10. ស្រុកព្រីគា ស្រុកប៉ាមភីលា ស្រុកអេស៊ីព្ទ និងបណ្ដាស្រុកក្នុងតំបន់លីប៊ីក្បែរតំបន់គីរេន និងពួកអ្នកក្រុងរ៉ូមដែលស្នាក់នៅទីនោះ
11. ព្រមទាំងជនជាតិយូដា ពួកអ្នកចូលសាសនាយូដា អ្នកស្រុកក្រេត និងអ្នកស្រុកអារ៉ាប់។ យើងឮពួកគេប្រកាសអំពីការអស្ចារ្យរបស់ព្រះជាម្ចាស់ជាភាសារបស់យើងផ្ទាល់!»
12. បណ្ដាជននឹកអស្ចារ្យ ទាំងគិតមិនយល់ទាំងអស់គ្នា ក៏សួរគ្នាថា៖ «តើនេះមានន័យយ៉ាងដូចម្ដេច?»
13. ប៉ុន្ដែអ្នកខ្លះទៀតចំអកថា៖ «ពួកនេះផឹកស្រាទំពាំងបាយជូរថ្មីជ្រុលទេតើ»។
14. ពេលនោះលោកពេត្រុសក៏ក្រោកឈរជាមួយពួកសាវកទាំងដប់មួយ ហើយបន្លឺសំឡេងថា៖ «ឱបងប្អូនយូដា និងបងប្អូនទាំងអស់ដែលរស់នៅក្រុងយេរូសាឡិមអើយ! សូមអ្នករាល់គ្នាយល់ពីហេតុការណ៍នេះ ហើយផ្ទៀងស្ដាប់ពាក្យរបស់ខ្ញុំចុះ
15. ដ្បិតអ្នកទាំងនេះមិនបានស្រវឹងដូចជាអ្នករាល់គ្នាស្មាននោះទេ ព្រោះម៉ោងប្រាំបួនព្រឹកនៅឡើយ!
16. ប៉ុន្ដែនេះជាអ្វីដែលលោកយ៉ូអែលជាអ្នកនាំព្រះបន្ទូលបានថ្លែងទុកថា
17. ព្រះជាម្ចាស់មានបន្ទូលថា នៅថ្ងៃចុងក្រោយ យើងនឹងចាក់វិញ្ញាណរបស់យើងលើមនុស្សទាំងអស់ ហើយកូនប្រុសកូនសី្ររបស់អ្នករាល់គ្នានឹងថ្លែងព្រះបន្ទូល ពួកយុវជនរបស់អ្នករាល់គ្នានឹងឃើញនិមិត្ដ រីឯពួកចាស់ៗរបស់អ្នករាល់គ្នានឹងយល់សប្ដិ។
18. នៅគ្រានោះ យើងនឹងចាក់វិញ្ញាណរបស់យើងលើពួកបាវបម្រើរបស់យើង ទាំងប្រុសទាំងស្រី ហើយពួកគេនឹងថ្លែងព្រះបន្ទូល។
19. យើងនឹងបង្ហាញការអស្ចារ្យនៅលើមេឃ ព្រមទាំងទីសំគាល់នៅផែនដី គឺជាឈាម ជាភ្លើង និងកំសួលផ្សែង
20. ហើយដួងអាទិត្យនឹងត្រលប់ជាងងឹត ឯខែនឹងត្រលប់ជាឈាម មុនថ្ងៃដ៏រុងរឿងអស្ចារ្យរបស់ព្រះអម្ចាស់មកដល់
21. ហើយនៅពេលនោះ អស់អ្នកណាដែលអំពាវនាវរកព្រះនាមរបស់ព្រះអម្ចាស់ នោះនឹងទទួលបានសេចក្ដីសង្គ្រោះ។
22. ឱ បងប្អូនអ៊ីស្រាអែលអើយ! សូមស្ដាប់សេចក្ដីទាំងនេះចុះថា ព្រះជាម្ចាស់បានបង្ហាញព្រះយេស៊ូ ជាអ្នកក្រុងណាសារ៉ែតដល់អ្នករាល់គ្នាដោយអំណាច និងការអស្ចារ្យ ព្រមទាំងទីសំគាល់នានាដែលព្រះជាម្ចាស់បានធ្វើតាមរយៈព្រះយេស៊ូនៅកណ្ដាលចំណោមអ្នករាល់គ្នា ដូចដែលអ្នករាល់គ្នាបានដឹងស្រាប់។
23. ព្រះយេស៊ូនេះហើយ ដែលព្រះជាម្ចាស់បានបញ្ជូនមកតាមគោលបំណង និងព្រះតម្រិះជាមុនរបស់ព្រះអង្គដែលបានកំណត់ទុក រីឯអ្នករាល់គ្នាបានឆ្កាងសម្លាប់ព្រះអង្គដោយដៃរបស់ពួកមនុស្សមិនគោរពក្រឹត្យវិន័យ
24. ប៉ុន្ដែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ឡើងវិញ ដោយបំផ្លាញការឈឺចាប់នៃសេចក្ដីស្លាប់ ព្រោះសេចក្ដីស្លាប់គ្មានអំណាចបង្ខាំងព្រះអង្គទុកបានឡើយ។