12. ពេលឮដូច្នេះ យើង ព្រមទាំងបងប្អូននៅស្រុកនោះ បានអង្វរលោកប៉ូលមិនឲ្យឡើងទៅក្រុងយេរូសាឡិមឡើយ
13. ពេលនោះលោកប៉ូលឆ្លើយថា៖ «តើអ្នករាល់គ្នាយំធ្វើឲ្យខ្ញុំខូចចិត្ដធ្វើអ្វី? ដ្បិតដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ ខ្ញុំមិនត្រឹមតែសុខចិត្ដឲ្យគេចងប៉ុណ្ណោះទេ គឺសុខចិត្ដស្លាប់នៅក្រុងយេរូសាឡិមទៀតផង»
14. ពេលគាត់មិនព្រមស្ដាប់តាមការអង្វររបស់យើង យើងក៏ឈប់អង្វរគាត់ទៀត ហើយនិយាយថា៖ «សូមឲ្យបំណងរបស់ព្រះអម្ចាស់បានសម្រេចចុះ»។
15. ប៉ុន្មានថ្ងៃក្រោយមក យើងក៏រៀបចំធ្វើដំណើរទៅក្រុងយេរូសាឡិម
16. ហើយមានសិស្សខ្លះមកពីក្រុងសេសារា បានធ្វើដំណើរទៅជាមួយយើងដែរ ព្រមទាំងនាំយើងទៅស្នាក់នៅផ្ទះរបស់អ្នកកោះគីប្រុសម្នាក់ឈ្មោះម៉្នាសុន ជាសិស្សដំបូងម្នាក់។
17. កាលយើងមកដល់ក្រុងយេរូសាឡិមហើយ ពួកបងប្អូនបានស្វាគមន៍យើងយ៉ាងរីករាយ។
18. នៅថ្ងៃបន្ទាប់ លោកប៉ូលបានចូលទៅជួបលោកយ៉ាកុបជាមួយយើង ហើយចាស់ទុំទាំងអស់បានមកដែរ។
19. បន្ទាប់ពីជម្រាបសួរអ្នកទាំងនោះរួចហើយ លោកប៉ូលក៏រៀបរាប់ដោយលំអិតអំពីកិច្ចការទាំងឡាយ ដែលព្រះជាម្ចាស់បានធ្វើក្នុងចំណោមសាសន៍ដទៃតាមរយៈកិច្ចការរបស់គាត់។
20. ពេលឮដូច្នេះ ពួកគេក៏សរសើរតម្កើងព្រះជាម្ចាស់ ហើយនិយាយទៅគាត់ថា៖ «បងអើយ! បងឃើញស្រាប់ហើយថា មានមនុស្សរាប់ម៉ឺននាក់នៅក្នុងចំណោមជនជាតិយូដាបានជឿ និងមានការប្ដូរផ្ដាច់តាមគម្ពីរវិន័យទាំងអស់គ្នា
21. ប៉ុន្ដែ ពួកគេបានឮដំណឹងអំពីបងថា បងបានបង្រៀនជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងចំណោមសាសន៍ដទៃឲ្យបោះបង់សេចក្ដីបង្រៀនរបស់លោកម៉ូសេ គឺបងប្រាប់ពួកគេមិនឲ្យកាត់ស្បែកកូនចៅ ឬកាន់តាមទំនៀមទម្លាប់ឡើយ
22. បើដូច្នេះមែន តើធ្វើដូចម្ដេចទៅ? ដ្បិតពួកគេមុខជាឮថាបងបានមកដល់ទីនេះហើយ
23. ដូច្នេះ សូមធ្វើតាមដែលយើងប្រាប់បងចុះ ដ្បិតយើងមានមនុស្សបួននាក់កំពុងជាប់បំណន់