37. ពេលពួកគេស្ដាប់ឮដូច្នេះហើយ ពួកគេក៏មានសេចក្ដីប៉ះពាល់ចិត្ដ និងបានសួរទៅលោកពេត្រុស ព្រមទាំងសាវកឯទៀតថា៖ «ឱបងប្អូនអើយ! តើយើងគួរធ្វើយ៉ាងដូចម្ដេច?»
38. លោកពេត្រុសឆ្លើយទៅពួកគេថា៖ «ចូរអ្នករាល់គ្នាប្រែចិត្ដ ហើយទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដរៀងៗខ្លួនចុះ ដើម្បីឲ្យអ្នករាល់គ្នាទទួលបានការលើកលែងទោសបាប និងទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ
39. ព្រោះសេចក្ដីសន្យានេះសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា ព្រមទាំងសម្រាប់អស់អ្នកនៅឆ្ងាយ គឺអស់អ្នកដែលព្រះអម្ចាស់ជាព្រះរបស់យើងបានត្រាស់ហៅមកឯព្រះអង្គផ្ទាល់»។
40. លោកពេត្រុសបានធ្វើបន្ទាល់ដោយពាក្យសំដីជាច្រើនទៀត ទាំងដាស់តឿនពួកគេ ដោយនិយាយថា៖ «ចូរអ្នករាល់គ្នាសង្គ្រោះខ្លួនឲ្យរួចពីជំនាន់វៀចវេរនេះចុះ»។
41. បន្ទាប់មក អស់អ្នកដែលបានទទួលយកពាក្យសំដីរបស់គាត់ដោយអំណរ គេបានទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះមានមនុស្សប្រហែលបីពាន់នាក់ ត្រូវបានបន្ថែមទៅក្នុងចំណោមពួកគេ។
42. អ្នកទាំងនេះបាននៅជាមួយពួកសាវកបន្ដទៀត ទាំងនៅក្នុងការបង្រៀន ការប្រកបគ្នា ការកាច់នំប៉័ង និងការអធិស្ឋាន។
43. ពួកគេមានសេចក្ដីស្ញប់ស្ញែងក្នុងចិត្ដគ្រប់គ្នា ហើយការអស្ចារ្យ និងទីសំគាល់អស្ចារ្យជាច្រើនបានកើតឡើងតាមរយៈពួកសាវក។
44. អស់អ្នកដែលបានជឿ បាននៅជាមួយគ្នា និងមានអ្វីៗរួមគ្នា។
45. ពួកគេលក់ទ្រព្យសម្បត្ដិ និងអ្វីៗជារបស់ខ្លួន ព្រមទាំងចែកទ្រព្យសម្បត្ដិទាំងនោះដល់គ្រប់គ្នាតាមសេចក្ដីត្រូវការរៀងៗខ្លួន។
46. ជារៀងរាល់ថ្ងៃ ពួកគេបានជួបជុំគ្នាជាបន្តនៅក្នុងព្រះវិហារដោយមានចិត្ដព្រមព្រៀងគ្នា ហើយនៅតាមផ្ទះ ពួកគេក៏កាច់នំប៉័ងបរិភោគអាហារជាមួយគ្នាដោយចិត្ដរីករាយ និងស្មោះត្រង់
47. ទាំងសរសើរតម្កើងព្រះជាម្ចាស់ផង។ ប្រជាជនគ្រប់គ្នាបានស្រឡាញ់រាប់អានពួកគេ ហើយព្រះអម្ចាស់បានបន្ថែមចំនួននៃអស់អ្នកដែលបានទទួលសេចក្ដីសង្គ្រោះទៅក្នុងចំណោមពួកគេជារៀងរាល់ថ្ងៃ។