គម្ពីរសញ្ញាថ្មី

កិច្ចការ 25:7-19 Khmer Christian Bible (KCB)

7. ពេល​លោក​ប៉ូល​មក​ដល់​ ពួក​ជនជាតិ​យូដា​ដែល​មក​ពី​ក្រុង​យេរូសាឡិម​ ក៏​ឈរ​ព័ទ្ធ​ជុំវិញ​លោក​ប៉ូល​ ទាំង​ធ្វើ​ការ​ចោទប្រកាន់​ធ្ងន់ៗ​ច្រើន​ករណី​ទាស់​នឹង​គាត់​ ដែល​ពួកគេ​មិន​អាច​បង្ហាញ​ភស្ដុតាង​បាន​ឡើយ​

8. ប៉ុន្ដែ​លោក​ប៉ូល​ក៏​និយាយ​ការពារ​ខ្លួន​ថា៖​ «ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​គម្ពីរ​វិន័យ​របស់​ពួក​ជនជាតិ​យូដា​ ឬ​ព្រះ​វិហារ ឬ​ព្រះចៅ​អធិរាជ​ឡើយ»។​

9. ប៉ុន្ដែ​ ដោយ​លោក​ភេស្ទុស​ចង់​ផ្គាប់ចិត្ដ​ពួក​ជនជាតិ​យូដា​ ក៏​សួរ​ចម្លើយ​ទៅ​លោក​ប៉ូល​ថា៖​ «តើ​អ្នក​សុខចិត្ដ​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម​ ដើម្បី​ឲ្យ​ខ្ញុំ​ជំនុំជម្រះ​អំពី​រឿង​ក្ដី​ទាំង​នេះ​នៅ​ទី​នោះ​ដែរ​ឬ​ទេ?​»

10. ពេល​នោះ​ លោក​ប៉ូល​ឆ្លើយ​ថា៖​ «ដូច​ដែល​លោក​ដឹង​ច្បាស់​ហើយ​ថា​ ខ្ញុំ​បាន​ឈរ​នៅ​ចំពោះ​មុខ​សាលា​ក្ដី​របស់​ព្រះចៅ​អធិរាជ​ហើយ​ ជា​កន្លែង​ដែល​ខ្ញុំ​ត្រូវ​ទទួល​ការ​ជំនុំជម្រះ​ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ពួក​ជនជាតិ​យូដា​ឡើយ​

11. បើសិន​ខ្ញុំ​ធ្វើ​ខុស​ ឬ​ធ្វើ​អ្វី​មួយ​សម​ស្លាប់​មែន​នោះ​ ខ្ញុំ​មិន​រួញរា​នឹង​ស្លាប់​ឡើយ​ ប៉ុន្ដែ​បើ​សេចក្ដី​ដែល​អ្នក​ទាំង​នេះ​ចោទ​ប្រកាន់​ខ្ញុំ​គ្មាន​ហេតុផល​ទេ​នោះ​ គ្មាន​អ្នកណា​ម្នាក់​អាច​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ​​ពួកគេ​បាន​ឡើយ​ ខ្ញុំ​សូម​ប្ដឹង​ឧទ្ធរណ៍​ទៅ​ព្រះចៅ​អធិរាជ»។​

12. ពេល​លោក​ភេស្ទុស​ពិភាក្សា​ជាមួយ​ក្រុម​ប្រឹក្សា​រួច​ហើយ​ ក៏​និយាយ​ថា៖​ «អ្នក​បាន​សូម​ប្ដឹង​ឧទ្ធរណ៍​ទៅ​ព្រះចៅ​អធិរាជ​ ដូច្នេះ​ អ្នក​នឹង​ទៅ​ជួប​ព្រះចៅ​អធិរាជ​មិន​ខាន!»​

13. លុះ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ ស្ដេច​អ័គ្រីប៉ា​ និង​ព្រះនាង​បេរេនីស​បាន​មក​ដល់​ក្រុង​សេសារា​ ដើម្បី​សំដែង​ការ​គួរសម​ចំពោះ​លោក​ភេស្ទុស។​

14. កាល​ស្ដេច​ស្នាក់នៅ​ទី​នោះ​ជាច្រើន​ថ្ងៃ​ លោក​ភេស្ទុស​ក៏​ប្រាប់​ស្ដេច​អំពី​រឿង​ក្ដី​របស់​លោក​ប៉ូល​ថា៖​ «មាន​បុរស​ម្នាក់​ជា​អ្នក​ទោស​ដែល​លោក​ភេលីច​ទុក​ឲ្យ​នៅ​ជាប់​ឃុំ​

15. ហើយ​ពេល​ខ្ញុំ​ឡើង​ទៅ‍​ឯ​ក្រុង​យេរូសាឡិម​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​របស់​ពួក​ជនជាតិ​យូដា​បាន​ប្រាប់​ខ្ញុំ​អំពី​បុរស​នេះ​ ទាំង​ទទូច​សុំ​ការ​ផ្ដន្ទា​ទោស​ដល់​គាត់​

16. ប៉ុន្ដែ​ខ្ញុំ​បាន​ប្រាប់​អ្នក​ទាំង​នោះ​ថា​ ជនជាតិ​រ៉ូម​គ្មាន​ទម្លាប់​ប្រគល់​មនុស្ស​ណា​ម្នាក់​ មុន​ពេល​ដែល​អ្នក​ចុងចោទ​មាន​ឱកាស​ទទួល​បាន​ការ​ការពារ​ខ្លួន​នៅ​មុខ​អ្នក​ដើមចោទ​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ​ឡើយ​

17. ដូច្នេះ​ ពេល​ពួកគេ​មក​ជួបជុំ​គ្នា​នៅ​ទី​នេះ​ ខ្ញុំ​មិន​បង្អង់​ឡើយ​ ក៏​បញ្ជា​ឲ្យ​គេ​នាំ​បុរស​នោះ​មក​ ហើយ​ធ្វើ​ការ​ជំនុំជម្រះ​នៅ​ថ្ងៃ​បន្ទាប់​

18. ប៉ុន្តែ​ពេល​ពួក​ដើមចោទ​ក្រោក​ឈរ​ចោទប្រកាន់​អំពី​កររណី​របស់​គាត់​ នោះ​មិន​អាក្រក់​ដូច​ដែល​ខ្ញុំ​ស្មាន​ឡើយ​

19. ដ្បិត​ពួកគេ​មាន​ជម្លោះ​ជាមួយ​គាត់​អំពី​សាសនា​របស់​ពួកគេ​ផ្ទាល់​ និង​អំពី​ម្នាក់​ឈ្មោះ​យេស៊ូ​ដែល​បាន​ស្លាប់​ គឺ​ជា​អ្នក​ដែល​ប៉ូល​អះអាង​ថា​នៅ​មាន​ជីវិត​

សូមអានជំពូកពេញលេញ កិច្ចការ 25