​ទៀត​ អ្នក​ខ្លះ​បណ្ដែត​ខ្លួន​លើ​បន្ទះ​ក្ដារ​ អ្នក​ខ្លះ​ទៀត​លើ​បំណែក​ផ្សេងៗ​ពី​សំពៅ​ ដូច្នេះ​ យើង​បាន​ទៅ​ដល់​ដី​គោក​ដោយ​សុវត្ថិ​ភាព​គ្រប់​គ្នា។​

សូមអានជំពូកពេញលេញ កិច្ចការ 27