គម្ពីរសញ្ញាថ្មី

កិច្ចការ 21:6-23 Khmer Christian Bible (KCB)

6. បន្ទាប់មក​យើង​បាន​ជម្រាបលា​គ្នា​ទៅ​វិញ​ទៅ​មក​ រួច​យើង​ក៏​ចុះ​សំពៅ‍​ទៅ រីឯ​អ្នក​ទាំង​នោះ​បាន​ត្រលប់​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ។​

7. ពេល​យើង​បញ្ចប់​ការ​ធ្វើ​ដំណើរ​តាម​សំពៅ​ពី​ក្រុង​ទីរ៉ុស​ យើង​ក៏​មក​ដល់​ក្រុង​ផ្ទលេមេ​ ហើយ​ក្រោយ​ពី​បាន​ជម្រាប​សួរ​ពួក​បងប្អូន​រួច​ យើង​ក៏​ស្នាក់នៅ​ជាមួយ​ពួកគេ​មួយ​ថ្ងៃ។​

8. នៅ​ថ្ងៃ​បន្ទាប់​ យើង​ចេញ​ដំណើរ​ទៀត​ ហើយ​មក​ដល់​ក្រុង​សេសារា​ រួច​ក៏​ចូល​ទៅ​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​លោក​ភីលីព​ ជា​អ្នក​ប្រកាស​ដំណឹង​ល្អ​ម្នាក់​ ក្នុង​ចំណោម​អ្នក​ទាំង​ប្រាំពីរ។​

9. លោក​ភីលីព​មាន​កូនក្រមុំ​បួន​នាក់​ ដែល​ថ្លែង​ព្រះបន្ធូល។​

10. កាល​យើង​កំពុង​ស្នាក់នៅ​ទី​នោះ​ជាច្រើន​ថ្ងៃ​ នោះ​មាន​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់​ឈ្មោះ​អ័ក្កាបុស​ បាន​ចុះ​ពី​ស្រុក​យូដា​មក​

11. ពេល​មក​ដល់​យើង​ហើយ​ គាត់​ក៏​យក​ខ្សែក្រវាត់​របស់​លោក​ប៉ូល​ មក​ចង​ជើង​ដៃ​ខ្លួន​ឯង​ ហើយ​និយាយ​ថា៖​ «ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ប្រាប់​ដូច្នេះ​ថា​ ជនជាតិ​យូដា​នៅ​ក្រុង​យេរូសាឡិម​ នឹង​ចង​ម្ចាស់​ខ្សែក្រវាត់​នេះ​យ៉ាង​ដូច្នេះ​ដែរ​ ហើយ​ប្រគល់​ទៅ​ក្នុង​ដៃ​របស់​សាសន៍​ដទៃ»។​

12. ពេល​ឮ​ដូច្នេះ​ យើង​ ព្រមទាំង​បងប្អូន​នៅ​ស្រុក​នោះ​ បាន​អង្វរ​លោក​ប៉ូល​មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ឡើយ​

13. ពេល​នោះ​លោក​ប៉ូល​ឆ្លើយ​ថា៖​ «តើ​អ្នក​រាល់គ្នា​យំ​ធ្វើ​ឲ្យ​ខ្ញុំ​ខូចចិត្ដ​ធ្វើ​អ្វី?​ ដ្បិត​ដើម្បី​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូ​ ខ្ញុំ​មិន​ត្រឹមតែ​សុខចិត្ដ​ឲ្យ​គេ​ចង​ប៉ុណ្ណោះ​ទេ​ គឺ​សុខចិត្ដ​ស្លាប់​នៅ​ក្រុង​យេរូសាឡិម​ទៀត​ផង»​

14. ពេល​គាត់​មិន​ព្រម​ស្ដាប់​តាម​ការ​អង្វរ​របស់​យើង​ យើង​ក៏​ឈប់​អង្វរ​គាត់​ទៀត​ ហើយ​និយាយ​ថា៖​ «សូម​ឲ្យ​បំណង​របស់​ព្រះអម្ចាស់​បាន​សម្រេច​ចុះ»។​

15. ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ យើង​ក៏​រៀបចំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​

16. ហើយ​មាន​សិស្ស​ខ្លះ​មក​ពី​ក្រុង​សេសារា​ បាន​ធ្វើ​ដំណើរ​ទៅ​ជាមួយ​យើង​ដែរ​ ព្រមទាំង​នាំ​យើង​ទៅ​ស្នាក់នៅ​ផ្ទះ​របស់​អ្នក​កោះ​គីប្រុស​ម្នាក់​ឈ្មោះ​ម៉្នាសុន​ ជា​សិស្ស​ដំបូង​ម្នាក់។​

17. កាល​យើង​មក​ដល់​ក្រុង​យេរូសាឡិម​ហើយ​ ពួក​បងប្អូន​បាន​ស្វាគមន៍​យើង​យ៉ាង​រីករាយ។​

18. ​នៅ​ថ្ងៃ​បន្ទាប់​ លោក​ប៉ូល​បាន​ចូល​ទៅ​ជួប​លោក​យ៉ាកុប​ជាមួយ​យើង​ ហើយ​ចាស់ទុំ​ទាំង​អស់​បាន​មក​ដែរ។​

19. បន្ទាប់ពី​ជម្រាប​សួរ​អ្នក​ទាំង​នោះ​រួច​ហើយ​ លោក​ប៉ូល​ក៏​រៀបរាប់​ដោយ​លំអិត​អំពី​កិច្ចការ​ទាំង​ឡាយ​ ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ក្នុង​ចំណោម​សាសន៍​ដទៃ​តាមរយៈ​កិច្ចការ​របស់​គាត់។​

20. ពេល​ឮ​ដូច្នេះ​ ពួកគេ​ក៏​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ហើយ​និយាយ​ទៅ​គាត់​ថា៖​ «បង​អើយ!​ បង​ឃើញ​ស្រាប់​ហើយ‍​ថា​ មាន​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​ចំណោម​ជនជាតិ​យូដា​បាន​ជឿ​ និង​មាន​ការ​ប្ដូរផ្ដាច់​តាម​គម្ពីរ​វិន័យ​ទាំង​អស់​គ្នា​

21. ប៉ុន្ដែ​ ពួកគេ​បាន‍​ឮ​ដំណឹង​អំពី​បង​ថា​ បង​បាន​បង្រៀន​ជនជាតិ​យូដា​ទាំង​អស់​ដែល​រស់នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ឲ្យ​បោះបង់​សេចក្ដី​បង្រៀន​របស់​លោក​ម៉ូសេ​ គឺ​បង​ប្រាប់​ពួកគេ​មិន​ឲ្យ​កាត់ស្បែក​កូនចៅ​ ឬ​កាន់​តាម​ទំនៀម​ទម្លាប់​ឡើយ​

22. បើ​ដូច្នេះ​មែន​ តើ​ធ្វើ​ដូចម្ដេច​ទៅ?​ ដ្បិត​ពួកគេ​មុខជា​ឮ​ថា​បង​បាន​មក​ដល់​ទី​នេះ​ហើយ​

23. ដូច្នេះ​ សូម​ធ្វើ​តាម​ដែល​យើង​ប្រាប់​បង​ចុះ​ ដ្បិត​យើង​មាន​មនុស្ស​បួន​នាក់​កំពុង​ជាប់​បំណន់​

សូមអានជំពូកពេញលេញ កិច្ចការ 21