15. ដូច្នេះ ឥឡូវនេះ សូមអស់លោកជាមួយក្រុមប្រឹក្សាកំពូល ប្រាប់មេបញ្ជាការនោះឲ្យនាំវាចុះមកជួបអស់លោក ហាក់ដូចជាអស់លោកចង់សាកសួរអំពីរឿងក្ដីរបស់វា ឲ្យបានច្បាស់ថែមទៀត រីឯយើងត្រៀមខ្លួនសម្លាប់វាមុនវាមកដល់»
16. ប៉ុន្ដែ ពេលក្មួយប្រុសរបស់លោកប៉ូលបានឮអំពីការពួនស្ទាក់នេះ គាត់ក៏ទៅក្នុងបន្ទាយ ហើយរាយការណ៍ប្រាប់លោកប៉ូល។
17. ពេលនោះ លោកប៉ូលក៏ហៅនាយទាហានម្នាក់មកប្រាប់ថា៖ «សូមនាំយុវជននេះទៅជួបលោកមេបញ្ជាការផង ដ្បិតគាត់មានដំណឹងរាយការណ៍ប្រាប់លោក»
18. ដូច្នេះ នាយទាហានក៏នាំយកយុវជននោះទៅជួបមេបញ្ជាការ ហើយប្រាប់ថា៖ «អ្នកទោសឈ្មោះប៉ូលបានហៅខ្ញុំ ហើយសុំឲ្យនាំយុវជននេះមកជួបលោក ព្រោះគាត់មានដំណឹងប្រាប់លោក»។
19. មេបញ្ជាការក៏ដឹកដៃយុវជននោះទៅដាច់ពីគេ រួចសួរថា៖ «តើអ្នកមានដំណឹងអ្វីប្រាប់ខ្ញុំឬ?»
20. គាត់ក៏ប្រាប់ថា៖ «ពួកជនជាតិយូដាបានព្រមព្រៀងគ្នាសុំឲ្យលោកនាំលោកប៉ូលចុះទៅជួបក្រុមប្រឹក្សាកំពូលនៅថ្ងៃស្អែក ហាក់ដូចជាចង់សាកសួរអំពីរឿងក្ដីរបស់គាត់ឲ្យបានច្បាស់ថែមទៀត
21. ប៉ុន្ដែ សូមលោកកុំជឿតាមពួកគេឲ្យសោះ ដ្បិតមានមនុស្សជាងសែសិបនាក់ក្នុងចំណោមពួកគេកំពុងពួនស្ទាក់ចាំសម្លាប់គាត់ អ្នកទាំងនោះបានស្បថរួមគ្នាថា មិនបរិភោគ និងមិនផឹកជាដាច់ខាតទាល់តែសម្លាប់លោកប៉ូលបាន ឥឡូវនេះពួកគេត្រៀមរួចរាល់អស់ហើយ ចាំតែការយល់ព្រមពីលោកប៉ុណ្ណោះ»។
22. ពេលនោះ មេបញ្ជាការក៏ឲ្យយុវជននោះត្រលប់ទៅវិញ ទាំងបង្គាប់ថា៖ «អ្នកមិនត្រូវប្រាប់នរណាម្នាក់ពីរឿងដែលអ្នកបានរាយការណ៍ប្រាប់ខ្ញុំនេះឡើយ»។
23. បន្ទាប់មក គាត់ក៏ហៅនាយទាហានពីរនាក់មក ហើយបង្គាប់ថា៖ «ចូររៀបចំទាហានពីររយនាក់ ពលសេះចិតសិបនាក់ និងពលលំពែងពីររយនាក់ឲ្យហើយ ដើម្បីទៅក្រុងសេសារ៉ានៅវេលាម៉ោងប្រាំបួនយប់នេះ
24. ហើយត្រូវរៀបចំសត្វដើម្បីឲ្យប៉ូលជិះ ហើយនាំគាត់ទៅឯលោកអភិបាលភេលីចដោយសុវត្ថិភាព»
25. រួចមេបញ្ជាការក៏សរសេរសំបុត្រមួយច្បាប់ មានសេចក្ដីដូចតទៅនេះ៖
26. «ខ្ញុំក្លូឌាសលូស៊ា សូមគោរពជូនចំពោះលោកអភិបាលភេលីច ឲ្យបានជ្រាបថា
27. បុរសនេះត្រូវជនជាតិយូដាចាប់យកមក ហើយពួកគេបម្រុងសម្លាប់ចោល ប៉ុន្ដែពេលខ្ញុំនាំទាហានចូលទៅរំដោះគាត់ចេញពីពួកគេ នោះទើបដឹងថាគាត់ជាជនជាតិរ៉ូម
28. ហើយដោយចង់ដឹងពីករណីដែលពួកគេចោទប្រកាន់គាត់នោះ ខ្ញុំក៏នាំគាត់ចុះទៅឯក្រុមប្រឹក្សាកំពូលរបស់ពួកគេ។
29. ពេលនោះខ្ញុំឃើញថា ពួកគេចោទប្រកាន់គាត់អំពីបញ្ហានៃគម្ពីរវិន័យរបស់ពួកគេប៉ុណ្ណោះ ហើយការចោទប្រកាន់ដែលមាននេះ មិនសមទោសស្លាប់ ឬទោសជាប់ច្រវាក់ឡើយ
30. រួចពេលខ្ញុំដឹងថា ពួកជនជាតិយូដាមានផែនការអាក្រក់ចំពោះបុរសនេះ ខ្ញុំក៏បញ្ជូនគាត់មកលោកភ្លាម ទាំងបង្គាប់ឲ្យពួកអ្នកដើមចោទមកឯលោកដែរ ដើម្បីនិយាយតតាំងជាមួយគាត់អំពីរឿងក្ដីនេះ»។
31. ដូច្នេះ ពួកទាហានក៏យកលោកប៉ូលនាំទៅក្រុងអាន់ទីប៉ាទ្រីសទាំងយប់ តាមសេចក្ដីដែលបានបញ្ជា។