24. ប៉ុន្ដែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ឡើងវិញ ដោយបំផ្លាញការឈឺចាប់នៃសេចក្ដីស្លាប់ ព្រោះសេចក្ដីស្លាប់គ្មានអំណាចបង្ខាំងព្រះអង្គទុកបានឡើយ។
25. ស្ដេចដាវីឌក៏បានថ្លែងអំពីព្រះយេស៊ូដែរថា ខ្ញុំឃើញព្រះអម្ចាស់នៅមុខខ្ញុំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្ដាំខ្ញុំដើម្បីកុំឲ្យខ្ញុំរង្គើឡើយ
26. ដោយហេតុនេះហើយបានជាចិត្ដរបស់ខ្ញុំរីករាយ អណ្ដាតរបស់ខ្ញុំសរសើរតម្កើង ហើយលើសនេះទៀត រូបកាយរបស់ខ្ញុំនឹងរស់នៅក្នុងសេចក្ដីសង្ឃឹមដែរ
27. ដ្បិតព្រះអង្គមិនបោះបង់ព្រលឹងរបស់ខ្ញុំឲ្យនៅក្នុងស្ថាននរកឡើយ ហើយក៏មិនបណ្ដោយឲ្យអ្នកដ៏បរិសុទ្ធរបស់ព្រះអង្គជួបការរលួយដែរ។
28. ព្រះអង្គបានបង្ហាញខ្ញុំឲ្យស្គាល់ផ្លូវនៃជីវិត ហើយបំពេញខ្ញុំដោយសេចក្ដីអំណរនៅចំពោះព្រះវត្តមានរបស់ព្រះអង្គ។
29. បងប្អូនអើយ! ទាក់ទងនឹងស្ដេចដាវីឌដែលជាបុព្វបុរសរបស់យើង ខ្ញុំអាចនិយាយដោយច្បាស់លាស់ទៅបងប្អូនថា ស្ដេចដាវីឌបានស្លាប់ ហើយគេបានបញ្ចុះសពរបស់ស្ដេច រីឯផ្នូររបស់ស្ដេចវិញ នៅជាមួយយើងរហូតមកដល់សព្វថ្ងៃនេះ។
30. ដោយព្រោះស្ដេចដាវីឌជាអ្នកនាំព្រះបន្ទូល ព្រមទាំងដឹងថា ព្រះជាម្ចាស់បានសន្យាជាមួយស្ដេចដោយស្បថថា នឹងឲ្យពូជពង្សខាងសាច់ឈាមម្នាក់របស់ស្ដេចអង្គុយលើបល្ល័ង្ករបស់ស្ដេច
31. ដោយស្ដេចដាវីឌដឹងជាមុនដូច្នេះ បានជាថ្លែងអំពីការរស់ឡើងវិញរបស់ព្រះគ្រិស្ដថា ព្រះជាម្ចាស់មិនទុកព្រះអង្គចោលឲ្យនៅក្នុងស្ថាននរកឡើយ ឬឲ្យរូបកាយរបស់ព្រះអង្គជួបការរលួយដែរ
32. គឺព្រះយេស៊ូនេះហើយ ដែលព្រះជាម្ចាស់បានប្រោសឲ្យរស់ឡើងវិញ ហើយយើងទាំងអស់គ្នាជាបន្ទាល់អំពីការនេះ។
33. ដូច្នេះក្រោយពីព្រះជាម្ចាស់បានលើកតម្កើងព្រះយេស៊ូឲ្យគង់នៅខាងស្ដាំព្រះអង្គ ហើយក្រោយពីបានទទួលសេចក្ដីសន្យាអំពីព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតារួច ព្រះអង្គក៏ចាក់ព្រះវិញ្ញាណ ដូចដែលអ្នករាល់គ្នាបានឃើញ និងបានឮនេះស្រាប់ហើយ។
34. ទោះបីស្ដេចដាវីឌមិនបានឡើងទៅស្ថានសួគ៌ក៏ដោយ ក៏ស្ដេចបានថ្លែងថា ព្រះអម្ចាស់មានបន្ទូលទៅព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើង
35. រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នក ធ្វើជាកំណល់ជើងរបស់អ្នក។