23. ព្រះយេស៊ូនេះហើយ ដែលព្រះជាម្ចាស់បានបញ្ជូនមកតាមគោលបំណង និងព្រះតម្រិះជាមុនរបស់ព្រះអង្គដែលបានកំណត់ទុក រីឯអ្នករាល់គ្នាបានឆ្កាងសម្លាប់ព្រះអង្គដោយដៃរបស់ពួកមនុស្សមិនគោរពក្រឹត្យវិន័យ
24. ប៉ុន្ដែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ឡើងវិញ ដោយបំផ្លាញការឈឺចាប់នៃសេចក្ដីស្លាប់ ព្រោះសេចក្ដីស្លាប់គ្មានអំណាចបង្ខាំងព្រះអង្គទុកបានឡើយ។
25. ស្ដេចដាវីឌក៏បានថ្លែងអំពីព្រះយេស៊ូដែរថា ខ្ញុំឃើញព្រះអម្ចាស់នៅមុខខ្ញុំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្ដាំខ្ញុំដើម្បីកុំឲ្យខ្ញុំរង្គើឡើយ
26. ដោយហេតុនេះហើយបានជាចិត្ដរបស់ខ្ញុំរីករាយ អណ្ដាតរបស់ខ្ញុំសរសើរតម្កើង ហើយលើសនេះទៀត រូបកាយរបស់ខ្ញុំនឹងរស់នៅក្នុងសេចក្ដីសង្ឃឹមដែរ
27. ដ្បិតព្រះអង្គមិនបោះបង់ព្រលឹងរបស់ខ្ញុំឲ្យនៅក្នុងស្ថាននរកឡើយ ហើយក៏មិនបណ្ដោយឲ្យអ្នកដ៏បរិសុទ្ធរបស់ព្រះអង្គជួបការរលួយដែរ។
28. ព្រះអង្គបានបង្ហាញខ្ញុំឲ្យស្គាល់ផ្លូវនៃជីវិត ហើយបំពេញខ្ញុំដោយសេចក្ដីអំណរនៅចំពោះព្រះវត្តមានរបស់ព្រះអង្គ។
29. បងប្អូនអើយ! ទាក់ទងនឹងស្ដេចដាវីឌដែលជាបុព្វបុរសរបស់យើង ខ្ញុំអាចនិយាយដោយច្បាស់លាស់ទៅបងប្អូនថា ស្ដេចដាវីឌបានស្លាប់ ហើយគេបានបញ្ចុះសពរបស់ស្ដេច រីឯផ្នូររបស់ស្ដេចវិញ នៅជាមួយយើងរហូតមកដល់សព្វថ្ងៃនេះ។