គម្ពីរសញ្ញាថ្មី

កិច្ចការ 25:13-22 Khmer Christian Bible (KCB)

13. លុះ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ ស្ដេច​អ័គ្រីប៉ា​ និង​ព្រះនាង​បេរេនីស​បាន​មក​ដល់​ក្រុង​សេសារា​ ដើម្បី​សំដែង​ការ​គួរសម​ចំពោះ​លោក​ភេស្ទុស។​

14. កាល​ស្ដេច​ស្នាក់នៅ​ទី​នោះ​ជាច្រើន​ថ្ងៃ​ លោក​ភេស្ទុស​ក៏​ប្រាប់​ស្ដេច​អំពី​រឿង​ក្ដី​របស់​លោក​ប៉ូល​ថា៖​ «មាន​បុរស​ម្នាក់​ជា​អ្នក​ទោស​ដែល​លោក​ភេលីច​ទុក​ឲ្យ​នៅ​ជាប់​ឃុំ​

15. ហើយ​ពេល​ខ្ញុំ​ឡើង​ទៅ‍​ឯ​ក្រុង​យេរូសាឡិម​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​របស់​ពួក​ជនជាតិ​យូដា​បាន​ប្រាប់​ខ្ញុំ​អំពី​បុរស​នេះ​ ទាំង​ទទូច​សុំ​ការ​ផ្ដន្ទា​ទោស​ដល់​គាត់​

16. ប៉ុន្ដែ​ខ្ញុំ​បាន​ប្រាប់​អ្នក​ទាំង​នោះ​ថា​ ជនជាតិ​រ៉ូម​គ្មាន​ទម្លាប់​ប្រគល់​មនុស្ស​ណា​ម្នាក់​ មុន​ពេល​ដែល​អ្នក​ចុងចោទ​មាន​ឱកាស​ទទួល​បាន​ការ​ការពារ​ខ្លួន​នៅ​មុខ​អ្នក​ដើមចោទ​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ​ឡើយ​

17. ដូច្នេះ​ ពេល​ពួកគេ​មក​ជួបជុំ​គ្នា​នៅ​ទី​នេះ​ ខ្ញុំ​មិន​បង្អង់​ឡើយ​ ក៏​បញ្ជា​ឲ្យ​គេ​នាំ​បុរស​នោះ​មក​ ហើយ​ធ្វើ​ការ​ជំនុំជម្រះ​នៅ​ថ្ងៃ​បន្ទាប់​

18. ប៉ុន្តែ​ពេល​ពួក​ដើមចោទ​ក្រោក​ឈរ​ចោទប្រកាន់​អំពី​កររណី​របស់​គាត់​ នោះ​មិន​អាក្រក់​ដូច​ដែល​ខ្ញុំ​ស្មាន​ឡើយ​

19. ដ្បិត​ពួកគេ​មាន​ជម្លោះ​ជាមួយ​គាត់​អំពី​សាសនា​របស់​ពួកគេ​ផ្ទាល់​ និង​អំពី​ម្នាក់​ឈ្មោះ​យេស៊ូ​ដែល​បាន​ស្លាប់​ គឺ​ជា​អ្នក​ដែល​ប៉ូល​អះអាង​ថា​នៅ​មាន​ជីវិត​

20. ហើយ​ដោយ​ខ្ញុំ​មិន​ច្បាស់​ក្នុង​ការ​ស៊ើប​អង្កេត​អំពី​បញ្ហា​ទាំង​នេះ​ ខ្ញុំ​ក៏​សួរ​គាត់​ ក្រែងលោ​គាត់​សុខចិត្ត​ទៅ‍​ឯ​ក្រុង​យេរូសាឡិម​ ហើយ​ទទួល​យក​ការ​ជំនុំជម្រះ​ចំពោះ​បញ្ហា​ទាំង​នោះ​នៅ​ទី​នោះ​

21. ប៉ុន្ដែ​ពេល​ប៉ូល​សុំ​ឲ្យ​ឃុំ​គាត់​ទុក​ដើម្បី​ប្ដឹង​ឧទ្ធរណ៍​សុំ​សេចក្ដី​សម្រេច​ពី​ព្រះចៅ​អធិរាជ​ ខ្ញុំ​ក៏​បញ្ជា​ឲ្យ​ឃុំ​គាត់​ទុក​រហូត​ដល់​ពេល​ខ្ញុំ​អាច​បញ្ជូន​គាត់​ទៅ​ព្រះចៅ​អធិរាជ​បាន»។​

22. ពេល​នោះ​ ស្ដេច​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ភេស្ទុស​ថា៖​ «ខ្ញុំ​ផ្ទាល់​ក៏​ចង់​ស្ដាប់​បុរស​នោះ​ដែរ»​ លោក​ភេស្ទុស​ទូល​ថា៖​ «នៅ​ថ្ងៃ​ស្អៃក​ ព្រះអង្គ​នឹង​បាន​ស្ដាប់​គាត់​ហើយ»។​

សូមអានជំពូកពេញលេញ កិច្ចការ 25