គម្ពីរសញ្ញាថ្មី

កិច្ចការ 24:15-24 Khmer Christian Bible (KCB)

15. ដោយ​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះជាម្ចាស់​ ជា​សេចក្ដី​សង្ឃឹម​ដែល​អ្នក​ទាំង​នេះ​ផ្ទាល់ក៏​ទន្ទឹង​រង់ចាំ​ដែរ​ គឺ​នឹង​មាន​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​សុចរិត​ និង​មនុស្ស​ទុច្ចរិត។​

16. ដោយ​ហេតុ​នេះ​ហើយ​បានជា​ខ្ញុំ​ផ្ទាល់​តែងតែ​ខំប្រឹង​ឲ្យ​មាន​មនសិការ​ឥត​បន្ទោស​បាន​ ទាំង​នៅ​ចំពោះ​ព្រះជាម្ចាស់​ និង​មនុស្ស​ទាំងឡាយ​ជានិច្ច​

17. ប៉ុន្តែ​ ច្រើន​ឆ្នាំ​ក្រោយ​មក​ ពេល​ខ្ញុំ​នាំ​តង្វាយ​ ព្រមទាំង​ជំនួយ​មក​ឲ្យ​ជាតិ​សាសន៍​របស់​ខ្ញុំ​

18. នៅ​ពេល​នោះ​ពួកគេ​ក៏​ឃើញ​ខ្ញុំ​ធ្វើ​ពិធី​ជម្រះ​កាយ​នៅ​ក្នុង​ព្រះ​វិហារ​ ដោយ​គ្មាន​បណ្ដាជន​ ឬ​ចលាចល​ឡើយ​

19. គឺ​មាន​តែ​ពួក​ជនជាតិ​យូដា​ខ្លះ​ដែល​មក​ពី​ស្រុក​អាស៊ី​ប៉ុណ្ណោះ​ ហើយ​បើ​ពួកគេ​មាន​បញ្ហា​អ្វី​មួយ​ទាស់​នឹង​ខ្ញុំ​ ពួកគេ​គួរតែ​មក​ធ្វើ​ការ​ចោទប្រកាន់​នៅ​ចំពោះ​មុខ​លោក​

20. ឬ​ក៏​ឲ្យ​អ្នក​ទាំង​នេះ​និយាយ​ដោយ​ផ្ទាល់​អំពី​បទល្មើស​ណា​មួយ​ដែល​ពួកគេ​បាន​ឃើញ​នៅ​ពេល​ខ្ញុំ​ឈរ​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​កំពូល​ចុះ​

21. លើកលែង​តែ​ពាក្យ​សំដី​មួយ​នេះ​ប៉ុណ្ណោះ​ ដែល​ខ្ញុំ​បាន​ប្រកាស​ពេល​ឈរ​នៅ​កណ្ដាល​ចំណោម​ពួកគេ​ថា​ អ្នក​រាល់គ្នា​ជំនុំជម្រះ​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ ទាក់ទង​នឹង​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​ស្លាប់‍»។​

22. ដោយ​លោក​ភេលីច​យល់​កាន់តែ​ច្បាស់​អំពី​មាគ៌ា​នេះ​ គាត់​ក៏​ផ្អាក​រឿង​ក្ដី​របស់​ពួកគេ​ដោយ​និយាយ​ថា៖​ «ពេល​មេបញ្ជាការ​លូស៊ា​មក​ដល់​ ខ្ញុំ​នឹង​សម្រេច​រឿង​ក្ដី​ដល់​អ្នក​រាល់គ្នា»​

23. រួច​លោក​អភិបាល​ក៏​បញ្ជា​ទៅ​នាយ​ទាហាន​ឲ្យ​យាម​លោក​ប៉ូល​ ប៉ុន្តែ​ឲ្យ​គាត់​មាន​សេរីភាព​ខ្លះ​ គឺ​មិន​ឲ្យ​រារាំង​មនុស្ស​របស់​គាត់​ផ្ទាល់​មក​បម្រើ​គាត់​ទេ។​

24. ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ ពេល​លោក​ភេលីច​ និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ទ្រូស៊ីល​ ដែល​ជា​ជនជាតិ​យូដា​បាន​មក​ដល់​ លោក​ភេលីច​ក៏​កោះហៅ​លោក​ប៉ូល​ឲ្យ​មក​ រួច​បាន​ស្ដាប់​លោក​ប៉ូល​អំពី​ជំនឿ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​

សូមអានជំពូកពេញលេញ កិច្ចការ 24