22. បើដូច្នេះមែន តើធ្វើដូចម្ដេចទៅ? ដ្បិតពួកគេមុខជាឮថាបងបានមកដល់ទីនេះហើយ
23. ដូច្នេះ សូមធ្វើតាមដែលយើងប្រាប់បងចុះ ដ្បិតយើងមានមនុស្សបួននាក់កំពុងជាប់បំណន់
24. គឺសូមបងនាំអ្នកទាំងនេះទៅ ហើយធ្វើពិធីជម្រះកាយជាមួយពួកគេ ព្រមទាំងចេញប្រាក់ឲ្យពួកគេកោរសក់ផង ដើម្បីឲ្យគ្រប់គ្នាដឹងថា សេចក្ដីដែលពួកគេបានឮអំពីបងនោះមិនពិតទេ គឺបងបានរស់នៅដោយកាន់តាមគម្ពីរវិន័យវិញ
25. រីឯសាសន៍ដទៃទាំងឡាយដែលបានជឿនោះ យើងបានសរសេរសេចក្ដីសម្រេចរបស់យើងផ្ញើទៅពួកគេរួចហើយ គឺឲ្យពួកគេចៀសវាងការបរិភោគសំណែនដល់រូបព្រះ ឈាម សាច់សត្វដែលគេច្របាច់ក និងអំពើអសីលធម៌ខាងផ្លូវភេទ»។
26. ពេលនោះលោកប៉ូលក៏នាំអ្នកទាំងនោះទៅ ហើយនៅថ្ងៃបន្ទាប់ គាត់ក៏ធ្វើពិធីជម្រះកាយជាមួយពួកគេ រួចបានចូលទៅក្នុងព្រះវិហារ ដើម្បីបញ្ជាក់អំពីថ្ងៃនៃការបញ្ចប់ពិធីជម្រះកាយ និងតង្វាយដែលពួកគេម្នាក់ៗត្រូវថ្វាយ
27. ប៉ុន្ដែកាលជិតគ្រប់ប្រាំពីរថ្ងៃហើយ មានពួកជនជាតិយូដាមកពីស្រុកអាស៊ី បានឃើញគាត់នៅក្នុងព្រះវិហារ ក៏ញុះញង់បណ្ដាជនទាំងអស់ឲ្យចាប់គាត់
28. ដោយស្រែកឡើងថា៖ «បងប្អូនអ៊ីស្រាអែលអើយ! មក៍ជួយគ្នា! ម្នាក់នេះហើយ ដែលបានបង្រៀនមនុស្សទាំងអស់នៅគ្រប់ទីកន្លែងឲ្យទាស់នឹងប្រជាជនរបស់យើង ទាស់នឹងគម្ពីរវិន័យរបស់យើងហើយទាស់នឹងទីកន្លែងនេះ លើសពីនេះទៀត គាត់បាននាំជនជាតិក្រេកចូលមកក្នុងព្រះវិហារ ហើយធ្វើឲ្យទីបរិសុទ្ធនេះស្មោកគ្រោកទៀត»
29. ដ្បិតកាលពីមុនពួកគេធ្លាប់ឃើញលោកទ្រភីម ជាអ្នកក្រុងអេភេសូរនៅក្នុងក្រុងជាមួយលោកប៉ូល នោះពួកគេស្មានថាលោកប៉ូលបាននាំអ្នកនោះចូលក្នុងព្រះវិហារ។
30. ពេលនោះ មានចលាចលពេញក្រុងទាំងមូល មនុស្សបានរត់មកចោមរោមចាប់លោកប៉ូលអូសចេញពីព្រះវិហារ ហើយបានបិទទ្វារវិញភ្លាម។
31. ពេលដែលពួកគេរកសម្លាប់គាត់ មេបញ្ជាការរបស់កងទាហានរ៉ូមបានដឹងដំណឹងថា ក្រុងយេរូសាឡិមទាំងមូលកំពុងស្ថិតនៅក្នុងចលាចល។
32. ដូច្នេះ គាត់ក៏នាំពួកនាយទាហាន និងពលទាហានរត់ចុះមកឯពួកគេភ្លាម។ ពេលពួកគេឃើញមេបញ្ជាការ និងពលទាហានក៏ឈប់វាយលោកប៉ូល
33. ពេលនោះ មេបញ្ជាការក៏ចូលមកចាប់លោកប៉ូល ទាំងបញ្ជាឲ្យគេដាក់ខ្នោះច្រវាក់គាត់ពីរខ្សែ ព្រមទាំងសួរថា តើគាត់ជានរណា ហើយមានរឿងអ្វីខ្លះ
34. ប៉ុន្ដែ នៅក្នុងចំណោមបណ្ដាជន មានអ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ ហើយដោយសារសំឡេងអឺងកងពេក មេបញ្ជាការមិនអាចដឹងរឿងអ្វីពិតប្រាកដឡើយ ក៏បញ្ជាឲ្យគេនាំលោកប៉ូលទៅបន្ទាយ។
35. ពេលគាត់មកដល់ជណ្ដើរ ហើយដោយព្រោះតែអំពើហិង្សារបស់បណ្ដាជន ពួកទាហានក៏ជ្រោងគាត់ឡើង
36. ដ្បិតមានបណ្ដាជនច្រើនកុះករនៅតែដើរតាម ទាំងស្រែកថា៖ «កំចាត់វាចោលទៅ!»
37. ពេលពួកទាហានបម្រុងនាំលោកប៉ូលចូលទៅក្នុងបន្ទាយ លោកប៉ូលក៏និយាយទៅមេបញ្ជាការថា៖ «សូមអនុញ្ញាតឲ្យខ្ញុំនិយាយជាមួយលោកបន្តិចបានឬទេ?» មេបញ្ជាការក៏សួរថា៖ «អ្នកក៏ចេះភាសាក្រេកដែរឬ?
38. ដូច្នេះ តើអ្នកមិនមែនជាជនជាតិអេស៊ីព្ទដែលបានបង្កើតការបះបោរថ្មីៗនេះ ហើយនាំឃាតករបួនពាន់នាក់ចូលទៅក្នុងទីរហោឋានទេឬ?»
39. លោកប៉ូលឆ្លើយថា៖ «ខ្ញុំជាជនជាតិយូដាមកពីក្រុងតើសុស ស្រុកគីលីគា មិនមែនជាប្រជាជនមកពីក្រុងតូចតាចទេ ដូច្នេះ សូមលោកអនុញ្ញាតឲ្យខ្ញុំនិយាយទៅកាន់ប្រជាជននេះផង»។