គម្ពីរសញ្ញាថ្មី

កិច្ចការ 2:34-43 Khmer Christian Bible (KCB)

34. ទោះបី​ស្ដេច​ដាវីឌ​មិន​បាន​ឡើង​ទៅ​ស្ថានសួគ៌​ក៏​ដោយ​ ក៏​ស្ដេច​បាន​ថ្លែង​ថា​ ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា​ ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង​

35. រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​ ធ្វើ​ជា​កំណល់​ជើង​របស់​អ្នក។​

36. ដូច្នេះ​ ចូរ​ឲ្យ​ពូជពង្ស​អ៊ីស្រាអែល​ទាំងអស់​បាន​ដឹង​ជា​ប្រាកដ​ចុះ​ថា​ ព្រះជាម្ចាស់​បាន​តាំង​ព្រះយេស៊ូ​ ដែល​អ្នក​រាល់គ្នា​បាន​ឆ្កាង​នេះ​ឲ្យ​ធ្វើ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះគ្រិស្ដ»។​

37. ពេល​ពួកគេ​ស្ដាប់​ឮ​ដូច្នេះ​ហើយ​ ពួកគេ​ក៏​មាន​សេចក្ដី​ប៉ះពាល់​ចិត្ដ​ និង​បាន​សួរ​ទៅ​លោក​ពេត្រុស​ ព្រមទាំង​សាវក​ឯទៀត​ថា៖​ «ឱ​បងប្អូន​អើយ!​ តើ​យើង​គួរ​ធ្វើ​យ៉ាង​ដូចម្ដេច?»​

38. លោក​ពេត្រុស​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​ប្រែចិត្ដ​ ហើយ​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​ព្រះនាម​ព្រះ​យេស៊ូ​គ្រិស្ដ​រៀងៗ​ខ្លួន​ចុះ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ទទួល​បាន​ការ​លើកលែង​ទោស​បាប​ និង​ទទួល​បាន​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​

39. ព្រោះ​សេចក្ដី​សន្យា​នេះ​សម្រាប់​អ្នក​រាល់គ្នា​ និង​កូនចៅ​របស់​អ្នក​រាល់គ្នា​ ព្រមទាំង​សម្រាប់​អស់​អ្នក​នៅ​ឆ្ងាយ​ គឺ​អស់​អ្នក​ដែល​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​បាន​ត្រាស់ហៅ​មក​ឯ​ព្រះអង្គ​ផ្ទាល់»។​

40. លោក​ពេត្រុស​បាន​ធ្វើ​បន្ទាល់​ដោយ​ពាក្យ​សំដី​ជា​ច្រើន​ទៀត​ ទាំង​ដាស់តឿន​ពួកគេ​ ដោយ​និយាយ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​សង្គ្រោះ​ខ្លួន​ឲ្យ​រួច​ពី​ជំនាន់​វៀចវេរ​នេះ​ចុះ»។​

41. បន្ទាប់មក​ អស់​អ្នក​ដែល​បាន​ទទួល​យក​ពាក្យ​សំដី​របស់​គាត់​ដោយ​អំណរ​ គេ​បាន​ទទួល​ពិធី​ជ្រមុជទឹក​ ហើយ​នៅ​ថ្ងៃ​នោះ​មាន​មនុស្ស​ប្រហែល​បីពាន់​នាក់​ ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​ចំណោម​ពួកគេ។​

42. អ្នក​ទាំង​នេះ​បាន​នៅ​ជាមួយ​ពួក​សាវក​បន្ដ​ទៀត​ ទាំង​នៅក្នុង​ការ​បង្រៀន​ ការ​ប្រកប​គ្នា​ ការ​កាច់​នំប៉័ង​ និង​ការ​អធិស្ឋាន។​

43. ពួកគេ​មាន​សេចក្ដី​ស្ញប់ស្ញែង​ក្នុង​ចិត្ដ​គ្រប់​គ្នា​ ហើយ​ការ​អស្ចារ្យ និង​ទីសំគាល់​អស្ចារ្យ​ជាច្រើន​បាន​កើតឡើង​តាមរយៈ​ពួក​សាវក។​

សូមអានជំពូកពេញលេញ កិច្ចការ 2