គម្ពីរសញ្ញាថ្មី

កិច្ចការ 27:11-26 Khmer Christian Bible (KCB)

11. ប៉ុន្ដែ​លោក​នាយ​ទាហាន​ជឿ​អ្នក​បើក​សំពៅ​ និង​ម្ចាស់​សំពៅ​ច្រើន​ជាង​ពាក្យ​សំដី​ដែល​លោក​ប៉ូល​និយាយ។​

12. ដោយ​កំពង់ផែ​នោះ​មិន​អំណោយ​ផល​សម្រាប់​ការ​ស្នាក់នៅ​ក្នុង​រដូវ​រងា​ មនុស្ស​ភាគ​ច្រើន​បាន​សម្រេចចិត្ដ​ចេញ​ដំណើរ​ពី​ទី​នោះ​ បើ​យ៉ាង​ណាៗ​នឹង​ទៅ​ដល់​ស្រុក​ភេនីស​ជា​កំពង់ផែ​មួយ​នៃ​កោះ​ក្រេត​ ដែល​បែរ​មុខ​ទៅ​ទិស​និរតី​ និង​ទិស​ពាយ័ព្យ​ ដើម្បី​ស្នាក់នៅ​ក្នុង​រដូវ​រងា។​

13. ពេល​ខ្យល់​ទិស​ខាង​ត្បូង​បក់​រំភើយៗ​ ពួកគេ​គិត​ថា​បាន​សម្រេច​បំណង​ក៏​ទាញ​យុថ្កា​ ហើយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​កោះ​ក្រេត​

14. ប៉ុន្ដែ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​ ខ្យល់​ព្យុះ​មួយ​ឈ្មោះ​ អ៊ើរ៉ាគ្លីដូន​បាន​បោកបក់​ប៉ះ​សំពៅ​

15. នាំ​យក​ទៅ​ ហើយ​ដោយ​យើង​មិន​អាច​បើក​បញ្ច្រាស​ខ្យល់​បាន​ យើង​ក៏​បណ្ដោយ​សំពៅ​ឲ្យ​រសាត់​តាម​ខ្យល់។​

16. កាល​បាន​មក​ដល់​ក្បែរ​កោះ​តូច​មួយ​ ឈ្មោះ​ក្លូដេ​ យើង​អាច​លើក​សំប៉ាន​ឡើង​បាន​យ៉ាង​ពិបាក។​

17. បន្ទាប់​ពី​លើក​សំប៉ាន​រួច​ហើយ​ ពួកគេ​ក៏​ប្រើ​ខ្សែពួរ​ចង​ជុំវិញ​សំពៅ​ ហើយ​ដោយ​ខ្លាច​ក្រែងលោ​សំពៅ​កឿង​នៅ​ទឹក​រាក់​ក្នុង​ឈូង​សមុទ្រ​សៀរទីស​ ពួកគេ​ក៏​ទម្លាក់​ក្ដោង​ចុះ​ឲ្យ​សំពៅ​រសាត់​តាម​ខ្យល់​

18. ហើយ​នៅ​ថ្ងៃ​បន្ទាប់​ ខ្យល់​ព្យុះ​នៅតែ​រុញ​ច្រាន​យើង​យ៉ាង​ខ្លាំង​ ពួកគេ​ក៏​ទម្លាក់​ទំនិញ​ចោល​

19. រួច​នៅ​ថ្ងៃ​ទី​បី​ ពួកគេ​ក៏​គ្រវែង​ឧបករណ៍​សម្រាប់​សំពៅ​ចោល​ទៀត​ ដោយ​ដៃ​របស់​ពួកគេ​ផ្ទាល់។​

20. ដោយ​គ្មាន​ពន្លឺ​ថ្ងៃ​ ឬ​ផ្កាយ​បំភ្លឺ​អស់​រយៈ​ពេល​ច្រើន​ថ្ងៃ​ ហើយ​ព្យុះ​នៅតែ​បោកបក់​មិន​ថមថយ​សោះ​ នៅ​ទីបំផុត​យើង​ក៏​អស់​សង្ឃឹម​ទាំង​ស្រុង​ថា​ នឹង​បាន​រួច​ជីវិត។​

21. បន្ទាប់ពី​បាន​អត់​អាហារ​ជា​ច្រើន​ថ្ងៃ​មក​ លោក​ប៉ូល​ក៏​ក្រោក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួកគេ​ ហើយ​និយាយ​ថា៖​ «‍ឱ​បងប្អូន​អើយ!​ បងប្អូន​គួរតែ​ស្ដាប់​តាម​ខ្ញុំ​ ហើយ​មិន​ចេញ​ដំណើរ​ពី​កោះ​ក្រេត​មក​ នោះ​បងប្អូន​នឹង​ចៀស​ផុត​ពី​អន្ដរាយ​ និង​ការ​ខាត​បង់​យ៉ាង​ដូច្នេះ​មិន​ខាន​

22. ប៉ុន្ដែ​ពេល​នេះ​ ខ្ញុំ​សូម​ដាស់តឿន​បងប្អូន​ឲ្យ​មាន​ទឹកចិត្ដ​ឡើង​ ព្រោះ​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​បាត់បង់​ជីវិត​ឡើយ​ លើកលែង​តែ​សំពៅ​ប៉ុណ្ណោះ​

23. ដ្បិត​យប់​មិញ​មាន​ទេវតា​របស់​ព្រះជាម្ចាស់​ជា​ព្រះ​របស់​ខ្ញុំ​ និង​ជា​ព្រះ​ដែល​ខ្ញុំ​បម្រើ​ដែរ​ បាន​ឈរ​ក្បែរ​ខ្ញុំ​

24. ប្រាប់​ថា​ ប៉ូល​អើយ!​ កុំ​ខ្លាច​អី​ អ្នក​ត្រូវ​ឈរ​នៅ​ចំពោះ​មុខ​ព្រះចៅ​អធិរាជ​ ហើយ​មើល៍​ ព្រះជាម្ចាស់​បាន​ប្រទាន​ពួក​អ្នក​ទាំងឡាយ​ដែល​ធ្វើ​ដំណើរ​ជាមួយ​អ្នក​ដល់​អ្នក​ហើយ​

25. ដូច្នេះ​ បងប្អូន​អើយ!​ ចូរ​រីករាយ​ឡើង​ ដ្បិត​ខ្ញុំ​ជឿ​ព្រះជាម្ចាស់​ថា​នឹង​កើតមាន​សព្វ​គ្រប់​ ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ប្រាប់​ខ្ញុំ​

26. គឺ​យើង​ត្រូវ​កឿង​លើ​កោះ​ណា​មួយ​មិន​ខាន»។​

សូមអានជំពូកពេញលេញ កិច្ចការ 27