គម្ពីរសញ្ញាថ្មី

កិច្ចការ 22:2-9 Khmer Christian Bible (KCB)

2. ពេល​ពួកគេ‍​ឮ​គាត់​និយាយ​ភាសា​ហេព្រើរ​មក​កាន់​ពួកគេ​ដូច្នេះ​ ពួកគេ​កាន់តែ​ស្ញៀម​ស្ញាត់​ថែម​ទៀត​ ហើយ​លោក​ប៉ូល​ក៏​និយាយ​បន្ដ​ថា៖​

3. «ខ្ញុំ​ជា​ជនជាតិ​យូដា​សុទ្ធ​ កើត​នៅ​ក្រុង​តើសុស​ក្នុង​ស្រុក​គីលីគា​ ប៉ុន្ដែ​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​នៅ​ក្រុង​នេះ​ ព្រមទាំង​បាន​ទទួល​ការ​អប់រំ​យ៉ាង​តឹងរឹង​ ទៅ​តាម​ក្រឹត្យវិន័យ​ដូនតា​របស់​យើង​ពី​លោក​កាម៉ាលាល​ ហើយ​មាន​ចិត្ត​ប្ដូរផ្ដាច់​ចំពោះ​ព្រះជាម្ចាស់​ដូចជា​អ្នក​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ​

4. គឺ​ខ្ញុំ​បាន​បៀតបៀន​អ្នក​នៅ​ខាង​មាគ៌ា​នេះ​ រហូត​ដល់​សម្លាប់​គេ​ ព្រមទាំង​ចាប់ចង​ទាំង​ប្រុស​ ទាំង​ស្រី​យក​ទៅ​ដាក់​គុក​ទៀត​ផង​

5. សូម្បីតែ​សម្ដេច​សង្ឃ​ និង​ក្រុម​ប្រឹក្សា​ចាស់ទុំ​ទាំង​អស់​ ក៏​ជា​សាក្សី​របស់​ខ្ញុំ​ដែរ​ ខ្ញុំ​បាន​ទទួល​សំបុត្រ​ពី​លោក​ទាំង​នេះ​ ឲ្យ​ទៅ​ចាប់​ចង​ពួក​បងប្អូន​នៅ​ក្រុង​ដាម៉ាស់​ ដើម្បី​នាំ​ខ្លួន​ពួកគេ​យក​មក​ធ្វើ​ទោស​នៅ​ក្រុង​យេរូសាឡិម។​

6. ប៉ុន្ដែ​ មាន​រឿង​មួយ​បាន​កើតឡើង​ចំពោះ​ខ្ញុំ​ គឺ​ប្រហែល​ជា​នៅ​ពេល​ថ្ងៃ​ត្រង់​ ពេល​កំពុង​ធ្វើ​ដំណើរ​ជិត​ដល់​ក្រុង​ដាម៉ាស់​ ស្រាប់តែ​មាន​ពន្លឺ​ដ៏​ភ្លឺ​ចិញ្ចាច​មួយ​បាន​ចាំង​ពី​លើ​មេឃ​មក​ជុំវិញ​ខ្ញុំ​

7. នៅ​ពេល​នោះ​ ខ្ញុំ​ក៏​ដួល​ទៅ​លើ​ដី​ ហើយ​ឮ​សំឡេង​មួយ​និយាយ​មក​ខ្ញុំ​ថា​ សុល​អើយ​សុល!​ ហេតុអ្វី​អ្នក​បៀតបៀន​ខ្ញុំ​ដូច្នេះ?​

8. ខ្ញុំ​បាន​ឆ្លើយ​ថា​ ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​ជា​នរណា?​ ព្រះអង្គ​មាន​បន្ទូល​មក​ខ្ញុំ​ថា​ ខ្ញុំ​ជា​យេស៊ូ​ អ្នក​ក្រុង​ណាសារ៉ែត​ដែល​អ្នក​កំពុង​បៀតបៀន​

9. រីឯ​អស់​អ្នក​ដែល​នៅ​ជាមួយ​ខ្ញុំ​ ក៏​បាន​ឃើញ​ពន្លឺ​នោះ​ដែរ​ ប៉ុន្ដែ​មិន​បាន​យល់​ថា​សំឡេង​នោះ​និយាយ​អ្វី​មក​ខ្ញុំ​ទេ​

សូមអានជំពូកពេញលេញ កិច្ចការ 22