គម្ពីរសញ្ញាថ្មី

កិច្ចការ 2:1-15 Khmer Christian Bible (KCB)

1. កាល​ដល់​ថ្ងៃ​បុណ្យ​ថ្ងៃ​ទី​ហាសិប​ ពួកគេ​ទាំងអស់​គ្នា​កំពុង​ជួបជុំ​គ្នា​នៅ​កន្លែង​តែ​មួយ​

2. ស្រាប់​តែ​មាន​សំឡេង​មកពី​ស្ថានសួគ៌​ ដូចជា​សន្ធឹក​ខ្យល់​យ៉ាង​ខ្លាំង​ពេញ​នៅក្នុង​ផ្ទះ​ទាំង​មូល​ដែល​ពួកគេ​កំពុង​អង្គុយ​

3. ហើយ​ពួកគេ​បាន​ឃើញ​អ្វី​មួយ​ដូចជា​អណ្ដាត​ភ្លើង​ដែល​បែក​ចេញ​ពី​គ្នា​មក​សណ្ឋិត​លើ​ពួកគេ​ម្នាក់ៗ។​

4. ពួកគេ​ទាំងអស់​គ្នា​ក៏​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ហើយ​ចាប់ផ្ដើម​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​តាម​ដែល​ព្រះវិញ្ញាណ​ផ្ដល់​ឲ្យ។​

5. នៅ​ពេល​នោះ​ មាន​ជនជាតិ​យូដា​ដែល​គោរព​កោតខ្លាច​ព្រះជាម្ចាស់​មក​ពី​គ្រប់​ប្រជាជាតិ​នៅ​ក្រោម​មេឃ​កំពុង​ស្នាក់នៅ​ក្នុង​ក្រុង​យេរូសាឡិម​

6. កាល​បាន​ឮ​សំឡេង​នេះ​ នោះ​បណ្ដាជន​ក៏​នាំ​គ្នា​មក​មើល​ ហើយ​ធ្វើ​ឲ្យ​ពួកគេ​ស្រឡាំង​កាំង​ ព្រោះ​ពួកគេ​ម្នាក់ៗ​បាន​ឮ​អ្នក​ទាំងនោះ​និយាយ​ភាសា​របស់​ពួកគេ​ផ្ទាល់។​

7. ពួកគេ​នឹក​អស្ចារ្យ​ ទាំង​ស្ងើច​សរសើរ​ ហើយ​សួរ​ថា៖​ «មើល៍​ ពួកអ្នក​ដែល​កំពុង​និយាយ​ទាំងអស់​នេះ​ តើ​មិន​មែន​ជា​ពួកអ្នក​ស្រុក​កាលីឡេ​ទេ​ឬ?​

8. ចុះ​ហេតុ​ដូចម្ដេច​បាន​ជា​យើង​ឮ​ពួកគេ​និយាយ​ភាសា​កំណើត​របស់​យើង​រៀងៗ​ខ្លួន​ដូច្នេះ?​

9. គឺ​មាន​អ្នក​ស្រុក​ផារថុស​ អ្នក​ស្រុក​មេឌី​ អ្នក​ស្រុក​អេឡាំ​ និង​ពួកអ្នក​រស់នៅ​ស្រុក​មេសូប៉ូតាមា​ ស្រុក​យូដា​ ស្រុក​កាប៉ាដូគា​ ស្រុក​ប៉ុនតុស​ និង​ស្រុក​អាស៊ី​

10. ស្រុក​ព្រីគា​ ស្រុក​ប៉ាមភីលា​ ស្រុក​អេស៊ីព្ទ​ និង​បណ្ដា​ស្រុក​ក្នុង​តំបន់​លីប៊ី​ក្បែរ​តំបន់​គីរេន​ និង​ពួកអ្នក​ក្រុង​រ៉ូម​ដែល​ស្នាក់នៅ​ទីនោះ​

11. ព្រម​ទាំង​ជនជាតិ​យូដា​ ពួកអ្នក​ចូល​សាសនា​យូដា​ អ្នក​ស្រុក​ក្រេត​ និង​អ្នក​ស្រុក​អារ៉ាប់។​ យើង​ឮ​ពួកគេ​ប្រកាស​អំពី​ការ​អស្ចារ្យ​របស់​ព្រះជាម្ចាស់​ជា​ភាសា​របស់​យើង​ផ្ទាល់!»​

12. បណ្ដាជន​នឹក​អស្ចារ្យ​ ទាំង​គិត​មិន​យល់​ទាំងអស់​គ្នា​ ក៏​សួរ​គ្នា​ថា៖​ «តើ​នេះ​មាន​ន័យ​យ៉ាង​ដូចម្ដេច?»​

13. ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​ចំអក​ថា៖​ «ពួកនេះ​ផឹក​ស្រា​ទំពាំង​បាយជូរ​ថ្មី​ជ្រុល​ទេ​តើ»។​

14. ពេល​នោះ​លោក​ពេត្រុស​ក៏​ក្រោក​ឈរ​ជាមួយ​ពួក​សាវក​ទាំង​ដប់មួយ​ ហើយ​បន្លឺ​សំឡេង​ថា៖​ «ឱ​បងប្អូន​យូដា​ និង​បងប្អូន​ទាំងអស់​ដែល​រស់នៅ​ក្រុង​យេរូសាឡិម​អើយ!​ សូម​អ្នករាល់គ្នា​យល់​ពី​ហេតុការណ៍​នេះ​ ហើយ​ផ្ទៀង​ស្ដាប់​ពាក្យ​របស់​ខ្ញុំ​ចុះ​

15. ដ្បិត​អ្នក​ទាំង​នេះ​មិន​បាន​ស្រវឹង​ដូចជា​អ្នក​រាល់គ្នា​ស្មាន​នោះ​ទេ​ ព្រោះ​ម៉ោង​ប្រាំបួន​ព្រឹក​នៅ​ឡើយ!​

សូមអានជំពូកពេញលេញ កិច្ចការ 2