គម្ពីរសញ្ញាថ្មី

កិច្ចការ 23:7-18 Khmer Christian Bible (KCB)

7. ពេល​គាត់​និយាយ​ដូច្នេះ​ហើយ​ នោះ​ក៏​មាន​ការ​ឈ្លោះ​ប្រកែក​រវាង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ ហើយ​អង្គប្រជុំ​បាន​បែកបាក់​គ្នា​

8. ដ្បិត​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​អះអាង​ថា​ គ្មាន​ការ​រស់​ឡើង​វិញ​ គ្មាន​ទេវតា​ ឬ​វិញ្ញាណ​អ្វី​ឡើយ​ រីឯ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​វិញ​ ទទួល​ស្គាល់​សេចក្ដី​ទាំង​អស់​នេះ‍។​

9. ពេល​នោះ​ ក៏​មាន​សំឡេង​ទ្រហឹង​អឺងអ័ព្ទ​ ហើយ​មាន​ពួក​គ្រូ​វិន័យ​ខាង​គណៈ​ផារិស៊ី​ខ្លះ​ បាន​ក្រោក​តវ៉ា​យ៉ាង​ខ្លាំង​ថា៖​ «យើង​ឃើញ​ថា​ បុរស​នេះ​គ្មាន​កំហុស​ឡើយ​ ប៉ុន្ដែ​ប្រហែល​ជា​មាន​វិញ្ញាណ​ ឬ​ទេវតា​ណា​មួយ​និយាយ​មក​គាត់​ទេ​ដឹង?»​

10. ពេល​មាន​ទំនាស់​កាន់តែ​ខ្លាំង​ មេបញ្ជាការ​ក៏​បញ្ជា​ទាហាន​ឲ្យ​ចុះ​ទៅ​ដណ្ដើម​យក​លោក​ប៉ូល​ពី​កណ្ដាល​ចំណោម​ពួកគេ​ នាំ​ទៅ​ក្នុង​បន្ទាយ​វិញ​ ដោយ​ខ្លាច​ក្រែង​ពួកគេ​ហែក​គាត់​ជា​ចម្រៀក។​

11. នៅ​យប់​បន្ទាប់​ ព្រះអម្ចាស់​បាន​ឈរ​ក្បែរ​គាត់​ ទាំង​មាន​បន្ទូល​ថា៖​ «ចូរ​មាន​ទឹកចិត្ត​ឡើង​ ដ្បិត​អ្នក​បាន​ធ្វើ​បន្ទាល់​អំពី​យើង​នៅ​ក្រុង​យេរូសាឡិម​យ៉ាង​ណា​ អ្នក​ត្រូវ​ធ្វើ​បន្ទាល់​នៅ​ក្រុង​រ៉ូម​យ៉ាង​នោះ​ដែរ»។​

12. លុះ​ដល់​ព្រឹក​ឡើង​ ពួក​ជនជាតិ​យូដា​បាន​ឃុបឃិត​គ្នា​ ទាំង​ស្បថ​ជាមួយ​គ្នា​ថា​ ពួកគេ​មិន​បរិភោគ​ និង​មិន​ផឹក​ជា​ដាច់​ខាត​ទាល់​តែ​សម្លាប់​លោក​ប៉ូល​បាន​

13. ហើយ​ពួក​អ្នក​មាន​ផែនការ​អាក្រក់​នេះ​ មាន​គ្នា​ច្រើន​ជាង​សែសិប​នាក់​

14. គឺ​ពួកគេ​បាន​ចូល​ទៅ​ប្រាប់​ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​ថា៖​ «យើង​បាន​ជាប់​សម្បថ​ជាមួយ​គ្នា​ហើយ​ថា​ យើង​មិន​បរិភោគ​ជា​ដាច់​ខាត​ទាល់​តែ​សម្លាប់​ប៉ូល​បាន​

15. ដូច្នេះ​ ឥឡូវ​នេះ​ សូម​អស់​លោក​ជាមួយ​ក្រុម​ប្រឹក្សា​កំពូល​ ប្រាប់​មេបញ្ជាការ​នោះ​ឲ្យ​នាំ​វា​ចុះ​មក​ជួប​អស់​លោក​ ហាក់​ដូចជា​អស់​លោក​ចង់​សាកសួរ​អំពី​រឿង​ក្ដី​របស់​វា​ ឲ្យ​បាន​ច្បាស់​ថែម​ទៀត​ រីឯ​យើង​ត្រៀមខ្លួន​សម្លាប់​វា​មុន​វា​មក​ដល់»​

16. ប៉ុន្ដែ​ ពេល​ក្មួយ​ប្រុស​របស់​លោក​ប៉ូល​បាន‍​ឮ​អំពី​ការ​ពួន​ស្ទាក់​នេះ​ គាត់​ក៏​ទៅ​ក្នុង​បន្ទាយ​ ហើយ​រាយការណ៍​ប្រាប់​លោក​ប៉ូល។​

17. ពេល​នោះ​ លោក​ប៉ូល​ក៏​ហៅ​នាយ​ទាហាន​ម្នាក់​មក​ប្រាប់​ថា៖​ «សូម​នាំ​យុវជន​នេះ​ទៅ​ជួប​លោក​មេបញ្ជាការ​ផង​ ដ្បិត​គាត់​មាន​ដំណឹង​រាយការណ៍​ប្រាប់​លោក»​

18. ដូច្នេះ​ នាយ​ទាហាន​ក៏​នាំ​យក​យុវជន​នោះ​ទៅ​ជួប​មេបញ្ជាការ​ ហើយ​ប្រាប់​ថា៖​ «អ្នក​ទោស​ឈ្មោះ​ប៉ូល​បាន​ហៅ​ខ្ញុំ​ ហើយ​សុំ​ឲ្យ​នាំ​យុវជន​នេះ​មក​ជួប​លោក​ ព្រោះ​គាត់​មាន​ដំណឹង​ប្រាប់​លោក»។​

សូមអានជំពូកពេញលេញ កិច្ចការ 23