គម្ពីរសញ្ញាថ្មី

កិច្ចការ 20:29-38 Khmer Christian Bible (KCB)

29. ខ្ញុំ​ដឹង​ថា​ ក្រោយ​ពេល​ខ្ញុំ​ចេញ​ទៅ​ ឆ្កែព្រៃ​ដ៏​សាហាវ​នឹង​ចូល​មក​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដោយ​មិន​ប្រណី​ដល់​ហ្វូងចៀម​ឡើយ​

30. ហើយ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ក៏​នឹង​មាន​មនុស្ស​និយាយ​បង្ខូច​គ្នា​ឯង​ដែរ​ ដើម្បី​អូសទាញ​ពួក​សិស្ស​ឲ្យ​ទៅ​តាម​ពួកគេ។​

31. ដូច្នេះ​ ចូរ​ប្រុង​ស្មារតី​ ដោយ​នឹកចាំ​ថា​ អស់​រយៈ​ពេល​បី​ឆ្នាំ​ ខ្ញុំ​បាន​ដាស់តឿន​អ្នក​រាល់គ្នា​ឥត​ឈប់ឈរ​ ទាំង​យប់​ទាំង​ថ្ងៃ​ ដោយ​បង្ហូរ​ទឹកភ្នែក​

32. ឥឡូវ​នេះ​ ខ្ញុំ​សូម​ប្រគល់​អ្នក​រាល់គ្នា​ដល់​ព្រះជាម្ចាស់​ និង​ព្រះបន្ទូល​នៃ​ព្រះគុណ​របស់​ព្រះអង្គ​ដែល​អាច​ស្អាង​ និង​ប្រទាន​មរតក​ដល់​អ្នក​ទាំង​អស់​គ្នា​ជាមួយ​អស់​អ្នក​ដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​

33. ខ្ញុំ​មិន​ដែល​លោភ​ចង់​បាន​មាស​ប្រាក់​ ឬ​សម្លៀក​បំពាក់​របស់​អ្នកណា​ឡើយ​

34. អ្នក​រាល់គ្នា​ផ្ទាល់​ក៏​បាន​ដឹង​ហើយ​ថា​ ខ្ញុំ​បាន​ធ្វើ​ការ​ដោយ​ដៃ​ទាំង​ពីរ​នេះ​ ដើម្បី​ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​របស់​ខ្ញុំ​ ព្រមទាំង​អស់​អ្នក​នៅ​ជាមួយ​ខ្ញុំ។​

35. ខ្ញុំ​បាន​បង្ហាញ​អ្នក​រាល់គ្នា​សព្វគ្រប់​ហើយ​ថា​ អ្នក​រាល់គ្នា​ត្រូវ​ខំ​ធ្វើ​ការ​ដូច្នេះ​ដែរ​ ដើម្បី​ជួយ​អ្នក​ទន់ខ្សោយ​ ព្រមទាំង​នឹកចាំ​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​យេស៊ូ​ ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ថា​ ការ​ដែល​ឲ្យ​ មាន​ពរ​ច្រើន​ជាង​ការ​ដែល​ទទួល‍»។​

36. ពេល​លោក​ប៉ូល​និយាយ​សេចក្ដី​ទាំង​នេះ​រួច​ហើយ​ គាត់​ក៏​លុត​ជង្គង់​អធិស្ឋាន​ជាមួយ​ពួកគេ​ទាំង​អស់​គ្នា​

37. ហើយ​ពួកគេ​គ្រប់​គ្នា​បាន​យំ​យ៉ាង​ខ្លាំង​ ទាំង​ឱប​ថើប​គាត់​

38. ដោយ​ព្រួយ​ចិត្ត​ចំពោះ​ពាក្យ​ដែល​គាត់​និយាយ​ថា​ ពួកគេ​នឹង​លែង​ឃើញ​មុខ​គាត់​ទៀត​ហើយ​ រួច​ពួកគេ​ក៏​ជូន​ដំណើរ​គាត់​ទៅ​ដល់​សំពៅ‍។​

សូមអានជំពូកពេញលេញ កិច្ចការ 20