គម្ពីរសញ្ញាថ្មី

កិច្ចការ 19:4-20 Khmer Christian Bible (KCB)

4. លោក​ប៉ូល​និយាយ​ថា៖​ «លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ ដែល​ជា​ភស្ដុតាង​បង្ហាញ​ពី​ការ​ប្រែចិត្ដ​ ទាំង​ប្រាប់​មនុស្ស​ឲ្យ​ជឿ​លើ​ព្រះអង្គ​ដែល​យាង​មក​ក្រោយ​គាត់​ គឺ​ព្រះយេស៊ូ»​

5. ពេល​ឮ​ដូច្នេះ​ ពួកគេ​ក៏​ទទួល​ពិធី​ជ្រមុជទឹក​ ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​

6. ហើយ​ពេល​លោក​ប៉ូល​ដាក់​ដៃ​លើ​ពួកគេ​ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​យាង​មក​សណ្ឋិត​លើ​ពួកគេ​ រួច​ពួកគេ​ក៏​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ ព្រមទាំង​ថ្លែង​ព្រះបន្ទូល‍​ផង‍។​

7. អ្នក​ទាំង​នោះ​មាន​គ្នា​ប្រហែល​ដប់ពីរ​នាក់។​

8. បន្ទាប់មក​ គាត់​ក៏​ចូល​ទៅ​និយាយ​នៅ​ក្នុង​សាលា​ប្រជុំ​យ៉ាង​ក្លាហាន​អស់​រយៈ​ពេល​បី​ខែ​ ទាំង​ជជែក​វែកញែក​ និង​ពន្យល់​គ្រប់​បែប​យ៉ាង​អំពី​នគរ​ព្រះជាម្ចាស់​

9. ប៉ុន្ដែ​នៅ​ពេល​អ្នក​ខ្លះ​នៅ​តែ​មាន​ចិត្ដ​រឹងរូស​ និង​មិន​ព្រម​ជឿ​ ទាំង​និយាយ​បង្អាប់​មាគ៌ា​នោះ​នៅ​មុខ​បណ្ដាជន​ គាត់​ក៏​ចាកចេញ​ពី​ពួកគេ​ នាំ​យក​ពួក​សិស្ស​ទៅ​ផង​ ហើយ​បង្រៀន​ពួកគេ​ក្នុង​សាលា​របស់​លោក​ទីរ៉ានុស​ជា​រៀង​រាល់​ថ្ងៃ។​

10. គាត់​ធ្វើ​ដូច្នេះ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​ ដូច្នេះ​ហើយ​បាន​ជា​អស់​អ្នក​ដែល​រស់នៅ​ស្រុក​អាស៊ី​ ទាំង​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​

11. ហើយ​ព្រះជាម្ចាស់​បាន​ធ្វើ​ការ​អស្ចារ្យ​ប្លែកៗ​ តាម​រយៈ​ដៃ​របស់​លោក​ប៉ូល​

12. សូម្បី​តែ​កន្សែងដៃ​ ឬ​ក្រមា​ដែល​យក​ចេញ​ពី​ខ្លួន​របស់​គាត់​ទៅ​គ្រប​លើ​ពួក​អ្នកជំងឺ​ នោះ​ពួកគេ​ក៏​បាន​ជា​ពី​ជំងឺ​ ហើយ​ពួក​វិញ្ញាណ​អាក្រក់​ក៏​ចេញ​ដែរ​

13. ដូច្នេះ​ ក៏​មាន​គ្រូ​មន្ដ​អាគម​ជនជាតិ​យូដា​ខ្លះ​ ដែល​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​បាន​ព្យាយាម​ប្រើ​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​ បង្គាប់​លើ​ពួក​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ ដោយ​និយាយ​ថា៖​ «យើង​បង្គាប់​ឯង​ដោយ​នូវ​ព្រះ​យេស៊ូ​ ដែល​លោក​ប៉ូល​ប្រកាស»​

14. ហើយ​កូន​ប្រុស​ទាំង​ប្រាំពីរ​នាក់​របស់​សម្ដេច​សង្ឃ​ជនជាតិ​យូដា​ឈ្មោះ​ស្កេវ៉ា​ ក៏​ធ្វើ​ដូច្នោះ​ដែរ​

15. ប៉ុន្ដែ​វិញ្ញាណ​អាក្រក់​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «មែន​ យើង​ស្គាល់​ព្រះយេស៊ូ​ ហើយ​ក៏​ស្គាល់​ប៉ូល​ដែរ​ ចុះ​ពួក​ឯង​វិញ​ជា​នរណា?»​

16. រួច​មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​លោត​ចូល​ទៅ​សង្គ្រប់​យក​ឈ្នះ​លើ​ពួកគេ​ទាំង​អស់​គ្នា​ រហូត​ធ្វើ​ឲ្យ​ពួកគេ​មាន​របួស​ ហើយ​រត់​ចេញ​ពី​ផ្ទះ​នោះ​ ទាំង​អាក្រាត​

17. រឿង​នេះ​បាន​លេច​ឮ​ដល់​មនុស្ស​ទាំង​អស់​ ដែល​រស់នៅ​ក្នុង​ក្រុង​អេភេសូរ​ ទាំង​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​ផង​ ហើយ​ពួកគេ​ទាំង​អស់​គ្នា​ក៏​មាន​ចិត្ត​កោតខ្លាច​ ទាំង​លើក​តម្កើង​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូ​

18. មាន​អ្នក​ជឿ​ជា​ច្រើន​បាន​ចូល​មក​ទទួល​សារភាព​ និង​លាត​ត្រដាង​ពី​អំពើ​ទាំងឡាយ​របស់​ខ្លួន​

19. ហើយ​ក៏​មាន​ពួក​អ្នក​ធ្វើ​មន្ដ​អាគម​ជាច្រើន​ បាន​ប្រមូល​ក្បួន​តម្រា​របស់​ពួកគេ​មក​ដុត​ចោល​នៅ​ចំពោះ​មុខ​មនុស្ស​គ្រប់​គ្នា។​ តម្លៃ​ក្បួន​តម្រា​ទាំង​នោះ​គិត​ជា​ប្រាក់​មាន​តម្លៃ​សរុប​ប្រាំម៉ឺន​កាក់​ប្រាក់​

20. ដូច្នេះ​ ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ក៏​រីក​ចម្រើន​កាន់​តែ​ខ្លាំង​ និង​យ៉ាង​មាន​អំណាច។​

សូមអានជំពូកពេញលេញ កិច្ចការ 19