គម្ពីរសញ្ញាថ្មី

កិច្ចការ 20:10-20 Khmer Christian Bible (KCB)

10. លោក​ប៉ូល​បាន​ចុះ​ទៅ​ទ្រោប​ពី​លើ​ ទាំង​ឱប​គាត់​ ហើយ​និយាយ​ថា៖​ «កុំ​បារម្ភ​ឡើយ​ ព្រោះ​គាត់​នៅ​មាន​ជីវិត​ទេ!»​

11. រួច​ក៏​ឡើង​ទៅ​លើ​វិញ​ ពេល​ធ្វើ​ពិធី​កាច់​នំប៉័ង​ និង​បរិភោគ​រួច​ហើយ​ គាត់​ក៏​សំណេះ​សំណាល​យ៉ាង​យូរ​រហូត​ដល់​ភ្លឺ​ ទើប​គាត់​ចេញ​ដំណើរ​

12. ហើយ​ពួកគេ​ក៏​នាំ​យុវជន​ដែល​មាន​ជីវិត​នោះ​ទៅ​វិញ​ ទាំង​ទទួល​បាន​ការ​កម្សាន្ដ​ចិត្ដ​ជា​ខ្លាំង‍។​

13. យើង​បាន​ជិះ​សំពៅ​ទៅ​ក្រុង​អាសុស​មុន​ ដើម្បី​ទទួល​លោក​ប៉ូល​នៅ​ទី​នោះ​ ដ្បិត​គាត់​បាន​ផ្ដាំ​ដូច្នេះ​ ព្រោះ​គាត់​មាន​បំណង​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​

14. ពេល​គាត់​បាន​ជួប​យើង​នៅ​ក្រុង​អាសុស​ យើង​ក៏​ទទួល​គាត់​ចុះ​សំពៅ​ទៅ​ក្រុង​មីទូលេន។​

15. នៅ​ថ្ងៃ​បន្ទាប់​ យើង​ក៏​ជិះ​សំពៅ​ពី​ទី​នោះ​ទៅ​ដល់​មុខ​កោះ​ឃីយ៉ូស​ ថ្ងៃ​បន្ទាប់​ទៀត​ យើង​ក៏​ឆ្លង​មក​ដល់​កោះ​សាម៉ុស​ ហើយ​ថ្ងៃ​បន្ទាប់​មក​ទៀត​ យើង​បាន​មក​ដល់​ក្រុង​មីលេត។​

16. ពេល​នោះ​ លោក​ប៉ូល​សម្រេចចិត្ដ​ធ្វើ​ដំណើរ​បង្ហួស​ក្រុង​អេភេសូរ​ ដើម្បី​កុំ​ឲ្យ​គាត់​ចំណាយ​ពេល​នៅ​ស្រុក​អាស៊ី​យូរ​ ព្រោះ​គាត់ប្រញាប់​ទៅ​ដល់​ក្រុង​យេរូសាឡិម​ឲ្យ​ទាន់​ថ្ងៃ​បុណ្យ​ទីហាសិប​ បើសិន​ជា​អាច​

17. ប៉ុន្ដែ​គាត់​បាន​ចាត់​គេ​ពី​ក្រុង​មីលេត​ទៅ​អញ្ជើញ​ក្រុម​ចាស់ទុំ​នៃ​ក្រុមជំនុំ​នៅ​ក្រុង​អេភេសូរ​ឲ្យ​មក​ជួប​គាត់។​

18. កាល​ពួកគេ​មក​ជួប​គាត់​ហើយ​ គាត់​ក៏​ប្រាប់​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​ដឹង​ស្រាប់​ហើយ​ ពី​របៀប​ដែល​ខ្ញុំ​បាន​នៅ​ជាមួយ​អ្នក​រាល់គ្នា​គ្រប់​ពេល​វេលា​តាំង​ពី​ថ្ងៃ​ដំបូង​ ដែល​ខ្ញុំ​បាន​ចូល​មក​ស្រុក​អាស៊ី​

19. គឺ​ខ្ញុំ​បាន​បម្រើ​ព្រះអម្ចាស់​ដោយ​ការ​បន្ទាបខ្លួន​ ដោយ​ទឹក​ភ្នែក​ និង​ដោយ​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង​ដែល​កើតមាន​ចំពោះ​ខ្ញុំ​ ដោយសារ​បំណង​អាក្រក់​របស់​ជនជាតិ​យូដា​

20. ហើយ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​មិន​ដែល​លាក់លៀម​ឡើយ​អំពី​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់គ្នា​ គឺ​បាន​បង្រៀន​ដល់​អ្នក​រាល់គ្នា​នៅ​តាម​ទីសាធារណៈ​ និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​

សូមអានជំពូកពេញលេញ កិច្ចការ 20