គម្ពីរសញ្ញាថ្មី

កិច្ចការ 20:21-38 Khmer Christian Bible (KCB)

21. ទាំង​ធ្វើ​បន្ទាល់​ប្រាប់​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​អំពី​ការ​ប្រែចិត្ត​មក​ឯ‍​ព្រះជាម្ចាស់​ និង​អំពី​ជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូ​នៃ​យើង​

22. ឥឡូវ​នេះ​ មើល៍​ ព្រះវិញ្ញាណ​បាន​ជំរុញ​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​យេរូសាឡិម​ ហើយ​ខ្ញុំ​មិន​ដឹង​ជា​មាន​រឿង​អ្វី​កើតឡើង​ចំពោះ​ខ្ញុំ​នៅ​ទី​នោះ​ទេ​

23. ខ្ញុំ​គ្រាន់តែ​ដឹង​ថា​ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ធ្វើ​បន្ទាល់​ប្រាប់​ខ្ញុំ​នៅ​គ្រប់​ក្រុង​ថា​ មាន​ចំណង​ និង​ទុក្ខ​លំបាក​កំពុង​រង់ចាំ​ខ្ញុំ​

24. ប៉ុន្ដែ​ខ្ញុំ​មិន​ចាត់​ទុក​ថា​ ជីវិត​របស់​ខ្ញុំ​មាន​តម្លៃ​សម្រាប់​ខ្ញុំ​ទេ​ ឲ្យ​តែ​មុខងារ​ និង​កិច្ចការ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់​យេស៊ូ​ ដែល​ឲ្យ​ខ្ញុំ​ធ្វើ​បន្ទាល់​អំពី​ដំណឹង​ល្អ​នៃ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ បាន​សម្រេច‍​ចុះ‍។​

25. ពេល​នេះ​ខ្ញុំ​ដឹង​ថា​ អ្នក​រាល់គ្នា​នឹង​លែង​ឃើញ​មុខ​ខ្ញុំ​ដែល​បាន​ប្រកាស​ប្រាប់​អំពី​នគរ​ព្រះជាម្ចាស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ទៀត​ហើយ​

26. ដូច្នេះ​ ខ្ញុំ​ធ្វើ​បន្ទាល់​ប្រាប់​អ្នក​រាល់គ្នា​នៅ​ថ្ងៃ​នេះ​ថា​ ខ្ញុំ​គ្មាន​ទោស​ចំពោះ​ឈាម​របស់​មនុស្ស​ទាំង​អស់​ទេ​

27. ព្រោះ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​អំពី​បំណង​ទាំង​អស់​របស់​ព្រះជាម្ចាស់​ ដោយ​មិន​លាក់លៀម​ឡើយ។​

28. ចូរ​អ្នក​រាល់គ្នា​រក្សា​ខ្លួន​ និង​ហ្វូង​ចៀម​ទាំង​អស់​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់គ្នា​មើល​ខុសត្រូវ​ ដើម្បី​ថែទាំ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ដែល​ព្រះអង្គ​បាន​ទិញ​ដោយ​ឈាម​របស់​ព្រះ​អង្គ​ផ្ទាល់។​

29. ខ្ញុំ​ដឹង​ថា​ ក្រោយ​ពេល​ខ្ញុំ​ចេញ​ទៅ​ ឆ្កែព្រៃ​ដ៏​សាហាវ​នឹង​ចូល​មក​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដោយ​មិន​ប្រណី​ដល់​ហ្វូងចៀម​ឡើយ​

30. ហើយ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ក៏​នឹង​មាន​មនុស្ស​និយាយ​បង្ខូច​គ្នា​ឯង​ដែរ​ ដើម្បី​អូសទាញ​ពួក​សិស្ស​ឲ្យ​ទៅ​តាម​ពួកគេ។​

31. ដូច្នេះ​ ចូរ​ប្រុង​ស្មារតី​ ដោយ​នឹកចាំ​ថា​ អស់​រយៈ​ពេល​បី​ឆ្នាំ​ ខ្ញុំ​បាន​ដាស់តឿន​អ្នក​រាល់គ្នា​ឥត​ឈប់ឈរ​ ទាំង​យប់​ទាំង​ថ្ងៃ​ ដោយ​បង្ហូរ​ទឹកភ្នែក​

32. ឥឡូវ​នេះ​ ខ្ញុំ​សូម​ប្រគល់​អ្នក​រាល់គ្នា​ដល់​ព្រះជាម្ចាស់​ និង​ព្រះបន្ទូល​នៃ​ព្រះគុណ​របស់​ព្រះអង្គ​ដែល​អាច​ស្អាង​ និង​ប្រទាន​មរតក​ដល់​អ្នក​ទាំង​អស់​គ្នា​ជាមួយ​អស់​អ្នក​ដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​

33. ខ្ញុំ​មិន​ដែល​លោភ​ចង់​បាន​មាស​ប្រាក់​ ឬ​សម្លៀក​បំពាក់​របស់​អ្នកណា​ឡើយ​

34. អ្នក​រាល់គ្នា​ផ្ទាល់​ក៏​បាន​ដឹង​ហើយ​ថា​ ខ្ញុំ​បាន​ធ្វើ​ការ​ដោយ​ដៃ​ទាំង​ពីរ​នេះ​ ដើម្បី​ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​របស់​ខ្ញុំ​ ព្រមទាំង​អស់​អ្នក​នៅ​ជាមួយ​ខ្ញុំ។​

35. ខ្ញុំ​បាន​បង្ហាញ​អ្នក​រាល់គ្នា​សព្វគ្រប់​ហើយ​ថា​ អ្នក​រាល់គ្នា​ត្រូវ​ខំ​ធ្វើ​ការ​ដូច្នេះ​ដែរ​ ដើម្បី​ជួយ​អ្នក​ទន់ខ្សោយ​ ព្រមទាំង​នឹកចាំ​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​យេស៊ូ​ ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ថា​ ការ​ដែល​ឲ្យ​ មាន​ពរ​ច្រើន​ជាង​ការ​ដែល​ទទួល‍»។​

36. ពេល​លោក​ប៉ូល​និយាយ​សេចក្ដី​ទាំង​នេះ​រួច​ហើយ​ គាត់​ក៏​លុត​ជង្គង់​អធិស្ឋាន​ជាមួយ​ពួកគេ​ទាំង​អស់​គ្នា​

37. ហើយ​ពួកគេ​គ្រប់​គ្នា​បាន​យំ​យ៉ាង​ខ្លាំង​ ទាំង​ឱប​ថើប​គាត់​

38. ដោយ​ព្រួយ​ចិត្ត​ចំពោះ​ពាក្យ​ដែល​គាត់​និយាយ​ថា​ ពួកគេ​នឹង​លែង​ឃើញ​មុខ​គាត់​ទៀត​ហើយ​ រួច​ពួកគេ​ក៏​ជូន​ដំណើរ​គាត់​ទៅ​ដល់​សំពៅ‍។​

សូមអានជំពូកពេញលេញ កិច្ចការ 20