គម្ពីរសញ្ញាថ្មី

កិច្ចការ 26:1-11 Khmer Christian Bible (KCB)

1. ពេល​នោះ​ ស្ដេច​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ប៉ូល​ថា៖​ «អ្នក​មាន​សិទ្ធិ​និយាយ​អំពី​ខ្លួន​ឯង‍!»​ ដូច្នេះ​លោក​ប៉ូល​ក៏​និយាយ​ការពារ​ខ្លួន​ ទាំង​លើក​ដៃ​ថា៖​

2. «‍ឱ​ស្ដេច​អ័គ្រីប៉ា​អើយ!​ ខ្ញុំ​យល់​ឃើញ​ថា​ ខ្ញុំ​សំណាង​ណាស់​ថ្ងៃ​នេះ​ ដែល​ខ្ញុំ​កំពុង​ត្រៀម​ឆ្លើយ​ការពារ​ខ្លួន​នៅ​ចំពោះ​មុខ​ព្រះអង្គ​អំពី​សេចក្ដី​ទាំងឡាយ​ ដែល​ពួក​ជនជាតិ​យូដា​បាន​ចោទប្រកាន់​ខ្ញុំ​

3. ជាពិសេស​ ព្រះអង្គ​ដឹង​ច្បាស់​ពី​ទំនៀម​ទម្លាប់​ និង​ទំនាស់​ទាំងឡាយ​ក្នុង​ចំណោម​ពួក​ជនជាតិ​យូដា​ ដូច្នេះ​ហើយ​ សូម​ព្រះអង្គ​ស្ដាប់​ខ្ញុំ​ដោយ​អនុគ្រោះ​ផង​

4. គឺ​យ៉ាង​ដូច្នេះ​ ជនជាតិ​យូដា​ទាំង​អស់​បាន​ដឹង​អំពី​របៀប​រស់នៅ​របស់​ខ្ញុំ​តាំងពី​ជំទង់​មក​ម៉្លេះ​ គឺ​តាំងពី​ដំបូង​ដែល​ខ្ញុំ​បាន​រស់នៅ​ក្នុង​ចំណោម​ជនជាតិ​របស់​ខ្ញុំ​ នៅ​ក្រុង​យេរូសាឡិម​

5. ហើយ​ដោយ​ព្រោះ​ពួកគេ​បាន​ស្គាល់​ខ្ញុំ​តាំងពី​ដើម​មក​ ពួកគេ​ធ្វើ​បន្ទាល់​បាន​ បើ​ពួកគេ​ចង់​ធ្វើ​ គឺ​ថា​ខ្ញុំ​បាន​រស់នៅ​ស្រប​ទៅ​តាម​គណៈ​ដ៏​តឹងរ៉ឹង​បំផុត​ក្នុង​សាសនា​របស់​យើង​ គឺ​ខាង​គណៈ​ផារិស៊ី​

6. ប៉ុន្ដែ​ពេល​នេះ​ ខ្ញុំ​ឈរ​ទទួល​ការ​ជំនុំជម្រះ​ ដោយសារ​សេចក្ដី​សង្ឃឹម​លើ​ព្រះបន្ទូល​សន្យា​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ជាមួយ​ដូនតា​របស់​យើង‍។​

7. ព្រះបន្ទូល​សន្យា​នេះ​ហើយ​ដែល​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​យើង​សង្ឃឹម​ថា​នឹង​ទទួល​បាន​ ដោយ​ការ​ខិតខំ​បម្រើ​ព្រះជាម្ចាស់​ទាំង​យប់​ទាំង​ថ្ងៃ​ ឱ​ព្រះរាជា​អើយ!​ ពួក​ជនជាតិ​យូដា​បាន​ចោទ​ប្រកាន់​ខ្ញុំ​ដោយសារ​សេចក្ដី​សង្ឃឹម​នេះ​ហើយ​

8. ហេតុអ្វី​បានជា​អ្នក​រាល់គ្នា​ចាត់​ទុក​ការ​ដែល​ព្រះជាម្ចាស់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ ជា​ការ​មិន​គួរ​ឲ្យ​ជឿ​ដូច្នេះ?​

9. ខ្ញុំ​ផ្ទាល់​ក៏​ធ្លាប់​គិត​ថា​ ត្រូវតែ​ធ្វើ​កិច្ចការ​ប្រឆាំង​ជាច្រើន​ទាស់​នឹង​នាម​ព្រះយេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​

10. ខ្ញុំ​បាន​ធ្វើ​ដូច្នេះ​នៅ​ក្រុង​យេរូសាឡិម​ ហើយ​ខ្ញុំ​បាន​ទទួល​សិទ្ធិ​អំណាច​ពី​សម្ដេច​សង្ឃ​ឲ្យ​ចាប់​ពួក​បរិសុទ្ធ​ជាច្រើន​ដាក់​គុក​ ព្រមទាំង​យល់ព្រម​ពេល​គេ​សម្លាប់​អ្នក​ទាំង​នោះ​ទៀត​ផង​

11. ខ្ញុំ​ដាក់​ទោស​ពួកគេ​ជា​ញឹកញាប់​ នៅ​តាម​សាលា​ប្រជុំ​ទាំងឡាយ​ ខ្ញុំ​បាន​បង្ខំ​ពួកគេ​ឲ្យ​ប្រមាថ​ព្រះជាម្ចាស់​ ហើយ​ដោយ​ខឹង​ពួកគេ​កាន់​តែ​ខ្លាំង​ ខ្ញុំ​ក៏​បៀតបៀន​ពួកគេ​រហូត​ដល់​ក្រុង​ដទៃ​ទៀត។​

សូមអានជំពូកពេញលេញ កិច្ចការ 26