13. ពេលនោះលោកប៉ូលឆ្លើយថា៖ «តើអ្នករាល់គ្នាយំធ្វើឲ្យខ្ញុំខូចចិត្ដធ្វើអ្វី? ដ្បិតដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ ខ្ញុំមិនត្រឹមតែសុខចិត្ដឲ្យគេចងប៉ុណ្ណោះទេ គឺសុខចិត្ដស្លាប់នៅក្រុងយេរូសាឡិមទៀតផង»
14. ពេលគាត់មិនព្រមស្ដាប់តាមការអង្វររបស់យើង យើងក៏ឈប់អង្វរគាត់ទៀត ហើយនិយាយថា៖ «សូមឲ្យបំណងរបស់ព្រះអម្ចាស់បានសម្រេចចុះ»។
15. ប៉ុន្មានថ្ងៃក្រោយមក យើងក៏រៀបចំធ្វើដំណើរទៅក្រុងយេរូសាឡិម
16. ហើយមានសិស្សខ្លះមកពីក្រុងសេសារា បានធ្វើដំណើរទៅជាមួយយើងដែរ ព្រមទាំងនាំយើងទៅស្នាក់នៅផ្ទះរបស់អ្នកកោះគីប្រុសម្នាក់ឈ្មោះម៉្នាសុន ជាសិស្សដំបូងម្នាក់។
17. កាលយើងមកដល់ក្រុងយេរូសាឡិមហើយ ពួកបងប្អូនបានស្វាគមន៍យើងយ៉ាងរីករាយ។
18. នៅថ្ងៃបន្ទាប់ លោកប៉ូលបានចូលទៅជួបលោកយ៉ាកុបជាមួយយើង ហើយចាស់ទុំទាំងអស់បានមកដែរ។
19. បន្ទាប់ពីជម្រាបសួរអ្នកទាំងនោះរួចហើយ លោកប៉ូលក៏រៀបរាប់ដោយលំអិតអំពីកិច្ចការទាំងឡាយ ដែលព្រះជាម្ចាស់បានធ្វើក្នុងចំណោមសាសន៍ដទៃតាមរយៈកិច្ចការរបស់គាត់។
20. ពេលឮដូច្នេះ ពួកគេក៏សរសើរតម្កើងព្រះជាម្ចាស់ ហើយនិយាយទៅគាត់ថា៖ «បងអើយ! បងឃើញស្រាប់ហើយថា មានមនុស្សរាប់ម៉ឺននាក់នៅក្នុងចំណោមជនជាតិយូដាបានជឿ និងមានការប្ដូរផ្ដាច់តាមគម្ពីរវិន័យទាំងអស់គ្នា
21. ប៉ុន្ដែ ពួកគេបានឮដំណឹងអំពីបងថា បងបានបង្រៀនជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងចំណោមសាសន៍ដទៃឲ្យបោះបង់សេចក្ដីបង្រៀនរបស់លោកម៉ូសេ គឺបងប្រាប់ពួកគេមិនឲ្យកាត់ស្បែកកូនចៅ ឬកាន់តាមទំនៀមទម្លាប់ឡើយ
22. បើដូច្នេះមែន តើធ្វើដូចម្ដេចទៅ? ដ្បិតពួកគេមុខជាឮថាបងបានមកដល់ទីនេះហើយ
23. ដូច្នេះ សូមធ្វើតាមដែលយើងប្រាប់បងចុះ ដ្បិតយើងមានមនុស្សបួននាក់កំពុងជាប់បំណន់
24. គឺសូមបងនាំអ្នកទាំងនេះទៅ ហើយធ្វើពិធីជម្រះកាយជាមួយពួកគេ ព្រមទាំងចេញប្រាក់ឲ្យពួកគេកោរសក់ផង ដើម្បីឲ្យគ្រប់គ្នាដឹងថា សេចក្ដីដែលពួកគេបានឮអំពីបងនោះមិនពិតទេ គឺបងបានរស់នៅដោយកាន់តាមគម្ពីរវិន័យវិញ
25. រីឯសាសន៍ដទៃទាំងឡាយដែលបានជឿនោះ យើងបានសរសេរសេចក្ដីសម្រេចរបស់យើងផ្ញើទៅពួកគេរួចហើយ គឺឲ្យពួកគេចៀសវាងការបរិភោគសំណែនដល់រូបព្រះ ឈាម សាច់សត្វដែលគេច្របាច់ក និងអំពើអសីលធម៌ខាងផ្លូវភេទ»។
26. ពេលនោះលោកប៉ូលក៏នាំអ្នកទាំងនោះទៅ ហើយនៅថ្ងៃបន្ទាប់ គាត់ក៏ធ្វើពិធីជម្រះកាយជាមួយពួកគេ រួចបានចូលទៅក្នុងព្រះវិហារ ដើម្បីបញ្ជាក់អំពីថ្ងៃនៃការបញ្ចប់ពិធីជម្រះកាយ និងតង្វាយដែលពួកគេម្នាក់ៗត្រូវថ្វាយ