គម្ពីរសញ្ញាថ្មី

កិច្ចការ 2:19-31 Khmer Christian Bible (KCB)

19. យើង​នឹង​បង្ហាញ​ការអស្ចារ្យ​នៅ​លើ​មេឃ​ ព្រមទាំង​ទីសំគាល់​នៅ​ផែនដី​ គឺ​ជា​ឈាម​ ជា​ភ្លើង​ និង​កំសួល​ផ្សែង​

20. ហើយ​ដួងអាទិត្យ​នឹង​ត្រលប់​ជា​ងងឹត​ ឯ​ខែ​នឹង​ត្រលប់​ជា​ឈាម​ មុន​ថ្ងៃ​ដ៏​រុងរឿង​អស្ចារ្យ​របស់​ព្រះអម្ចាស់​មក​ដល់​

21. ហើយ​នៅ​ពេល​នោះ​ អស់​អ្នកណា​ដែល​អំពាវនាវ​រក​ព្រះនាម​របស់​ព្រះអម្ចាស់​ នោះ​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​

22. ឱ​ បងប្អូន​អ៊ីស្រាអែល​អើយ!​ សូម​ស្ដាប់​សេចក្ដី​ទាំង​នេះ​ចុះ​ថា​ ព្រះជាម្ចាស់​បាន​បង្ហាញ​ព្រះយេស៊ូ​ ជា​អ្នក​ក្រុង​ណាសារ៉ែត​ដល់​អ្នក​រាល់គ្នា​ដោយ​អំណាច​ និង​ការអស្ចារ្យ​ ព្រមទាំង​ទីសំគាល់​នានា​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​តាមរយៈ​ព្រះយេស៊ូ​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់គ្នា​ ដូច​ដែល​អ្នក​រាល់គ្នា​បាន​ដឹង​ស្រាប់។​

23. ព្រះយេស៊ូ​នេះ​ហើយ​ ដែល​ព្រះជាម្ចាស់​បាន​បញ្ជូន​មក​តាម​គោល​បំណង​ និង​ព្រះតម្រិះ​ជា​មុន​របស់​ព្រះអង្គ​ដែល​បាន​កំណត់​ទុក​ រីឯ​អ្នក​រាល់គ្នា​បាន​ឆ្កាង​សម្លាប់​ព្រះអង្គ​ដោយ​ដៃ​របស់​ពួក​មនុស្ស​មិន​គោរព​ក្រឹត្យ​វិន័យ​

24. ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ឡើង​វិញ​ ដោយ​បំផ្លាញ​ការ​ឈឺចាប់​នៃ​សេចក្ដី​ស្លាប់​ ព្រោះ​សេចក្ដី​ស្លាប់​គ្មាន​អំណាច​បង្ខាំង​ព្រះអង្គ​ទុក​បាន​ឡើយ។​

25. ស្ដេច​ដាវីឌ​ក៏​បាន​ថ្លែង​អំពី​ព្រះយេស៊ូ​ដែរ​ថា​ ខ្ញុំ​ឃើញ​ព្រះអម្ចាស់​នៅ​មុខ​ខ្ញុំ​ជានិច្ច​ ព្រោះ​ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ខ្ញុំ​ដើម្បី​កុំ​ឲ្យ​ខ្ញុំ​រង្គើ​ឡើយ​

26. ដោយ​ហេតុនេះ​ហើយ​បាន​ជា​ចិត្ដ​របស់​ខ្ញុំ​រីករាយ​ អណ្ដាត​របស់​ខ្ញុំ​សរសើរ​តម្កើង​ ហើយ​លើស​នេះ​ទៀត​ រូបកាយ​របស់​ខ្ញុំ​នឹង​រស់​នៅ​ក្នុង​សេចក្ដី​សង្ឃឹម​ដែរ​

27. ដ្បិត​ព្រះអង្គ​មិន​បោះបង់​ព្រលឹង​របស់​ខ្ញុំ​ឲ្យ​នៅ​ក្នុង​ស្ថាន​នរក​ឡើយ​ ហើយ​ក៏​មិន​បណ្ដោយ​ឲ្យ​អ្នក​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​ជួប​ការ​រលួយ​ដែរ។​

28. ព្រះអង្គ​បាន​បង្ហាញ​ខ្ញុំ​ឲ្យ​ស្គាល់​ផ្លូវ​នៃ​ជីវិត​ ហើយ​បំពេញ​ខ្ញុំ​ដោយ​សេចក្ដី​អំណរ​នៅ​ចំពោះ​ព្រះ​វត្តមាន​របស់​ព្រះអង្គ។​

29. បងប្អូន​អើយ!​ ទាក់​ទង​នឹង​ស្ដេច​ដាវីឌ​ដែល​ជា​បុព្វបុរស​របស់​យើង​ ខ្ញុំ​អាច​និយាយ​ដោយ​ច្បាស់​លាស់​ទៅ​បងប្អូន​ថា​ ស្ដេច​ដាវីឌ​បាន​ស្លាប់​ ហើយ​គេ​បាន​បញ្ចុះ​សព​របស់​ស្ដេច​ រីឯ​ផ្នូរ​របស់​ស្ដេច​វិញ​ នៅ​ជាមួយ​យើង​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។​

30. ដោយ​ព្រោះ​ស្ដេច​ដាវីឌ​ជា​អ្នក​នាំ​ព្រះបន្ទូល​ ព្រមទាំង​ដឹង​ថា​ ព្រះជាម្ចាស់​បាន​សន្យា​ជាមួយ​ស្ដេច​ដោយ​ស្បថ​ថា​ នឹង​ឲ្យ​ពូជពង្ស​ខាង​សាច់ឈាម​ម្នាក់​របស់​ស្ដេច​អង្គុយ​លើ​បល្ល័ង្ក​របស់​ស្ដេច​

31. ដោយ​ស្ដេច​ដាវីឌ​ដឹង​ជាមុន​ដូច្នេះ​ បានជា​ថ្លែង​អំពី​ការ​រស់​ឡើង​វិញ​របស់​ព្រះគ្រិស្ដ​ថា​ ព្រះជាម្ចាស់​មិន​ទុក​ព្រះអង្គ​ចោល​ឲ្យ​នៅក្នុង​ស្ថាន​នរក​ឡើយ​ ឬ​ឲ្យ​រូបកាយ​របស់​ព្រះអង្គ​ជួប​ការ​រលួយ​ដែរ​

សូមអានជំពូកពេញលេញ កិច្ចការ 2