គម្ពីរសញ្ញាថ្មី

កិច្ចការ 23:23-35 Khmer Christian Bible (KCB)

23. បន្ទាប់មក​ គាត់​ក៏​ហៅ​នាយ​ទាហាន​ពីរ​នាក់​មក​ ហើយ​បង្គាប់​ថា៖​ «ចូរ​រៀបចំ​ទាហាន​ពីររយ​នាក់​ ពល​សេះ​ចិតសិប​នាក់​ និង​ពល​លំពែង​ពីររយ​នាក់​ឲ្យ​ហើយ​ ដើម្បី​ទៅ​ក្រុង​សេសារ៉ា​នៅ​វេលា​ម៉ោង​ប្រាំបួន​យប់​នេះ​

24. ហើយ​ត្រូវ​រៀបចំ​សត្វ​ដើម្បី​ឲ្យ​ប៉ូល​ជិះ​ ហើយ​នាំ​គាត់​ទៅ​ឯ​លោក​អភិបាល​ភេលីច​ដោយ​សុវត្ថិភាព»​

25. រួច​មេបញ្ជាការ​ក៏​សរសេរ​សំបុត្រ​មួយ​ច្បាប់​ មាន​សេចក្ដី​ដូច​តទៅ​នេះ៖​

26. «ខ្ញុំ​ក្លូឌាស​លូស៊ា​ សូម​គោរព​ជូន​ចំពោះ​លោក​អភិបាល​ភេលីច​ ឲ្យ​បាន​ជ្រាប​ថា​

27. បុរស​នេះ​ត្រូវ​ជនជាតិ​យូដា​ចាប់​យក​មក​ ហើយ​ពួកគេ​បម្រុង​សម្លាប់​ចោល​ ប៉ុន្ដែ​ពេល​ខ្ញុំ​នាំ​ទាហាន​ចូល​ទៅ​រំដោះ​គាត់​ចេញ​ពី​ពួកគេ​ នោះ​ទើប​ដឹង​ថា​គាត់​ជា​ជនជាតិ​រ៉ូម​

28. ហើយ​ដោយ​ចង់​ដឹង​ពី​ករណី​ដែល​ពួកគេ​ចោទ​ប្រកាន់​គាត់​នោះ​ ខ្ញុំ​ក៏​នាំ​គាត់​ចុះ​ទៅ​ឯ​ក្រុម​ប្រឹក្សា​កំពូល​របស់​ពួកគេ។​

29. ពេល​នោះ​ខ្ញុំ​ឃើញ​ថា​ ពួកគេ​ចោទ​ប្រកាន់​គាត់​អំពី​បញ្ហា​នៃ​គម្ពីរ​វិន័យ​របស់​ពួកគេ​ប៉ុណ្ណោះ​ ហើយ​ការ​ចោទ​ប្រកាន់​ដែល​មាន​នេះ​ មិន​សម​ទោស​ស្លាប់​ ឬ​ទោស​ជាប់​ច្រវាក់​ឡើយ​

30. រួច​ពេល​ខ្ញុំ​ដឹង​ថា​ ពួក​ជនជាតិ​យូដា​មាន​ផែនការ​អាក្រក់​ចំពោះ​បុរស​នេះ​ ខ្ញុំ​ក៏​បញ្ជូន​គាត់​មក​លោក​ភ្លាម​ ទាំង​បង្គាប់​ឲ្យ​ពួក​អ្នក​ដើម​ចោទ​មក‍​ឯ​លោក​ដែរ​ ដើម្បី​និយាយ​តតាំង​ជាមួយ​គាត់​អំពី​រឿង​ក្ដី​នេះ»។​

31. ដូច្នេះ​ ពួក​ទាហាន​ក៏​យក​លោក​ប៉ូល​នាំ​ទៅ​ក្រុង​អាន់ទីប៉ាទ្រីស​ទាំង​យប់​ តាម​សេចក្ដី​ដែល​បាន​បញ្ជា។​

32. នៅ​ថ្ងៃ​បន្ទាប់​ ពួក​ទាហាន​បាន​ត្រលប់​មក‍​ឯ​បន្ទាយ​វិញ​ ដោយ​ទុក​ឲ្យ​ពល​សេះ​ធ្វើ​ដំណើរ​ជាមួយ​លោក​ប៉ូល​

33. កាល​ចូល​ដល់​ក្រុង​សេសារា​ហើយ​ ពល​សេះ​ក៏​ប្រគល់​សំបុត្រ​ឲ្យ​លោក​អភិបាល​ ព្រមទាំង​បង្ហាញ​ខ្លួន​លោក​ប៉ូល​ដល់​គាត់​ដែរ។​

34. ពេល​លោក​អភិបាល​អាន​សំបុត្រ​នោះ​រួច​ គាត់​ក៏​សួរ​លោក​ប៉ូល​ថា​ មក​ពី​ស្រុក​ណា​ លុះ​ដឹង​ថា​គាត់​មក​ពី​ស្រុក​គីលីគា​

35. លោក​អភិបាល​ក៏​និយាយ​ថា៖​ «ពេល​ពួក​អ្នក​ដើម​ចោទ​របស់​អ្នក​មក​ដល់​ដែរ​ ខ្ញុំ​នឹង​ស្ដាប់​អ្នក​ទៀត»​ បន្ទាប់​មក​ គាត់​ក៏​បញ្ជា​ឲ្យ​ការពារ​លោក​ប៉ូល​នៅ​ក្នុង​បន្ទាយ​របស់​ស្ដេច​ហេរ៉ូឌ។​

សូមអានជំពូកពេញលេញ កិច្ចការ 23