គម្ពីរសញ្ញាថ្មី

កិច្ចការ 25:19-27 Khmer Christian Bible (KCB)

19. ដ្បិត​ពួកគេ​មាន​ជម្លោះ​ជាមួយ​គាត់​អំពី​សាសនា​របស់​ពួកគេ​ផ្ទាល់​ និង​អំពី​ម្នាក់​ឈ្មោះ​យេស៊ូ​ដែល​បាន​ស្លាប់​ គឺ​ជា​អ្នក​ដែល​ប៉ូល​អះអាង​ថា​នៅ​មាន​ជីវិត​

20. ហើយ​ដោយ​ខ្ញុំ​មិន​ច្បាស់​ក្នុង​ការ​ស៊ើប​អង្កេត​អំពី​បញ្ហា​ទាំង​នេះ​ ខ្ញុំ​ក៏​សួរ​គាត់​ ក្រែងលោ​គាត់​សុខចិត្ត​ទៅ‍​ឯ​ក្រុង​យេរូសាឡិម​ ហើយ​ទទួល​យក​ការ​ជំនុំជម្រះ​ចំពោះ​បញ្ហា​ទាំង​នោះ​នៅ​ទី​នោះ​

21. ប៉ុន្ដែ​ពេល​ប៉ូល​សុំ​ឲ្យ​ឃុំ​គាត់​ទុក​ដើម្បី​ប្ដឹង​ឧទ្ធរណ៍​សុំ​សេចក្ដី​សម្រេច​ពី​ព្រះចៅ​អធិរាជ​ ខ្ញុំ​ក៏​បញ្ជា​ឲ្យ​ឃុំ​គាត់​ទុក​រហូត​ដល់​ពេល​ខ្ញុំ​អាច​បញ្ជូន​គាត់​ទៅ​ព្រះចៅ​អធិរាជ​បាន»។​

22. ពេល​នោះ​ ស្ដេច​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ភេស្ទុស​ថា៖​ «ខ្ញុំ​ផ្ទាល់​ក៏​ចង់​ស្ដាប់​បុរស​នោះ​ដែរ»​ លោក​ភេស្ទុស​ទូល​ថា៖​ «នៅ​ថ្ងៃ​ស្អៃក​ ព្រះអង្គ​នឹង​បាន​ស្ដាប់​គាត់​ហើយ»។​

23. ដូច្នេះ​ នៅ​ថ្ងៃ​បន្ទាប់​ ស្ដេច​អ័គ្រីប៉ា​ និង​ព្រះនាង​បេរេនីស​បាន​យាង​មក​ជាមួយ​ក្បួន​អធិក​អធម​ដ៏​អស្ចារ្យ​ ហើយ​បាន​ចូល​ទៅ​ក្នុង​សាល​ប្រជុំ​ព្រម​ជាមួយ​ពួក​មេបញ្ជាការ​ និង​ពួក​អ្នកមុខ​អ្នកការ​ក្នុង​ក្រុង​នោះ។​ បន្ទាប់មក​ លោក​ភេស្ទុស​ក៏​បញ្ជា​ឲ្យ​នាំ​លោក​ប៉ូល​មក​

24. ដោយ​និយាយ​ថា៖​ «ឱ​ ស្ដេច​អ័គ្រីប៉ា​ និង​អស់​លោក​ដែល​មាន​វត្ដមាន​នៅ​ទី​នេះ​ជាមួយ​យើង​ បុរស​ដែល​អស់​លោក​ឃើញ​នេះ​ហើយ​ដែល​បណ្ដាជន​នៃ​ពួក​ជនជាតិ​យូដា​ទាំង​អស់​ ទាំង​នៅ​ក្រុង​យេរូសាឡិម​ និង​នៅ​ទី​នេះ​បាន​ប្ដឹង​ឧទ្ធរណ៍​មក​ខ្ញុំ​ ដោយ​ស្រែក​ថា​ គាត់​មិន​សម​រស់​នៅ​ទៀត​ទេ​

25. រីឯ​ខ្ញុំ​ឃើញ​ថា​ គាត់​មិន​បាន​ធ្វើ​អ្វី​សម​នឹង​ស្លាប់​ឡើយ​ ប៉ុន្ដែ​ដោយ​គាត់​ផ្ទាល់​បាន​ប្ដឹង​ឧទ្ធរណ៍​ទៅ​ព្រះចៅ​អធិរាជ​ ខ្ញុំ​ក៏​សម្រេច​ថា​នឹង​បញ្ជូន​គាត់​ទៅ​

26. ប៉ុន្ដែ​ ខ្ញុំ​គ្មាន​សំណុំ​រឿង​ច្បាស់​លាស់​អំពី​គាត់​សរសេរ​ថ្វាយ​ទៅ​ព្រះចៅ​អធិរាជ​ទេ​ ដូច្នេះ​ហើយ​បានជា​ខ្ញុំ​នាំ​គាត់​មក​នៅ​ចំពោះ​មុខ​អស់​លោក​ ជា​ពិសេស​ ឱ​ស្ដេច​អ័គ្រីប៉ា​អើយ!​ គឺ​នៅ​ចំពោះ​មុខ​ព្រះអង្គ​ ដើម្បី​បន្ទាប់​ពី​មាន​ការ​ស៊ើបអង្កេត​ ខ្ញុំ​អាច​មាន​សំណុំ​រឿង​សរសេរ​បាន​

27. ដ្បិត​ខ្ញុំ​យល់​ឃើញ​ថា​ ការ​បញ្ជូន​អ្នក​ទោស​ទៅ​ដោយ​មិន​បញ្ជាក់​ពី​ទោស​របស់​គេ​ នោះ​មិន​សម​ហេតុផល​ទេ»‍។​

សូមអានជំពូកពេញលេញ កិច្ចការ 25