5. សូម្បីតែសម្ដេចសង្ឃ និងក្រុមប្រឹក្សាចាស់ទុំទាំងអស់ ក៏ជាសាក្សីរបស់ខ្ញុំដែរ ខ្ញុំបានទទួលសំបុត្រពីលោកទាំងនេះ ឲ្យទៅចាប់ចងពួកបងប្អូននៅក្រុងដាម៉ាស់ ដើម្បីនាំខ្លួនពួកគេយកមកធ្វើទោសនៅក្រុងយេរូសាឡិម។
6. ប៉ុន្ដែ មានរឿងមួយបានកើតឡើងចំពោះខ្ញុំ គឺប្រហែលជានៅពេលថ្ងៃត្រង់ ពេលកំពុងធ្វើដំណើរជិតដល់ក្រុងដាម៉ាស់ ស្រាប់តែមានពន្លឺដ៏ភ្លឺចិញ្ចាចមួយបានចាំងពីលើមេឃមកជុំវិញខ្ញុំ
7. នៅពេលនោះ ខ្ញុំក៏ដួលទៅលើដី ហើយឮសំឡេងមួយនិយាយមកខ្ញុំថា សុលអើយសុល! ហេតុអ្វីអ្នកបៀតបៀនខ្ញុំដូច្នេះ?
8. ខ្ញុំបានឆ្លើយថា ព្រះអម្ចាស់អើយ! តើព្រះអង្គជានរណា? ព្រះអង្គមានបន្ទូលមកខ្ញុំថា ខ្ញុំជាយេស៊ូ អ្នកក្រុងណាសារ៉ែតដែលអ្នកកំពុងបៀតបៀន
9. រីឯអស់អ្នកដែលនៅជាមួយខ្ញុំ ក៏បានឃើញពន្លឺនោះដែរ ប៉ុន្ដែមិនបានយល់ថាសំឡេងនោះនិយាយអ្វីមកខ្ញុំទេ
10. ហើយខ្ញុំក៏សួរថា ព្រះជាម្ចាស់អើយ! តើខ្ញុំគួរធ្វើដូចម្ដេច? ព្រះជាម្ចាស់មានបន្ទូលមកខ្ញុំថា ចូរក្រោកឡើង ហើយចូលទៅក្នុងក្រុងដាម៉ាស់ចុះ ដ្បិតនៅទីនោះនឹងមានគេប្រាប់អ្នកអំពីកិច្ចការទាំងឡាយដែលបានតម្រូវឲ្យអ្នកធ្វើ
11. ប៉ុន្ដែដោយសារតែភាពរុងរឿងនៃពន្លឺនោះធ្វើឲ្យខ្ញុំងងឹតភ្នែក ពួកអ្នកនៅជាមួយខ្ញុំបានដឹកដៃខ្ញុំចូលទៅក្នុងក្រុងដាម៉ាស់។
12. មានមនុស្សម្នាក់នៅក្រុងនោះ ឈ្មោះអាណានាស ជាអ្នកកោតខ្លាចព្រះជាម្ចាស់ស្របទៅតាមគម្ពីរវិន័យ និងមានកេរ្ដិ៍ឈ្មោះល្អក្នុងចំណោមជនជាតិយូដាទាំងអស់ដែលរស់នៅទីនោះ
13. គាត់បានមកជួបខ្ញុំដោយឈរនិយាយក្បែរខ្ញុំថា ឱបងសូលអើយ! សូមឲ្យភ្នែករបស់បងមើលឃើញវិញចុះ! រំពេចនោះ ខ្ញុំក៏មើលឃើញគាត់
14. រួចគាត់និយាយថា ព្រះនៃដូនតារបស់យើងបានជ្រើសរើសបងឲ្យស្គាល់បំណងរបស់ព្រះអង្គ និងឲ្យឃើញព្រះដ៏សុចរិត ព្រមទាំងឮសំឡេងចេញពីព្រះឱស្ឋរបស់ព្រះអង្គផ្ទាល់
15. ព្រោះបងនឹងធ្វើជាសាក្សីដល់មនុស្សទាំងអស់ សម្រាប់ព្រះអង្គអំពីអ្វីដែលបងបានឃើញ និងបានឮ