គម្ពីរសញ្ញាថ្មី

កិច្ចការ 23:16-30 Khmer Christian Bible (KCB)

16. ប៉ុន្ដែ​ ពេល​ក្មួយ​ប្រុស​របស់​លោក​ប៉ូល​បាន‍​ឮ​អំពី​ការ​ពួន​ស្ទាក់​នេះ​ គាត់​ក៏​ទៅ​ក្នុង​បន្ទាយ​ ហើយ​រាយការណ៍​ប្រាប់​លោក​ប៉ូល។​

17. ពេល​នោះ​ លោក​ប៉ូល​ក៏​ហៅ​នាយ​ទាហាន​ម្នាក់​មក​ប្រាប់​ថា៖​ «សូម​នាំ​យុវជន​នេះ​ទៅ​ជួប​លោក​មេបញ្ជាការ​ផង​ ដ្បិត​គាត់​មាន​ដំណឹង​រាយការណ៍​ប្រាប់​លោក»​

18. ដូច្នេះ​ នាយ​ទាហាន​ក៏​នាំ​យក​យុវជន​នោះ​ទៅ​ជួប​មេបញ្ជាការ​ ហើយ​ប្រាប់​ថា៖​ «អ្នក​ទោស​ឈ្មោះ​ប៉ូល​បាន​ហៅ​ខ្ញុំ​ ហើយ​សុំ​ឲ្យ​នាំ​យុវជន​នេះ​មក​ជួប​លោក​ ព្រោះ​គាត់​មាន​ដំណឹង​ប្រាប់​លោក»។​

19. មេបញ្ជាការ​ក៏​ដឹក​ដៃ​យុវជន​នោះ​ទៅ​ដាច់​ពី​គេ​ រួច​សួរ​ថា៖​ «តើ​អ្នក​មាន​ដំណឹង​អ្វី​ប្រាប់​ខ្ញុំ‍​ឬ‍?»​

20. គាត់​ក៏​ប្រាប់​ថា៖​ «ពួក​ជនជាតិ​យូដា​បាន​ព្រមព្រៀង​គ្នា​សុំ​ឲ្យ​លោក​នាំ​លោក​ប៉ូល​ចុះ​ទៅ​ជួប​ក្រុម​ប្រឹក្សា​កំពូល​នៅ​ថ្ងៃ​ស្អែក​ ហាក់​ដូចជា​ចង់​សាកសួ​រអំពី​រឿង​ក្ដី​របស់​គាត់​ឲ្យ​បាន​ច្បាស់​ថែម​ទៀត​

21. ប៉ុន្ដែ​ សូម​លោក​កុំ​ជឿ​តាម​ពួកគេ​ឲ្យ​សោះ​ ដ្បិត​មាន​មនុស្ស​ជាង​សែសិប​នាក់​ក្នុង​ចំណោម​ពួកគេ​កំពុង​ពួនស្ទាក់​ចាំ​សម្លាប់​គាត់​ អ្នក​ទាំង​នោះ​បាន​ស្បថ​រួម​គ្នា​ថា​ មិន​បរិភោគ​ និង​មិន​ផឹក​ជា​ដាច់​ខាត​ទាល់​តែ​សម្លាប់​លោក​ប៉ូល​បាន​ ឥឡូវ​នេះ​ពួកគេ​ត្រៀម​រួច​រាល់​អស់​ហើយ​ ចាំ​តែ​ការ​យល់ព្រម​ពី​លោក​ប៉ុណ្ណោះ»។​

22. ពេល​នោះ​ មេបញ្ជាការ​ក៏​ឲ្យ​យុវជន​នោះ​ត្រលប់​ទៅ​វិញ​ ទាំង​បង្គាប់​ថា៖​ «អ្នក​មិន​ត្រូវ​ប្រាប់​នរណា​ម្នាក់​ពី​រឿង​ដែល​អ្នក​បាន​រាយការណ៍​ប្រាប់​ខ្ញុំ​នេះ​ឡើយ»។​

23. បន្ទាប់មក​ គាត់​ក៏​ហៅ​នាយ​ទាហាន​ពីរ​នាក់​មក​ ហើយ​បង្គាប់​ថា៖​ «ចូរ​រៀបចំ​ទាហាន​ពីររយ​នាក់​ ពល​សេះ​ចិតសិប​នាក់​ និង​ពល​លំពែង​ពីររយ​នាក់​ឲ្យ​ហើយ​ ដើម្បី​ទៅ​ក្រុង​សេសារ៉ា​នៅ​វេលា​ម៉ោង​ប្រាំបួន​យប់​នេះ​

24. ហើយ​ត្រូវ​រៀបចំ​សត្វ​ដើម្បី​ឲ្យ​ប៉ូល​ជិះ​ ហើយ​នាំ​គាត់​ទៅ​ឯ​លោក​អភិបាល​ភេលីច​ដោយ​សុវត្ថិភាព»​

25. រួច​មេបញ្ជាការ​ក៏​សរសេរ​សំបុត្រ​មួយ​ច្បាប់​ មាន​សេចក្ដី​ដូច​តទៅ​នេះ៖​

26. «ខ្ញុំ​ក្លូឌាស​លូស៊ា​ សូម​គោរព​ជូន​ចំពោះ​លោក​អភិបាល​ភេលីច​ ឲ្យ​បាន​ជ្រាប​ថា​

27. បុរស​នេះ​ត្រូវ​ជនជាតិ​យូដា​ចាប់​យក​មក​ ហើយ​ពួកគេ​បម្រុង​សម្លាប់​ចោល​ ប៉ុន្ដែ​ពេល​ខ្ញុំ​នាំ​ទាហាន​ចូល​ទៅ​រំដោះ​គាត់​ចេញ​ពី​ពួកគេ​ នោះ​ទើប​ដឹង​ថា​គាត់​ជា​ជនជាតិ​រ៉ូម​

28. ហើយ​ដោយ​ចង់​ដឹង​ពី​ករណី​ដែល​ពួកគេ​ចោទ​ប្រកាន់​គាត់​នោះ​ ខ្ញុំ​ក៏​នាំ​គាត់​ចុះ​ទៅ​ឯ​ក្រុម​ប្រឹក្សា​កំពូល​របស់​ពួកគេ។​

29. ពេល​នោះ​ខ្ញុំ​ឃើញ​ថា​ ពួកគេ​ចោទ​ប្រកាន់​គាត់​អំពី​បញ្ហា​នៃ​គម្ពីរ​វិន័យ​របស់​ពួកគេ​ប៉ុណ្ណោះ​ ហើយ​ការ​ចោទ​ប្រកាន់​ដែល​មាន​នេះ​ មិន​សម​ទោស​ស្លាប់​ ឬ​ទោស​ជាប់​ច្រវាក់​ឡើយ​

30. រួច​ពេល​ខ្ញុំ​ដឹង​ថា​ ពួក​ជនជាតិ​យូដា​មាន​ផែនការ​អាក្រក់​ចំពោះ​បុរស​នេះ​ ខ្ញុំ​ក៏​បញ្ជូន​គាត់​មក​លោក​ភ្លាម​ ទាំង​បង្គាប់​ឲ្យ​ពួក​អ្នក​ដើម​ចោទ​មក‍​ឯ​លោក​ដែរ​ ដើម្បី​និយាយ​តតាំង​ជាមួយ​គាត់​អំពី​រឿង​ក្ដី​នេះ»។​

សូមអានជំពូកពេញលេញ កិច្ចការ 23