គម្ពីរសញ្ញាថ្មី

កិច្ចការ 26:21-32 Khmer Christian Bible (KCB)

21. ដោយព្រោះ​សេចក្ដី​ទាំង​នេះ​ហើយ​បានជា​ជនជាតិ​យូដា​ចាប់​ខ្ញុំ​ នៅ​ពេល​ខ្ញុំ​នៅ​ក្នុង​ព្រះ​វិហារ ទាំង​ព្យាយាម​សម្លាប់​ខ្ញុំ​

22. ប៉ុន្ដែ​ដោយ​មាន​ជំនួយ​ពី​ព្រះជាម្ចាស់​ ទើប​ខ្ញុំ​បាន​ឈរ​ធ្វើ​បន្ទាល់​ប្រាប់​ទាំង​អ្នក​តូច​ទាំង​អ្នក​ធំ​រហូត​ដល់​ថ្ងៃ​នេះ​ ហើយ​ខ្ញុំ​មិន​ដែល​និយាយ​អ្វី​ឡើយ​ ក្រៅ​ពី​សេចក្ដី​ដែល​ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​លោក​ម៉ូសេ​បាន​ថ្លែង​ទុក​ថា​នឹង​កើតឡើង​

23. គឺ​ព្រះគ្រិស្ដ​ត្រូវ​រង​ទុក្ខ​វេទនា ហើយ​ដោយសារ​ការ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​មុន​គេ​បង្អស់​ ព្រះអង្គ​នឹង​ប្រកាស​ប្រាប់​ប្រជារាស្ដ្រ​នេះ​ ព្រមទាំង​សាសន៍​ដទៃ​អំពី​ពន្លឺ​នោះ»។​

24. កាល​លោក​ប៉ូល​កំពុង​និយាយ​ដើម្បី​ការពារ​ខ្លួន​ពី​សេចក្ដី​ទាំង​នេះ​ លោក​ភេស្ទុស​ក៏​និយាយ​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «ប៉ូល​អើយ!​ ឯង​ឆ្កួត​ហើយ​ ឯង​រៀន​ច្រើន​ពេក​បានជា​ឆ្កួត​ដូច្នេះ!»​

25. ប៉ុន្ដែ​លោក​ប៉ូល​ឆ្លើយ​ថា៖​ «លោក​ភេស្ទុស​ជាទី​គោរព​អើយ!​ ខ្ញុំ​មិន​ឆ្កួត​ទេ​ ដ្បិត​ពាក្យ​ដែល​ខ្ញុំ​កំពុង​និយាយ​ពិត​ ហើយ​ត្រឹមត្រូវ​

26. ដ្បិត​ព្រះរាជា​ដឹង​អំពី​ហេតុការណ៍​ទាំង​នេះ​ស្រាប់​ហើយ​ បានជា​ខ្ញុំ​ទូល​ដល់​ព្រះអង្គ​ គឺ​ទូល​ដោយ​ក្លាហាន​ទៀត​ផង​ ហើយ​ខ្ញុំ​ជឿ​ថា​ គ្មាន​ហេតុការណ៍​ណា​មួយ​ក្នុង​ចំណោម​ហេតុការណ៍​ទាំង​នេះ​លាក់​បាំង​ពី​ព្រះរាជា​បាន​ឡើយ​ ព្រោះ​ហេតុការណ៍​នេះ​មិន​បាន​កើតឡើង​នៅ​កន្លៀត​ណា​ទេ​

27. ឱ​ស្ដេច​អ័គ្រីប៉ា​អើយ!​ តើ​ព្រះអង្គ​ជឿ​អ្នក​នាំ​ព្រះបន្ទូល​ដែរ​ឬ​ទេ?​ ខ្ញុំ​ដឹង​ថា​ព្រះអង្គ​ជឿ»​

28. ស្ដេច​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ប៉ូល​ថា៖​ «ឯង​កំពុង​បញ្ចុះ​បញ្ចូល​យើង​ឲ្យ​ត្រលប់​ជា​គ្រិស្ដ​បរិស័ទ​ក្នុង​ពេល​តែ​មួយ​ភ្លែត‍​ឬ‍!»​

29. លោក​ប៉ូល​ក៏​ទូល​ថា៖​ «ទោះបី​ក្នុង​ពេល​តែ​មួយ​ភ្លែត​ ឬ​ក្នុង​ពេល​យូរ​ក៏​ដោយ​ ក៏​ខ្ញុំ​អធិស្ឋាន​ដល់​ព្រះជាម្ចាស់​ មិន​មែន​ត្រឹមតែ​សម្រាប់​ព្រះរាជា​ប៉ុណ្ណោះ​ទេ​ គឺ​សម្រាប់​អ្នក​ទាំង​អស់​ដែល​កំពុង​ស្ដាប់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ដែរ​ ដើម្បី​ឲ្យ​បាន​ដូចជា​ខ្ញុំ​ដែរ​ លើកលែង​តែ​ការ​ជាប់​ច្រវាក់​ទាំង​នេះ»។​

30. ពេល​នោះ​ ទាំង​ស្ដេច​ ទាំង​ព្រះនាង​បេរេនីស​ និង​លោក​អភិបាល​ ព្រមទាំង​ពួក​អ្នក​ដែល​អង្គុយ​ជាមួយ​ពួកគេ​បាន​ក្រោក​ឡើង​

31. ហើយ​ចេញ​ទៅ​ទាំង​និយាយ​គ្នា​ថា៖​ «បុរស​នេះ​មិន​បាន​ធ្វើ​អ្វី​សម​នឹង​ស្លាប់​ ឬ​ការ​ជាប់​ច្រវាក់​ឡើយ»។​

32. ស្ដេច​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ភេស្ទុស​ថា៖​ «បើ​បុរស​នេះ​មិន​បាន​ប្ដឹង​ឧទ្ធរណ៍​ដល់​ព្រះចៅ​អធិរាជ​ទេ​ យើង​អាច​ដោះលែង​បាន»។​

សូមអានជំពូកពេញលេញ កិច្ចការ 26