គម្ពីរសញ្ញាថ្មី

កិច្ចការ 24:5-18 Khmer Christian Bible (KCB)

5. ដ្បិត​យើង​បាន​ឃើញ​ថា​ បុរស​នេះ​ជា​មនុស្ស​ចង្រៃ​ដែល​បាន​បង្ក​ចលាចល​ដល់​ជនជាតិ​យូដា​ទាំង​អស់​ពាសពេញ​ពិភព​លោក​ ហើយ​ជា​មេ​ដឹកនាំ​គណៈ​ណាសារ៉ែត​

6. គាត់​ថែម​ទាំង​ព្យាយាម​បង្អាប់​បង្អោន​ព្រះ​វិហារ​ទៀត​ផង​ ដូច្នេះ​បាន​ជា​យើង​ចាប់​គាត់​ [ហើយ​ផ្ដន្ទា​ទោស​តាម​គម្ពីរ​វិន័យ​របស់​យើង​

7. ប៉ុន្ដែ​មេបញ្ជាការ​ឈ្មោះ​លូស៊ា​បាន​នាំ​កង​កម្លាំង​មក​ដណ្ដើម​យក​គាត់​ពី​ដៃ​របស់​យើង​

8. ហើយ​បង្គាប់​ឲ្យ​ពួក​ដើម​ចោទ​របស់​គាត់​មក​ជួប​លោក]​ សូម​លោក​សាកសួរ​ពី​គាត់​ដោយ​ផ្ទាល់​ចុះ​ នោះ​លោក​អាច​ដឹង​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​ចោទប្រកាន់​គាត់»។​

9. ពួក​ជនជាតិ​យូដា​ទាំង​នោះ​បាន​យល់​ព្រម​ដែរ​ដោយ​បញ្ជាក់​ថា​ សេចក្ដី​ទាំង​នេះ​ពិត​ជា​ដូច្នេះ​មែន។​

10. លោក​អភិបាល​ក៏​ងក់​ក្បាល​ដាក់​លោក​ប៉ូល​ឲ្យ​និយាយ​ លោក​ប៉ូល​ក៏​និយាយ​ថា៖​ «ដោយ​ដឹង​ថា​ ​លោក​ជា​ចៅក្រម​សម្រាប់​ជាតិ​សាសន៍​នេះ​ច្រើន​ឆ្នាំ​មក​ហើយ​ ដូច្នេះ​ ខ្ញុំ​សូម​ឆ្លើយ​ការពារ​ចំពោះ​ការ​ចោទប្រកាន់​ខ្ញុំ​នេះ​យ៉ាង​រីករាយ។​

11. ​លោក​អាច​ដឹង​បាន​ថា​ តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​ឡើង​ទៅ​ថ្វាយបង្គំ​នៅ​ក្រុង​យេរូសាឡិម​មក​ នោះ​មាន​រយៈ​ពេល​មិន​លើស​ពី​ដប់ពីរ​ថ្ងៃ​ទេ​

12. ហើយ​ពួកគេ​មិន​បាន​ឃើញ​ខ្ញុំ​ឈ្លោះ​ប្រកែក​ជាមួយ​អ្នកណា​ម្នាក់​នៅ​ក្នុង​ព្រះ​វិហារ​ ឬ​បង្ក​ចលាចល​ដល់​បណ្ដាជន​ឡើយ​ ទាំង​នៅ​ក្នុង​សាលា​ប្រជុំ​ ឬ​នៅ​ក្នុង​ក្រុង​ក្ដី​

13. ពួកគេ​ក៏​មិន​អាច​បង្ហាញ​ភស្ដុតាង​ដល់​លោក​អំពី​ករណី​ដែល​ពួកគេ​កំពុង​ចោទប្រកាន់​ខ្ញុំ​នៅ​ពេល​នេះ​បាន​ដែរ​

14. ប៉ុន្តែ​ ខ្ញុំ​សូម​ប្រាប់​លោក​អំពី​ការ​នេះ​តាម​ត្រង់​ថា​ យោង​តាម​មាគ៌ា​ដែល​ពួកគេ​ហៅ​ថា​គណៈ​ខុស​ឆ្គង​នោះ​ គឺ​ខ្ញុំ​បាន​បម្រើ​ព្រះ​នៃ​ដូនតា​របស់​យើង​ ព្រមទាំង​ជឿ​សេចក្ដី​ទាំងឡាយ​ស្របតាម​គម្ពីរ​វិន័យ​ និង​សេចក្ដី​ដែល​បាន​ចែង​ទុក​ក្នុង​គម្ពីរ​អ្នក​នាំ​ព្រះបន្ទូល​

15. ដោយ​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះជាម្ចាស់​ ជា​សេចក្ដី​សង្ឃឹម​ដែល​អ្នក​ទាំង​នេះ​ផ្ទាល់ក៏​ទន្ទឹង​រង់ចាំ​ដែរ​ គឺ​នឹង​មាន​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​សុចរិត​ និង​មនុស្ស​ទុច្ចរិត។​

16. ដោយ​ហេតុ​នេះ​ហើយ​បានជា​ខ្ញុំ​ផ្ទាល់​តែងតែ​ខំប្រឹង​ឲ្យ​មាន​មនសិការ​ឥត​បន្ទោស​បាន​ ទាំង​នៅ​ចំពោះ​ព្រះជាម្ចាស់​ និង​មនុស្ស​ទាំងឡាយ​ជានិច្ច​

17. ប៉ុន្តែ​ ច្រើន​ឆ្នាំ​ក្រោយ​មក​ ពេល​ខ្ញុំ​នាំ​តង្វាយ​ ព្រមទាំង​ជំនួយ​មក​ឲ្យ​ជាតិ​សាសន៍​របស់​ខ្ញុំ​

18. នៅ​ពេល​នោះ​ពួកគេ​ក៏​ឃើញ​ខ្ញុំ​ធ្វើ​ពិធី​ជម្រះ​កាយ​នៅ​ក្នុង​ព្រះ​វិហារ​ ដោយ​គ្មាន​បណ្ដាជន​ ឬ​ចលាចល​ឡើយ​

សូមអានជំពូកពេញលេញ កិច្ចការ 24