គម្ពីរសញ្ញាថ្មី

កិច្ចការ 2:6-18 Khmer Christian Bible (KCB)

6. កាល​បាន​ឮ​សំឡេង​នេះ​ នោះ​បណ្ដាជន​ក៏​នាំ​គ្នា​មក​មើល​ ហើយ​ធ្វើ​ឲ្យ​ពួកគេ​ស្រឡាំង​កាំង​ ព្រោះ​ពួកគេ​ម្នាក់ៗ​បាន​ឮ​អ្នក​ទាំងនោះ​និយាយ​ភាសា​របស់​ពួកគេ​ផ្ទាល់។​

7. ពួកគេ​នឹក​អស្ចារ្យ​ ទាំង​ស្ងើច​សរសើរ​ ហើយ​សួរ​ថា៖​ «មើល៍​ ពួកអ្នក​ដែល​កំពុង​និយាយ​ទាំងអស់​នេះ​ តើ​មិន​មែន​ជា​ពួកអ្នក​ស្រុក​កាលីឡេ​ទេ​ឬ?​

8. ចុះ​ហេតុ​ដូចម្ដេច​បាន​ជា​យើង​ឮ​ពួកគេ​និយាយ​ភាសា​កំណើត​របស់​យើង​រៀងៗ​ខ្លួន​ដូច្នេះ?​

9. គឺ​មាន​អ្នក​ស្រុក​ផារថុស​ អ្នក​ស្រុក​មេឌី​ អ្នក​ស្រុក​អេឡាំ​ និង​ពួកអ្នក​រស់នៅ​ស្រុក​មេសូប៉ូតាមា​ ស្រុក​យូដា​ ស្រុក​កាប៉ាដូគា​ ស្រុក​ប៉ុនតុស​ និង​ស្រុក​អាស៊ី​

10. ស្រុក​ព្រីគា​ ស្រុក​ប៉ាមភីលា​ ស្រុក​អេស៊ីព្ទ​ និង​បណ្ដា​ស្រុក​ក្នុង​តំបន់​លីប៊ី​ក្បែរ​តំបន់​គីរេន​ និង​ពួកអ្នក​ក្រុង​រ៉ូម​ដែល​ស្នាក់នៅ​ទីនោះ​

11. ព្រម​ទាំង​ជនជាតិ​យូដា​ ពួកអ្នក​ចូល​សាសនា​យូដា​ អ្នក​ស្រុក​ក្រេត​ និង​អ្នក​ស្រុក​អារ៉ាប់។​ យើង​ឮ​ពួកគេ​ប្រកាស​អំពី​ការ​អស្ចារ្យ​របស់​ព្រះជាម្ចាស់​ជា​ភាសា​របស់​យើង​ផ្ទាល់!»​

12. បណ្ដាជន​នឹក​អស្ចារ្យ​ ទាំង​គិត​មិន​យល់​ទាំងអស់​គ្នា​ ក៏​សួរ​គ្នា​ថា៖​ «តើ​នេះ​មាន​ន័យ​យ៉ាង​ដូចម្ដេច?»​

13. ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​ចំអក​ថា៖​ «ពួកនេះ​ផឹក​ស្រា​ទំពាំង​បាយជូរ​ថ្មី​ជ្រុល​ទេ​តើ»។​

14. ពេល​នោះ​លោក​ពេត្រុស​ក៏​ក្រោក​ឈរ​ជាមួយ​ពួក​សាវក​ទាំង​ដប់មួយ​ ហើយ​បន្លឺ​សំឡេង​ថា៖​ «ឱ​បងប្អូន​យូដា​ និង​បងប្អូន​ទាំងអស់​ដែល​រស់នៅ​ក្រុង​យេរូសាឡិម​អើយ!​ សូម​អ្នករាល់គ្នា​យល់​ពី​ហេតុការណ៍​នេះ​ ហើយ​ផ្ទៀង​ស្ដាប់​ពាក្យ​របស់​ខ្ញុំ​ចុះ​

15. ដ្បិត​អ្នក​ទាំង​នេះ​មិន​បាន​ស្រវឹង​ដូចជា​អ្នក​រាល់គ្នា​ស្មាន​នោះ​ទេ​ ព្រោះ​ម៉ោង​ប្រាំបួន​ព្រឹក​នៅ​ឡើយ!​

16. ប៉ុន្ដែ​នេះ​ជា​អ្វី​ដែល​លោក​យ៉ូអែល​ជា​អ្នក​នាំ​ព្រះបន្ទូល​បាន​ថ្លែង​ទុក​ថា​

17. ព្រះជាម្ចាស់​មាន​បន្ទូល​ថា​ នៅ​ថ្ងៃ​ចុងក្រោយ​ យើង​នឹង​ចាក់​វិញ្ញាណ​របស់​យើង​លើ​មនុស្ស​ទាំងអស់​ ហើយ​កូនប្រុស​កូនសី្រ​របស់​អ្នក​រាល់គ្នា​នឹង​ថ្លែង​ព្រះបន្ទូល​ ពួក​យុវជន​របស់​អ្នករាល់គ្នា​នឹង​ឃើញ​និមិត្ដ​ រីឯ​ពួក​ចាស់ៗ​របស់​អ្នក​រាល់គ្នា​នឹង​យល់​សប្ដិ។​

18. នៅ​គ្រា​នោះ​ យើង​នឹង​ចាក់​វិញ្ញាណ​របស់​យើង​លើ​ពួក​បាវបម្រើ​របស់​យើង​ ទាំង​ប្រុស​ទាំង​ស្រី​ ហើយ​ពួកគេ​នឹង​ថ្លែង​ព្រះបន្ទូល។​

សូមអានជំពូកពេញលេញ កិច្ចការ 2