គម្ពីរសញ្ញាថ្មី

កិច្ចការ 20:17-24 Khmer Christian Bible (KCB)

17. ប៉ុន្ដែ​គាត់​បាន​ចាត់​គេ​ពី​ក្រុង​មីលេត​ទៅ​អញ្ជើញ​ក្រុម​ចាស់ទុំ​នៃ​ក្រុមជំនុំ​នៅ​ក្រុង​អេភេសូរ​ឲ្យ​មក​ជួប​គាត់។​

18. កាល​ពួកគេ​មក​ជួប​គាត់​ហើយ​ គាត់​ក៏​ប្រាប់​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​ដឹង​ស្រាប់​ហើយ​ ពី​របៀប​ដែល​ខ្ញុំ​បាន​នៅ​ជាមួយ​អ្នក​រាល់គ្នា​គ្រប់​ពេល​វេលា​តាំង​ពី​ថ្ងៃ​ដំបូង​ ដែល​ខ្ញុំ​បាន​ចូល​មក​ស្រុក​អាស៊ី​

19. គឺ​ខ្ញុំ​បាន​បម្រើ​ព្រះអម្ចាស់​ដោយ​ការ​បន្ទាបខ្លួន​ ដោយ​ទឹក​ភ្នែក​ និង​ដោយ​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង​ដែល​កើតមាន​ចំពោះ​ខ្ញុំ​ ដោយសារ​បំណង​អាក្រក់​របស់​ជនជាតិ​យូដា​

20. ហើយ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​មិន​ដែល​លាក់លៀម​ឡើយ​អំពី​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់គ្នា​ គឺ​បាន​បង្រៀន​ដល់​អ្នក​រាល់គ្នា​នៅ​តាម​ទីសាធារណៈ​ និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​

21. ទាំង​ធ្វើ​បន្ទាល់​ប្រាប់​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​អំពី​ការ​ប្រែចិត្ត​មក​ឯ‍​ព្រះជាម្ចាស់​ និង​អំពី​ជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូ​នៃ​យើង​

22. ឥឡូវ​នេះ​ មើល៍​ ព្រះវិញ្ញាណ​បាន​ជំរុញ​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​យេរូសាឡិម​ ហើយ​ខ្ញុំ​មិន​ដឹង​ជា​មាន​រឿង​អ្វី​កើតឡើង​ចំពោះ​ខ្ញុំ​នៅ​ទី​នោះ​ទេ​

23. ខ្ញុំ​គ្រាន់តែ​ដឹង​ថា​ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ធ្វើ​បន្ទាល់​ប្រាប់​ខ្ញុំ​នៅ​គ្រប់​ក្រុង​ថា​ មាន​ចំណង​ និង​ទុក្ខ​លំបាក​កំពុង​រង់ចាំ​ខ្ញុំ​

24. ប៉ុន្ដែ​ខ្ញុំ​មិន​ចាត់​ទុក​ថា​ ជីវិត​របស់​ខ្ញុំ​មាន​តម្លៃ​សម្រាប់​ខ្ញុំ​ទេ​ ឲ្យ​តែ​មុខងារ​ និង​កិច្ចការ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់​យេស៊ូ​ ដែល​ឲ្យ​ខ្ញុំ​ធ្វើ​បន្ទាល់​អំពី​ដំណឹង​ល្អ​នៃ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ បាន​សម្រេច‍​ចុះ‍។​

សូមអានជំពូកពេញលេញ កិច្ចការ 20